រដ្ឋធានី​របស់​លីបង់​ប្រែ​រូប​រាង​ក្រោយ​ករណី​ផ្ទុះ​ដ៏​សាហាវ​ដែល​បាន​សម្លាប់​មនុស្ស​135​នាក់​

រដ្ឋធានី​របស់​លីបង់​ប្រែ​រូប​រាង​ក្រោយ​ករណី​ផ្ទុះ​ដ៏​សាហាវ​ដែល​បាន​សម្លាប់​មនុស្ស​135​នាក់​

រូប​ភាព​ដែល​បាន​ថត​ដោយ​ផ្កាយ​រណប​នៅ​មុន​និង​ក្រោយ​ហេតុ​ការណ៍​ផ្ទុះ​ដ៏​គួរ​ឱ្យ​តក់​ស្លុត​នៅ​ Beirut បង្ហាញ​ថា រដ្ឋ​ធានី​របស់​លីបង់នេះ ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ និង​​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​135​នាក់​ និង​រាប់​ពាន់​នាន់​ផ្សេង​ទៀត​រង​របួស​។

កាល​ពី​ល្ងាច​ថ្ងៃទី​4​សីហា​ ការ​ផ្ទុះ​ដ៏​រន្ធត់​ចំនួន​2​ករណី​បាន​កើត​ឡើង​នៅ​ក្នុង​កំពង់​ផែ​មួយ​នៅ​រដ្ឋធានី​ Beirut នៃ​ប្រទេស​លីបង់​ បង្កើត​បាន​ជាសោកនាដ​កម្ម​យ៉ាង​ធ្ងន់ធ្ងរ​ បណ្ដាល​ឱ្យ​ជីវិត​មនុស្ស​135​នាក់ត្រូវ​បាត់​បង់ និង​ជាង​5,000​​នាក់​ត្រូវ​រង​របួស​ ខណៈ​ដែល​ផ្ទះ​សម្បែង​ស្ទើរ​រាប់​មិន​អស់​រងការខូច​ខាត។

ការ​ខាតបង់​ដែល​កើត​ឡើង​ដោយ​សារ​ហេតុ​ការណ៍​ផ្ទុះ​នេះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មាន​ទំហំ​ជា​ទឹក​ប្រាក់​ឡើង​ដល់ប្រមាណ​ពី​3-5​ពាន់​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន លីបង់​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ក្នុង​ការ​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​​ជន​រងគ្រោះ​ដែល​កំពុង​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​។ តួលេខ​នៃ​ករណី​ស្លាប់​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ឡើង​ជា​បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាងមុខ។

រដ្ឋធានី​ Beirut នៅ​មុន​និង​ក្រោយ​ការ​ផ្ទុះ

បច្ចុប្បន្ន មូល​ហេតុ​ដែល​បង្ក​ឱ្យ​មាន​សោកនាដ​កម្ម​នេះ​ ត្រូវ​បាន​គេ​ជឿ​ថា ដោយ​សារ​សមាស​ធាតុ​អាម៉ូញ៉ូមនីត្រាត (ammonium nitrate) ដែល​គេ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​មួយ​នៅ​ក្នុង​កំពង់​ផែ​តាំង​តែ​ពី​ឆ្នាំ​2014​។ ក្រុម​មន្ត្រី​របស់​ប្រទេស​លីបង់​បាន​ឱ្យ​ដឹង​ថា ស្ទង់​ដា​នៃ​ការ​គ្រប់​គ្រង​សមាស​ធាតុ​ខាង​លើ​នេះ​​គឺ​មិន​អាច​ទទួល​យក​បាន​ ហើយ​ថា​នឹង​ដាក់​ទោស​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ​ទៅ​តាម​ច្បាប់​។

អភិបាល​ក្រុង​ Beirut លោក​ Marwan Abboud កាលពី​ថ្ងៃ​ទី​5​សីហា​បាន​ឱ្យដឹង​ថា​ ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា​ពាក់​កណ្ដាល​នៃ​ទីក្រុង​ត្រូវ​បាន​បំផ្លាញ​ ហើយ​មនុស្ស​រាប់សែន​នាក់​នឹង​មិន​អាច​ត្រឡប់​មក​ផ្ទះ​វិញ​បាន​ក្នុង​រយៈ​ពេល​យ៉ាង​ហោច​ពី​2-3​ខែ​ទៅ​មុខ​។

អភិបាល​ក្រុង​ Beirut លោក​ Marwan Abboud

មន្ទីរ​ពេទ្យចំនួន​4​របស់​ទីក្រុង​ Beirut ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ដោយ​ហេតុ​ការណ៍​ផ្ទុះ​កាល​ពី​ថ្ងៃទី​4​សីហា​ បណ្ដាល​ឱ្យ​វិបត្តិ​សុខ​ភាព​នៅ​លីបង់​កាន់​តែ​ដុន​ដាប​ថែម​មួយ​កម្រិត​ទៀត​​ពី​លើ​ COVID-19។ មន្ទីរ​ពេទ្យ​ជា​ច្រើន​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ថា ពួកគេ​នឹង​មិន​អាច​ទប់​ទល់​បាន​ជាមួយ​នឹង​រលក​នៃ​អ្នក​ជំងឺ​ដែល​នឹង​ចូល​មក​រក​សេវា​ព្យាបាល​នៅ​ពេល​នេះ​។

ប្រភព​៖ Reuters, AFP, Dailymail

Advertisement