TikTok ត្រូវតែសុំច្បាប់ចិន បើសិនជាចង់លក់ទៅឱ្យក្រុមហ៊ុនណាមួយ

ប្រទេសចិនទើបតែបានចេញច្បាប់កំណត់ថ្មីមួយអំពីការនាំចេញផលិតផលបច្ចេកវិទ្យា នាំឱ្យក្រុមហ៊ុន ByteDance ជួបការលំបាកធ្ងន់ធ្ងរនៅពេលត្រូវសុំការអនុញ្ញាតពីរដ្ឋាភិបាលចិន ទើបមានសិទ្ធិលក់ TikTok។

យោងតាមប្រភពព័ត៌មានរបស់ Bloomberg បច្ចេកវិទ្យា AI interface technology ដូចជាបច្ចេកវិទ្យាកំណត់សម្គាល់សំឡេង និងកំណត់សម្គាល់អក្សរ ក៏ដូចជាបណ្ដាបច្ចេកវិទ្យាវិភាគទិន្នន័យដើម្បីបង្ហាញអំពីខ្លឹមសារដែលត្រូវបានធ្វើឱ្យទៅជាឯកជនភាព (personalized) ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃបណ្ដាផលិតផលដែលត្រូវត្រួតពិនិត្យ មុននឹងនាំចេញ។ នេះគឺជាសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី21សីហា។ ច្បាប់នេះបានកំណត់ថា ការលក់ផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យាដូចបានរៀបរាប់ខាងដើម ទៅឱ្យបរទេស គឺត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរចិន ដើម្បី “ការពារសន្តិសុខសេដ្ឋកិច្ចជាតិ”។

ដូច្នេះ ការកំណត់ថ្មីខាងលើនេះ រួមបញ្ចូលទាំងបណ្ដាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកបច្ចេកវិទ្យាដែល ByteDance កំពុងប្រើប្រាស់នៅក្នុង TikTok នឹងត្រូវបានបង្គាប់ឱ្យសុំច្បាប់រដ្ឋាភិបាល បើសិនជាចង់លក់ទៅឱ្យក្រុមហ៊ុនដទៃ។ Bloomgerg បានឱ្យដឹងថា ការកំណត់ថ្មីនេះ គឺក្នុងបំណងពន្យារពេលការលក់ ពោលគឺមិនមែនហាមទាំងស្រុងនោះឡើយ។

Advertisement

កន្លងមក រដ្ឋាភិបាលរបស់លោក Donald Trump បានឱ្យដឹងថា ByteDance ត្រូវតែលក់ TikTok នៅសហរដ្ឋអាមេរិក ព្រោះតែព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ។ ក្រុមហ៊ុន Microsoft និង Oracle ថ្មីៗនេះ ក៏បានផ្ញើឯកសារចុះឈ្មោះចូលរួមដេញថ្លៃទិញ TikTok នៅសហរដ្ឋអាមរិកផងដែរ។ ជាងនេះ ក្រុមហ៊ុន Centricus Asset Management និង ក្រុមហ៊ុន Triller ក៏បានបង្ហើបអំពីបំណងទិញយក TikTok នៅប្រទេសមួយចំនួន ក្នុងតម្លៃ20ពាន់លានដុល្លារអាមេរិក។

លោក​ Chang Yiming ស្ថាបនិក​នៃ​ក្រុមហ៊ុន​ ByteDance ដែល​ជា​ម្ចាស់​កម្ម​សិទ្ធិ​របស់​ TikTok
លោក​ Chang Yiming ស្ថាបនិក​នៃ​ក្រុមហ៊ុន​ ByteDance ដែល​ជា​ម្ចាស់​កម្ម​សិទ្ធិ​របស់​ TikTok

ក្រុមហ៊ុន ByteDance បានឱ្យដឹងថា ខ្លួនបានទទួលដំណឹងស្ដីអំពីការកំណត់ថ្មីរបស់រដ្ឋាភិបាលចិនរួចហើយ។ ភាគី ByteDance បញ្ជាក់ថា ក្រុមហ៊ុននេះនឹង “គោរពតាមដោយពេញលេញ” ចំពោះការកំណត់ថ្មីនេះ។

អ្នកជំនាញការទាក់ទិននឹងបញ្ហាខាងលើដែលសុំមិនបញ្ចេញឈ្មោះ យល់ថា ការកំណត់ថ្មីរបស់ទីក្រុងប៉េកាំង នឹងធ្វើឱ្យមានភាពយឺតយ៉ាវ ហើយអាចបំផ្លាញរាល់ការជួញដូរទាំងអស់របស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។ ដំណើរការនៃការត្រួតពិនិត្យ និងស្រាវជ្រាវទៅលើករណីសុំច្បាប់សម្រាប់ការជួញដូរដែលពាក់ព័ន្ធនឹងច្បាប់កំណត់ថ្មីនេះ ក៏នឹងត្រូវចំណាយពេលច្រើន ដូច្នេះ កិច្ចព្រមព្រៀងរបស់ TikTok ជាមួយនឹងក្រុមហ៊ុនដទៃនឹងអាចត្រូវពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតសកលក្នុងខែវិច្ឆិកានៅសហរដ្ឋអាមេរិក៕

ប្រភព៖ Bloomberg

Advertisement