Trump ហាមការ​ជួញ​ដូរ​ជាមួយ​ម្ចាស់​ TikTok និង​ WeChat

Trump ហាមការ​ជួញ​ដូរ​ជាមួយ​ម្ចាស់​ TikTok និង​ WeChat

ប្រធានាធិបតី​ Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដែល​ហាម​មិន​ឱ្យ​បុគ្គល​ និង​ស្ថាប័ន​អាមេរិកាំង​ណា​មួយ​ ធ្វើ​ការ​ជួញ​ដូរ​ជាមួយ​ក្រុម​ហ៊ុន​ ByteDance ដែល​ជា​ម្ចាស់​បណ្ដាញ​សង្គម​ TikTok ដោយ​ទុក​ពេល​ឱ្យ​​45​ថ្ងៃ​។

“សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ធ្វើ​សកម្ម​ភាព​ខ្លាំង​ក្លា​ផ្ដោត​ទៅ​លើ​ម្ចាស់​ TikTok ដើម្បី​ការ​ពារ​សន្តិសុខ​ជាតិ​។ បុគ្គល​ ឬ​ទ្រព្យ​សម្បត្តិ​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​បាន​ហាម​មិន​ឱ្យ​ជួញ​ដូរ​ជា​មួយ​ ByteDance ក្រោយ​រយៈ​ពេល​45​ បន្ទាប់​ពី​បទ​បញ្ជា​នេះ​ត្រូវ​បាន​អនុម័ត​” នេះ​បើ​តាម​ខ្លឹម​សារ​ខ្លះ​ៗ​នៅ​ក្នុង​បទ​បញ្ជា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី​6​សីហា​។

លោក​ Trump កាល​ពីថ្ងៃទី​3​សីហា បាន​ថ្លែង​ថា TikTok មាន​ពេល​45​ថ្ងៃ​ក្នុងការ​ដក​ទុន​របស់​ខ្លួន​ និង​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ ByteDance លក់​ភាគ​ហ៊ុន​ និង​សកម្ម​ភាព​របស់​ TikTok នៅ​សហរដ្ឋ​អាមេរិក​​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Microsoft ឬ​ក្រុម​ហ៊ុន​ណា​មួយ​ ពុំ​ដូច្នោះ​ទេ​ បណ្ដាញ​សង្គម​នេះ​នឹង​ត្រូវ​បង្ខំ​ឱ្យ​ដក​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក​ចាប់​ពី​ថ្ងៃទី​15​កញ្ញា។

រដ្ឋមន្ត្រី​ការ​បរទេស​​ លោក Mike Pompeo ក្រោយ​មក​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ចង់​ហាម​រាល់​កម្មវិធី​របស់​ចិន​ដែល​មាន​លក្ខណៈ​ “មិន​គួរ​ជា​ទី​ទុក​ចិត្ត” នៅ​លើ​ហាង​លក់​កម្ម​វិធី​របស់​បណ្ដា​ក្រុម​ហ៊ុន​អ៊ីនធឺណិត​ និង​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​នៅក្នុងប្រទេស​នេះ​។ លោក​ Mike ក៏បាន​ប្រកាស​ថា ទីក្រុង​វ៉ាស៊ីង​តោន​មាន​បំណង​ទប់​ស្កាត់​មិន​ឱ្យ​ដំឡើង​កម្មវិធី​នានា​របស់​សហរដ្ឋ​អាមេរិក​​​ទៅ​ក្នុង​ឧបករណ៍​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន​ ដូច​ជា​ Huawei ជា​ដើម​។

Trump ហាមការ​ជួញ​ដូរ​ជាមួយ​ម្ចាស់​ TikTok និង​ WeChat
Trump ហាមការ​ជួញ​ដូរ​ជាមួយ​ម្ចាស់​ TikTok និង​ WeChat

បច្ចុប្បន្ន TikTok មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ជា​1​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ក្រុម​មន្ត្រី​អាមេរិកាំង​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាំង​ទៅ​លើ​លទ្ធភាព​ដែល​ទីក្រុង​ប៉េកាំង​ប្រើប្រាស់​ TikTok សម្រាប់​គោល​បំណង​ទុច្ចរិត។

ក៏ប៉ុន្តែ ភាគី​ខាង​ TikTok និង ByteDance ក៏​បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ពី​សំណាក់​សហរដ្ឋ​អាមេរិក​។ អគ្គនាយក​របស់​ TikTok ប្រចាំ​អាមេរិកខាងជើង​ អ្នក​ស្រី​ Vanessa Pappasa កាល​ពី​ថ្ងៃទី​1សីហា​ បាន​អះអាង​ថា ក្រុម​ហ៊ុន​នេះ​កំពុង​ប្រឹង​ប្រែង​ដើម្បី​នាំមក​នូវ​ “ផ្នែក​ទន់​ដែល​សុវត្ថិ​ភាព​បំផុត​” ដល់​អ្នក​ប្រើប្រាស់​៕

ប្រភព​៖ AFP

Advertisement