WHO ៖ នឹង​មិនមាន​ “ឱសថ​ទិព្វ” សម្រាប់​ប្រឆាំង​នឹង​COVID-19ឡើយ

WHO ៖ នឹង​មិនមាន​

អង្គ​ការ​សុខភាព​ពិភពលោក​ (WHO) យល់​ថា ដំណោះ​ស្រាយ​ក្នុងការ​កម្ចាត់​COVID-19 មិនមែន​គ្រាន់​តែ​ប្រើប្រាស់​វ៉ាក់​សាំង​ដ៏ល្អ​ឥត​ខ្ជោះ​ណាមួយ​នោះ​ឡើយ​។

នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​3​សីហា មេដឹកនាំ​ WHO បាន​អះអាង​ថា ផ្លូវ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​COVID-19 នៅ​​វែង​អន្លាយ​ទៅ​មុខ​ទៀត​ ហើយ​ប្រទេស​ជា​ច្រើន​នឹង​ត្រូវ​​បង្កើត​យុទ្ធ​សាស្ត្រ​ថ្មី​ដើម្បី​ទប់​ស្កាត់​វីរុស​នេះ​។

ប្រធានាអង្គ​ការ​សុខភាព​ពិភពលោក​ លោក Tedros Adhanom Ghebreyesus និង​ប្រធាន​កម្មវិធី​បន្ទាន់​របស់​ WHO លោក​ Mike Ryan បាន​ផ្ដល់​អនុសាសន៍​ ក៏​ដូច​ជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នានា អនុវត្តវិធានការទប់​ស្កាត់​ការ​ឆ្លង​វីរុស​នេះ ដូច​ជា​ការ​ពាក់​ម៉ាស់​ រក្សា​គម្លាត​សង្គម លាង​ដៃ​ជា​ញឹក​ញាប់​ តាម​ដានករណី​សង្ស័យ និង​ការ​ធ្វើ​តេស្ត​រក​មេរោគ​ឱ្យ​បាន​ច្រើន​ជាង​មុន​។ល។

លោក​ Tedros បាន​សង្កត់​ធ្ងន់​ថា “វ៉ាក់​សាំង​មួយ​ចំនួន​ កំពុង​ស្ថិត​ក្នុង​ការ​សាកល្បង​ដំណាក់​កាល​ទី​3។ ទាំង​អស់​នេះ​សុទ្ធ​តែ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ប្រសិទ្ធ​ភាព​។ ប៉ុន្តែ មិន​មាន​ដំណោះ​ស្រាយ​ងាយ​ស្រួល​ណាមួយ​ដើម្បី​កម្ចាត់​វីរុសនេះ​បាន​ទាំង​ស្រុង​នោះ​ឡើយ ហើយ​លទ្ធ​ភាព​នេះក៏នឹង​មិន​អាច​កើត​មាន​នោះ​ដែរ​”។​

នៅ​ក្នុងគ្រា​ដែល​ពិភពលោក​កំពុង​តែ​រត់​ប្រណាំង​ក្នុងការ​អភិវឌ្ឍ​វ៉ាក់​សាំង លោក Tedros ថ្លែង​ថា មិន​ទាន់​មាន​ប្រការ​ណា​មួយ​ប្រាកដ​ប្រជា​នោះ​ទេ​។ លោក​សង្កត់​ធ្ងន់​ថា “មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ថា យើង​មិន​អាច​ផលិត​បាន​វ៉ាក់​សាំង​ដែល​មាន​ប្រសិទ្ធ​ភាព​ ឬ​ថា​ការ​ការ​ពារ​របស់​វ៉ាក់​សាំង​នឹង​មាន​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។ នៅ​ពេល​ការ​សាក​ល្បង​ព្យាបាល​មិន​ទាន់​ទទួល​បាន​ជោគ​ជ័យ​ នោះយើង​មិនអាច​សន្និដ្ឋាន​អ្វី​ទាំង​អស់​”។

​ប្រធាន​កម្មវិធី​បន្ទាន់​របស់​ WHO លោក​ Mike Ryan បាន​ថ្លែង​ថា “ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ គួរ​តែ​ថយ​ក្រោយ​មួយ​ជំហាន​ និង​ពិនិត្យ​ឡើង​វិញ​នូវ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាក់​ទិន​នឹង​ជំងឺ​រាត​ត្បាត​​នៅ​តាម​បន្ទាត់​ព្រំដែន​របស់​ពួកគេ​”៕

ប្រភព៖ SCMP

Advertisement