អាចម៍ផ្កាយមានទំហំធំជាងប្រាសាទ Great Pyramid ដល់ទៅជិត2ដង ហោះមកជិតដល់ផែនដីយើងហើយ!

អាចម៍ផ្កាយមានទំហំធំជាងប្រាសាទ Great pyramid ដល់ទៅជិត2ដង ហោះមកជិតដល់ផែនដីយើងហើយ!

អាចម៍ផ្កាយមួយដែលមានឈ្មោះថា 465824 (2010 FR) នឹងហោះកាត់មុខផែនដីនៅថ្ងៃទី6កញ្ញាខាងមុខ ដែលនេះគឺជាការព្យាកររបស់ទីភ្នាក់ងារអវកាសអាមេរិក (NASA)។

NASA កំពុងតែតាមដានអាចម៍ផ្កាយ 465824 ដែលជិតហោះកាត់មុខផែនដីក្នុងល្បឿន50,533គីឡូម៉ែត្រ/ម៉ោង។ អាចម៍ផ្កាយនេះស្ថិតក្នុងបញ្ជីនៃបណ្ដាអាចម៍ផ្កាយដែលមានទីតាំងនៅក្បែរៗផែនដី (NEO) របស់ NASA។ អាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយទាំងឡាយណាដែលស្ថិតនៅក្នុងរង្វង់1.3នៃឯកតាតារាសាស្ត្រ (Astronomical unit) គឺសុទ្ធតែស្ថិតក្នុងបញ្ជី NEO ប៉ុន្តែ មិនមែនមានន័យថា ពួកវាសុទ្ធតែនឹងបង្កគ្រោះថ្នាក់ដល់ភពផែនដីនោះឡើយ។

អាចម៍ផ្កាយ 465824 មានមុខកាត់ចាប់ពី120-270ម៉ែត្រ ដែលមានទំហំធំជាងមហាប្រាសាទពីរ៉ាមីតនៅអាហ្ស៊ីប (Great Pyramid of Giza) ដល់ទៅជិត2ដងឯណោះ។

ក្រុមអ្នកតារាសាស្ត្រនៅទូទាំងពិភពលោក កំពុងតែតាមដានអាចម៍ផ្កាយ ផ្កាយដុះកន្ទុយ និងកូនភពចំនួនជិត2,000 ដែលអាចបង្កគ្រោះថ្នាក់ដល់ផែនដី។ ផែនដីមិនទាន់បានជួបមហាសោកនាដកម្មណាមួយដែលកើតឡើងដោយសារការធ្លាក់អាចម៍ផ្កាយនៅឡើយ រាប់ចាប់ពីហេតុការណ៍ធ្លាក់អាចម៍ផ្កាយដែលបានផ្ដាច់ពូជសត្វដាយណូស័រកាលពី66លានឆ្នាំមុន៕

ប្រភព៖ Daily Star

Advertisement