បន្ទាប់ពីលោក Shinzo Abe លា​លែង​ពី​តំណែង​នាយករដ្ឋមន្ត្រីជប៉ុន តើអ្នកណានឹងឡើងមកស្នងតំណែងនេះ?

បន្ទាប់ពីលោក Shinzo Abe លាលែងពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន តើអ្នកណានឹងឡើងមកស្នងតំណែងនេះ?

ដំណឹងនៃការលាលែងពីតំណែងនាយករដ្ឋមន្ត្រីជប៉ុនរបស់លោក Shinzo Abe បាននិងកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ទាំងនៅក្នុងនិងក្រៅប្រទេស ហើយបញ្ហានេះក៏បាននាំឱ្យប៉ះពាល់ដល់ផ្សារមូលបត្រនៅប្រទេសជប៉ុនផងដែរ ក៏ប៉ុន្តែ លោក Shinzo Abe នឹងស្ថិតនៅក្នុងតំណែងនេះរហូតដល់មានអ្នកឡើងមកជំនួស។

លោក Shinzo Abe គឺជាមេដឹកនាំដែលកាន់កាប់តំណែងបានយូរបំផុតនៅប្រទេសជប៉ុន ហើយលោកក៏ធ្លាប់ត្រូវបង្ខំចិត្តលាលែងពីតំណែងម្ដងរួចហើយកាលពីខែកញ្ញា2007 ក្រោយពីបានឡើងគ្រប់គ្រងប្រទេសបានមួយឆ្នាំ ដោយសារតែជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃ។ ក្រោយមក លោកក៏បន្តចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និងបានជាប់ឆ្នោតចាប់ពីឆ្នាំ2012 រហូតដល់បច្ចុប្បន្ន ប៉ុន្តែលោក Abe នៅតែបន្តព្យាបាលជំងឺដដែល។

ក្រុមអ្នកសារព័ត៌មានដែលធ្លាប់បានជួបសម្ភាសជាមួយលោកកាលពីពេលថ្មីៗនេះបានឱ្យដឹង សុខភាពរបស់លោក Abe មានសភាពទ្រុឌទ្រោមខ្លាំង ហើយសំឡេងនិយាយរបស់លោកក៏មានសភាពខ្សោយផងដែរ។

កាលពីថ្ងៃទី17សីហា លោក Abe ធ្លាប់ទៅកាន់មន្ទីរពេទ្យនៅទីក្រុងតូខ្យូដោយមិនបានប្រាប់មុន ព្រមទាំងបានស្ថិតនៅក្នុងមន្ទីរពេទ្យជាង7ម៉ោងទៀតផងដើម្បីពិនិត្យសុខភាព។ ក្រោយមក លោកក៏បានបន្តទៅពេទ្យម្ដងទៀតដើម្បីពិនិត្យជំងឺបន្ថែម។

លោក​ Shinzo Abe មាន​បញ្ហា​សុខ​ភាព​តាំង​តែ​ពី​យូរណាស់​មក​ហើយ ដូច្នេះ​លោក​មិន​ចង់​ឱ្យ​បញ្ហា​នេះ​ប៉ះពាល់​ដល់​កិច្ច​ការ​ដឹក​នាំ​ប្រទេស​ជាតិ​របស់​លោក​

ដំណឹងស្ដីអំពីការលាលែងរបស់លោក Abe បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ទាំងនៅក្នុងជួរបក្សកាន់អំណាច ទាំងទីផ្សារហិរញ្ញវត្ថុ បណ្ដាលឱ្យតម្លៃភាគហ៊ុនជប៉ុនត្រូវដាំក្បាលចុះ គួរឱ្យព្រួយបារម្ភ។

Tomomi Inada ដែលជាតំណាងរាស្ត្រជាន់ខ្ពស់ម្នាក់ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Abe បានឱ្យដឹងថា នាយករដ្ឋមន្ត្រីបានប្រកាសអំពីគម្រោងនេះនៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយរបស់បក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច។ លោកស្រី Tomomi Inada ថ្លែងថា៖ “ខ្ញុំបានដឹងអំពីគម្រោងរបស់គាត់។ ពិតជាបន្ទាន់ និងគួរឱ្យភ្ញាក់ផ្អើលណាស់។ ខ្ញុំពិតជានឹកស្មានមិនដល់ទាល់តែសោះ”។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Taro Aso

លោកស្រី Tomomi Inada បន្តថា លោក Abe នឹងបន្តគ្រប់គ្រងតំណែងរហូតដល់អ្នកស្នងតំណែងរបស់លោកត្រូវបានជ្រើសរើស។ ការជ្រើសរើសអ្នកស្នងតំណែងនេះអាចត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតជ្រើសរើសពីសំណាក់តំណាងរាស្ត្រ និងសមាជិករបស់បក្សប្រជាធិបតេយ្យសេរី។ ក្នុងចំណោមរដ្ឋមន្ត្រីនិងមន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាលជប៉ុន គេឃើញមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Taro Aso និងប្រធានការិយាល័យគណៈរដ្ឋមន្ត្រី Yoshihide Suga គឺ ជាបេក្ខភាពដែលមានសក្ដានុពលជាងគេ ដែលអាចឡើងស្នងតំណែងជំនួសលោក Abe បាន។

ប្រធានការិយាល័យគណៈរដ្ឋមន្ត្រី លោក​ Yoshihide Suga

ទាក់ទិននឹងការលាលែងរបស់លោក Shinzo Abe កូរ៉េខាងត្បូង ថ្មីៗនេះបានប្រកាសថា ប្រទេសនេះមានការសោកស្ដាយជាខ្លាំងនៅពេលបានទទួលដំណឹងនេះ ហើយថា កូរ៉េខាងត្បូងនឹងនៅតែបន្តសហការជាមួយនាយករដ្ឋមន្ត្រីថ្មីដែលនឹងឡើងមកជំនួសលោក Shinzo Abe នាពេលដ៏ខ្លីខាងមុខ៕

ប្រភព៖ Reuters

Advertisement