មូលហេតុ​ដែល​នាំ​ឱ្យ​នាយករដ្ឋមន្ត្រីជប៉ុន លាលែងពីតំណែង​

មូលហេតុ​ដែល​នាយករដ្ឋមន្ត្រីជប៉ុន លាលែងពីតំណែង​

នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានប្រកាសថានឹងលាលែងពីតំណែង ដោយសារតែជំងឺ​ផ្ទាល់​ខ្លួន​ ព្រមទាំងមិនចង់ឱ្យបញ្ហាសុខភាពនេះ​ប៉ះពាល់ដល់ការងារសំខាន់របស់រាជរដ្ឋាភិបាល។

លោក Shinzo Abe ដែលបច្ចុប្បន្នមានអាយុ65ឆ្នាំ បានថ្លែងថា៖ “ខ្ញុំបានសម្រេចចិត្តថានឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រី”។ លោកបានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងនោះលោកបានបញ្ជាក់ថា ជំងឺរលាកពោះវៀនធំរបស់លោក បានរើឡើងជាថ្មី។ “ខ្ញុំមិនចង់ឱ្យបញ្ហាជំងឺនាំឱ្យមានការសម្រេចចិត្តខុសក្នុងកិច្ចការសំខាន់ៗ។ ខ្ញុំមិនអាចធ្វើជានាយករដ្ឋមន្ត្រីបានទេ បើសិនមិនអាចសម្រេចចិត្តបានល្អសម្រាប់ប្រជាជន”។

លោក Shinzo Abe បានឱ្យថា សុខភាពរបស់លោកបានទ្រុឌទ្រោមចាប់តាំងពីពាក់កណ្ដាលខែមុន ហើយការព្យាបាលជំងឺពោះវៀនធំគឺត្រូវការពេលវេលាច្រើន និង​ញឹកញាប់ ដែលនេះនឹងមិនមានពេលគ្រប់គ្រាន់សម្រាប់ការដឹកនាំប្រទេសរបស់​លោក​។

លោក Shinzo Abe បានថ្លែងសុំទោសអស់ពីចិត្តចំពោះប្រជាពលរដ្ឋជប៉ុន ព្រោះមិនបានបំពេញកាតព្វកិច្ច​ជាអ្នកដឹកនាំ ហើយថា លោកមិនមានសិទ្ធិក្នុងការជ្រើសរើសអ្នកស្នងតំណែងនេះនោះឡើយ។

លោក Shinzo Abe បានសង្កត់ធ្ងន់ថា លោកជឿជាក់ថា អ្នកឡើងស្នងតំណែងបន្ទាប់​ពី​លោក នឹងត្រូវដោះស្រាយបញ្ហាវិសោធនកម្មរដ្ឋធម្មនុញបែបលទ្ធិសន្តិភាពនិយម ជាបញ្ហាដែលលោកមិនអាចដោះស្រាយបាននៅក្នុងពេលដឹកនាំប្រទេសច្រើន​ឆ្នាំ​កន្លង​មក​នេះ៕

Advertisement