ទូកនិង​នាវា​​របស់​ពល​រដ្ឋ​ ឡោម​ព័ទ្ធយាន​អវកាស​ SpaceX ដែល​ទើប​ត្រឡប់មក​ដល់ផែន​ដី​

នាវា​និង​ទូក​ឯក​ជន​ជាច្រើន​គ្រឿង​បាន​នាំ​គ្នា​ចូល​ទៅ​ចត​ក្បែរ​យាន​អវកាស​ Crew Dragon នាំ​ឱ្យ​បុគ្គលិក​របស់​ក្រុម​ហ៊ុន SpaceX ជួប​ការ​លំបាក​ក្នុង​ពេល​នាំ​យក​យាន​នេះ​ត្រឡប់​ទៅក្រុម​ហ៊ុន​វិញ​។

យានអវកាស​ Crew Dragon ឬ​ហៅ​ថា Endeavour របស់​ SpaceX បាន​ចុះ​ចត​នៅលើ​លម្ហ​សមុទ្រ​ Penacola ក្នុង​រដ្ឋ Florida កាល​ពី​ព្រឹក​មិញ (3សីហា នៅកម្ពុជា) បន្ទាប់​ពី​បាន​នាំ​អ្នក​អវកាស​របស់ NASA គឺ​លោក​ Bob Behnken និង​ លោក Doug Hurley ត្រឡប់​​មកកាន់​ផែន​ដី​ ក្រោយ​ពី​បាន​ហោះ​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ និង​ធ្វើ​ការ​នៅ​ទី​នោះ​អស់​រយៈ​ពេល​2​ខែ​។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បាន​ចុះ​ចត​លើ​ផ្ទៃ​សមុទ្រ ទូក​និង​នាវា​តូច​ៗ​ជា​ច្រើន​គ្រឿង​របស់​ពលរដ្ឋ​ បាន​នាំ​គ្នា​ចូល​មក​ក្បែរ​យាន​អវកាស​ ដើម្បី​បាន​ឃើញ​ច្បាស់​ផ្ទាល់​នឹង​ភ្នែក។

“ប្រការ​នេះ​ស្ថិត​នៅក្រោយ​ការ​សន្និដ្ឋាន​របស់​ខ្ញុំ។ បន្ទាប់​ពី​ក្រុម​អ្នក​អវកាស​ និង​យាន​បាន​ចុះ​ចត​ នាវា​ជា​ច្រើន​បាន​នាំ​គ្នា​មក​ដល់​។ ប្រហែល​ជា​ពេល​ក្រោយ យើង​ត្រូវ​ធ្វើឱ្យ​បាន​ល្អ​ជាង​នេះ”។ នេះ​បើ​តាម​លោក​ Jim Bridenstine ប្រធាន​អង្គការ​ NASA។

ក្រុម​អ្នក​ស្រង់​នាវា​របស់​ SpaceX ត្រូវ​បញ្ចេញ​កម្លាំង​ដើម្បី​រុញ​ច្រាន​នាវា​ និង​ទូក​ឯក​ជន​ទាំង​នោះ​ឱ្យ​ចេញ​ឆ្ងាយ​។ ប៉ុន្តែ​ នាវា​ និង​ទូក​មួយ​ចំនួន​ក៏​នៅ​តែ​ក្រាញ​​មិន​ព្រម​ចេញ​ ហើយ​ស្ថិត​​​នៅ​ជា​រង្វង់​មូល​ជុំ​វិញ​នាវា​ Go Navigator ក្នុង​ពេល​ដែលបុគ្គលិក​ធ្វើ​ការ​ប្រមូល​យក​យាន​ចេញ​ពី​ផ្ទៃ​ទឹក​។

នៅក្នុង​ទិដ្ឋ​ភាព​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើទំព័រ ​NASA TV គេ​ឃើញ​មាន​នាវា​និង​ទូក​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​បើក​បរ​ចូល​មក​ក្បែរ​តំបន់​យាន​អវកាស​ ក្នុង​នោះ​មាន​នាវា​ខ្លះ​ថែម​ទាំង​បាន​លើក​ទង់​ និង​បើក​បរ​ជា​រង្វង់​មូល​ជុំ​វិញ​យាន​អវកាស​ទៀត​ផង។ លោក Bridenstine​ ថ្លែង​ថា ក្រុម​ល្បាត​សមុទ្រ​បាន​បិទ​ការ​ចេញ​ចូល​តំបន់​ចុះ​ចត​មុន​នោះ​ ចំណែក​​ដំណើរ​ការ​នៃ​ការ​ចុះ​ចត​លើសមុទ្រ​ក៏​មិន​បាន​ជួប​បញ្ហា​អ្វី​ដែរ​។ នាវា​ Go Navigator របស់​ SpaceX បាន​ស្រង់​យាន​នោះ​ប្រហែល​30​នាទី​ក្រោយ​ការ​ចុះ​ចត​ ក៏ប៉ុន្តែ​នាវា​ និង​ទូក​ឯក​ជន​ជា​ច្រើន​បាន​ទៅដល់​មុន​។

សូម​រំឭក​ថា SpaceX បានចាប់​ផ្ដើម​បេសកកម្ម​ Demo-2 កាល​ពី​ថ្ងៃទី​30​ឧសភា​ ដើម្បី​នាំ​អវកាស​យានិក​ Behnken និង​ Hurley ឡើង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ ISS។ នេះ​គឺជា​ការ​សាក​ល្បង​ជា​លើ​កចុង​ក្រោយ​ មុន​ពេល​ SpaceX ចាប់​ផ្ដើម​ដំណើរ​ការ​ដឹក​​បុគ្គលិក​របស់​ NASA ជា​ផ្លូវ​ការ​ចាប់​ពី​ខែកញ្ញា​2020​។ SpaceX គឺជា​ក្រុម​ហ៊ុន​ឯក​ជន​មួយ​​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ឯក​ជន​ចំនួន​2 (រួម​មាន​ Boeing ផងដែរ) ដែល​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃ​រាប់​ពាន់​លានដុល្លារ​ជាមួយ​នឹង​ NASA ដើម្បី​ដឹក​អវកាស​ចរ​ទៅ​-មក​ រវាង​ផែន​ដី​ និង​ ISS៕

ប្រភព៖ Space

Advertisement