ហេតុ​ការណ៍​ផ្ទុះ​នៅ​លីបង់​! អ្នកជំនួញ​រុស្ស៊ី​ត្រូវ​គេ​​សង្ស័យ​ថា​ បាន​ទុក​ចោល​ “គ្រាប់​បែក​អណ្ដែត” នៅ​ឯកំពង់ផែ​ Beirut

ហេតុ​ការណ៍​ផ្ទុះ​នៅ​លីបង់​! អ្នកជំនួញ​រុស្ស៊ី​ត្រូវ​គេ​​សង្ស័យ​ថា​ បាន​ទុក​ចោល​

អ្នកជំនួញ​ជនជាតិ​រុស្ស៊ី​ ឈ្មោះ Igor Grechushkin ត្រូវ​បានគេ​ជឿ​ថា​ បាន​បោះ​បង់​កប៉ាល់​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​សមាស​ធាតុ​អាម៉ូញ៉ូមនីត្រាត (ammonium nitrate) ចំនួន​2,750​តោន​នៅ​ឯកំពង់​ផែ​ Beirut ប្រទេស​លីបង់​ ចាប់​តាំង​ពី​ឆ្នាំ​2013 ដែល​នេះ​បាន​នាំ​ឱ្យ​មាន​ហេតុការណ៍​ផ្ទុះ​ដ៏​រន្ធត់​កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ​។

រដ្ឋធានី​ Beirut នៃ​ប្រទេស​លីបង់​កាល​ពីថ្ងៃទី​4​សីហា​ បាន​ទទួល​រង​គ្រោះ​ដ៏​ធ្ងន់​ធ្ងរ​ដោយ​សារ​ហេតុការណ៍​ផ្ទុះ​ឃ្លាំងផ្ទុក​សមាស​ធាតុ​អាម៉ូញ៉ូមនីត្រាត2,750​តោន។ ករណី​​ផ្ទុះ​​ដែល​​មាន​កម្លាំង​ស្មើ​នឹង​រំសេវ​ TNT ចំនួន​240​តោន​នេះ​ បាន​បំផ្លាញ​ទីក្រុង​ Beirut អស់​ជាង​ពាក់​កណ្ដាល​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​135​នាក់​បាន​បាត់​បង់​ជីវិត​ និង​ជាង​5,000​នាក់​បាន​រង​របួស ព្រម​ទាំង​បង្ក​ការ​ខាត​បង់​គិត​ជា​ទឹក​ប្រាក់​ឡើង​ដល់​5​ពាន់​លាន​ដុល្លារ​អាមេរិក​។

រូប​ថត​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី​5​សីហា​ បង្ហាញ​ថា ឃ្លាំង​លេខ​12​របស់​កំពង់ផែ​ Beirut មាន​ផ្ទុក​ពេញ​ទៅ​ដោយ​​អាម៉ូញ៉ូមនីត្រា​ ដែល​ជា​សមាស​ធាតុ​សម្រាប់​យក​មក​ធ្វើ​ជា​ជី ប៉ុន្តែ​វា​ក៏​អាចក្លាយ​ជា​គ្រឿង​ផ្ទុះ​បាន​ដែរ​នៅ​ពេល​ត្រូវ​បាន​លាយ​ជាមួយ​វត្ថុ​ធាតុ​ដែល​ងាយ​ឆេះ​។ ក្នុង​រូប​ថត​នេះ គេ​ឃើញ​ថា សមាស​ធាតុ​ទាំង​នេះ​មិន​ត្រូវ​បាន​រក្សា​ទុក​ដោយ​សុវត្ថិ​ភាព​នោះ​ទេ​ ពោល​គឺត្រូវ​បាន​ដាក់​នៅ​ក្នុង​ការ៉ុង​ធំៗ​​ និង​ផ្ទុក​គរ​លើ​គ្នា​។

ផលិត​ផល​ដែល​​ត្រូវ​បាន​គេ​ដឹង​ថា ជា​កម្មសិទ្ធិ​របស់​អ្នកជំនួញ​ជនជាតិ​រុស្ស៊ី​ម្នាក់​ឈ្មោះ Igor Grechushkin នេះ ត្រូវ​បាន​ដឹក​តាម​កប៉ាល់​ Rhosus ដែល​ដោត​ទង់​ជាតិ​របស់​ប្រទេស​ម៉ុលដាវី ដោយ​ដឹក​ពី​ប្រទេស​ហ្គ្រូស៊ី​ Gruzia (បច្ចុប្បន្ន​ជា​ប្រទេស​ហ្សកហ្ស៊ី/Georgia) ទៅកាន់​ប្រទេសម៉ូហ្សាំប៊ិក (Mozambique) ដើម្បី​ធ្វើ​ជា​ជី ប៉ុន្តែ​ត្រូវ​បាន​បោះ​បង់ចោល​នៅ​ពេល​ដែល​កប៉ាល់​បាន​ជួប​បញ្ហា​ម៉ាស៊ីន​ខណៈ​កំពុង​ចូល​ចត​នៅ​ឯកំពង់​ផែ​ Beirut កាល​ពី​ខែ​មិថុនា​2013។

អ្នកជំនួញ​ជនជាតិ​រុស្ស៊ី​ ឈ្មោះ Igor Grechushkin

ប្រាក់​ចំណាយ​ដែល​បាន​កើត​មាន​នៅ​ពេល​ចត​ក្នុង​កំពង់​ផែ បាន​នាំ​ឱ្យ​​អ្នកជំនួញ Grechushkin ប្រកាស​ក្ស័យ​ធន រួច​ក៏​បាន​បោះ​បង់​ចោល​កប៉ាល់​នេះ​។ ក្រុម​នាវិក​របស់​កប៉ាល់​នេះ​ រួម​មាន​ជនជាតិ​អ៊ុយ​ក្រែន8​នាក់ និង​រុស្ស៊ី​2​នាក់​ ត្រូវ​បាន​បង្ខំ​ឱ្យ​នៅ​លើ​កប៉ាល់​ដែល​មាន​ផ្ទុក​សមាស​ធាតុ​អាម៉ូញ៉ូមនីត្រាត​រាប់​ពាន់​តោន​នេះ នាំ​ឱ្យ​វា (កប៉ាល់​) ​ត្រូវ​គេ​ហៅ​ថា “គ្រាប់​បែក​អណ្ដែត” នៅ​កំពង់​ផែ Beirut។

អាជ្ញាធរ​នៃ​ប្រទេស​លីបង់​ ក្រោយ​មក​ក៏​បាន​អនុញ្ញាត​ឱ្យ​ក្រុម​នាវិក​6​នាក់​ចាកចេញ​ពី​ប្រទេស​នេះ ចំណែក​មនុស្ស​ក្រៅ​ពី​នេះ​គឺ​ត្រូវ​ជាប់​នៅ​លើ​កប៉ាល់​អស់​រយៈ​ពេល​ជិត​1​ឆ្នាំ​។ អាម៉ូញ៉ូមនីត្រាត​ទាំង​នោះ​ក៏ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កប៉ាល់​ Rhosus ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​លេខ​12​ក្នុង​កំពង់ផែ​រហូត​ដល់​ពេល​វា​ត្រូវ​ផ្ទុះ​។

អ្នកជំនួញជនជាតិ​រុស្ស៊ី Grechushkin បច្ចុប្បន្ន​រស់​នៅ​លើ​កោះ Cyprus ជាមួយ​នឹង​ភរិយា​។ អ្នកជំនួញ​រូប​នេះ រួម​នឹង​ក្រុម​គ្រួសារ​មិន​ទាន់​បាន​បញ្ចេញ​យោបល់​អ្វី​អំពី​បញ្ហា​នេះ​នៅឡើយ​។

អ្នកជំនាញ​ការ​ Raghida Dergham មក​ពី​មន្ទីរ​ Beirut កាលពី​ថ្ងៃ​5​សីហា​បាន​ឱ្យ​ដឹង​ថា “ការ​រក្សា​ទុក​អាម៉ូញ៉ូមនីត្រាត​នៅក្នុង​កំពង់​ផែ​ស៊ីវិល​គឹជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ដូច្នេះ​ត្រូវ​តែ​មាន​ការ​ដាក់​ទោស​ទណ្ឌ​។ ការ​ថ្កោល​ទោស​នឹង​មិន​គ្រប់​គ្រាន់​នោះ​ឡើយ​។ ខ្ញុំ​មាន​សុវត្ថិ​ភាព​ ប៉ុន្តែមាន​សភាព​ទ្រុឌ​ទ្រោម​។ ខ្ញុំ​បាន​បាត់​បង់​មិត្ត​ភក្ដិ និង​ផ្ទះ​។ បើ​សិន​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​ពេល​នោះ ខ្ញុំ​ប្រាកដ​ជា​ស្លាប់​”។

ហេតុ​ការណ៍​ផ្ទុះ​នៅ​លីបង់​! អ្នកជំនួញ​រុស្ស៊ី​ត្រូវ​គេ​​សង្ស័យ​ថា​ បាន​ទុក​ចោល​ "គ្រាប់​បែក​អណ្ដែត" នៅ​ឯកំពង់ផែ​ Beirut
ទិដ្ឋ​ភាព​មួយ​នៅក្នុង​ហេតុការណ៍​ផ្ទុះ​នៅ​លីបង់

គណៈរដ្ឋ​មន្ត្រី​លីបង់​កាលពី​ម្សិលមិញ​បាន​ស្នើ​ឱ្យ​កង​ទ័ព​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ចំពោះ​មន្ត្រី​ទាំង​អស់​ដែល​ទទួល​ខុស​ត្រូវ​លើ​សន្តិ​សុខ​ និង​ការ​រក្សា​ទុក​សមាស​ធាតុ​អាម៉ូញ៉ូមនីត្រាត​នេះ​​ចាប់​ពី​ឆ្នាំ​2014​។ Hassan Koraytem​ ដែលជា​អគ្គនាយក​របស់​កំពង់​ផែ​ Beirut បាន​ឱ្យ​ដឹង​ថា សមាស​ធាតុ​ទាំង​នេះ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​ក្នុង​ឃ្លាំង​តាម​ការ​សម្រេច​របស់​តុលាការ​។

លោក Hassan Koraytem និង​មេដឹកនាំនៃ​អគ្គនាយកដ្ឋានគយ​របស់​លីបង់​ លោក Badri Daher ថ្លែង​ថា ពួកគេ​ធ្លាប់​បាន​ផ្ញើ​លិខិត​ជា​ច្រើន​លើក​ទៅ​កាន់​ស្ថាប័ន​យុត្តិ​ធម៌​ដើម្បី​ស្នើ​សុំ​ឱ្យ​បញ្ជូន​សមាស​ធាតុ​នេះចេញ​ពី​កំពង់​ផែ ក៏ប៉ុន្តែ​មិន​ទទួល​បានការ​យល់​ព្រម​នោះ​ទេ​៕

ប្រភព៖ Daily Mail

Advertisement