អាជ្ញាធរ Niger កំពុងតាមប្រមាញ់ក្រុមភេរវករ “បាញ់សម្លាប់-ដុតរថយន្ត” សម្លាប់ក្រុមមន្ត្រីមនុស្សធម៌បារាំង

នៅព្រឹកថ្ងៃទី10 សីហា ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ(ទី9សីហា)ម្សិលមិញ វេលាម៉ោងប្រមាណជា11.30នាទី ម៉ោងនៅក្នុងស្រុករបស់ Niger ប្រទេសមួយក្នុងតំបន់អាហ្វ្រិកខាងលិច មានកើតហេតុការណ៍ក្រុមខ្មាន់កាំភ្លើង 1ក្រុមបានបើកម៉ូតូដេញតាមបាញ់រះរថយន្តក្រុមមន្ត្រី របស់អង្គការ ACTED ជាស្ថាប័នឯកជនមិនស្វែងរកប្រាក់កម្រៃ ដែលផ្ដល់ការជួយសង្គ្រោះផ្នែកមនុស្សធម៌ នៅក្នុងទីក្រុងឃូរេ តំបន់ធីរ៉ាបេរី បណ្ដាលឱ្យមានមនុស្សស្លាប់ 8នាក់ ជាបុគ្គលិកអង្គការជនជាតិបារាំង 6នាក់ អ្នកនាំផ្លូវជនជាតិណៃជើរ 1នាក់ និងអ្នកបើករថយន្តម្នាក់ទៀត។ ចំណែកទីភ្នាក់ងារព័ត៌មានBBC បានរាយការណ៍ឱ្យដឹងថា សាកសពជនរងគ្រោះ បានដេកស្លាប់រប៉ាត់រប៉ាយនៅជុំវិញរថយន្តដែលភេរវករបានដុតបំផ្លាញចោល ខណៈដែលប្រធានាធិបតី នៃប្រទេសបារាំង លោក អេមម៉ានូអែល ម៉ាក្រុង បានថ្លែងថ្កោលទោសក្រុមអ្នកបង្កហេតុ ចំណែកប៉ូលិសណៃជើរ កំពុងប្រញាប់ប្រញាល់ស៊ើបអង្កេត និងតាមប្រមាញ់ជនល្មើស ដែលទោះជានៅមិនទាន់ដឹងច្បាស់ថា ជាស្នាដៃរបស់ក្រុមណាក៏ដោយ តែនៅក្នុងតំបន់នោះ មានកងកម្លាំងបំពាក់អាវុធ ក្រុមបូកូហារ៉ាម កំពុងពួនសម្ងំនៅទីនោះ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement