កូរ៉េខាងជើង បញ្ជាឱ្យបាញ់សម្លាប់ចោលទាំងអស់ អ្នកណាដែលចូលមកជិតព្រំដែនចម្ងាយ 1គ.ម៉ ដើម្បីទប់ស្កាត់កូវីដ-19 ចូលប្រទេស

កាលពីថ្ងៃទី1 ខែកញ្ញា Radio Free Asia បានរាយការណ៍ថា កូរ៉េខាងជើង បានបញ្ជាឱ្យទាហាន និងប៉ូលិសបាញ់ភ្លាមៗទៅលើអ្នកណាក៏ដោយ ដែលស្ថិតនៅក្បែរព្រំដែនកូរ៉េខាងជើង និងចិនក្នុងរយៈចម្ងាយ 1គីឡូម៉ែត្រ ដើម្បីបញ្ឈប់ការឆ្លងរាលដាលរបស់មេរោគកូវីដ-19។

ប្រភពព័ត៌មានរដ្ឋបាលកូរ៉េខាងជើង បានដឹងវិធានការដ៏ម៉ឹងម៉ាត់ថ្មីនេះមិនដល់ 1ថ្ងៃផង មុននឹងបទបញ្ជានេះត្រូវបានដាក់ឱ្យប្រើ កាលពីកណ្ដាលអធ្រាត្រនៃថ្ងៃព្រហស្បតិ៍ ទី27សីហា។ ប៉ូលិសនៅក្នុងតំបន់ហាំយ៉ង់ខាងជើង ភាគខាងកើតឆៀងខាងជើង បានបញ្ជាក់ថា ខ្លួននឹងបាញ់សម្លាប់មនុស្សគ្រប់រូបដែលស្ថិតក្បែរព្រំដែនក្នុងរយៈចម្ងាយដូចខាងលើ មិនថាអ្នកទាំងនោះ នៅត្រង់នោះដោយមូលហេតុអ្វីក៏ដោយ។

រដ្ឋបាលកូរ៉េខាងជើងកំពុងបញ្ជូនគ្រាប់កាំភ្លើងទៅគាំទ្រប៉ូលិសព្រំដែន ហើយប្រភពព័ត៌មាន បានបញ្ជាក់ទៀតថា នឹងមិនចាំបាច់មានអ្នកណាត្រូវទទួលខុសត្រូវ លើការបាញ់សម្លាប់មនុស្សក្នុងរយៈចម្ងាយខាងលើនៅតាមព្រំដែននោះឡើយ។

កូរ៉េខាងជើង ថែមទាំងបានដាក់បទបញ្ជាឱ្យប្រើគោលការណ៍ទាំងនោះនៅតាមបណ្ដោយព្រំដែនទាំងអស់ប្រវែង 1,287គីឡូម៉ែត្រទៀតផង ដើម្បីព្យាយាមការពារការឆ្លងរាលដាលនៃមេរោគកូវីដ-19 ពីអ្នកផ្ទុកមេរោគដែលមកពីប្រទេសចិន និងបញ្ជាឱ្យប្រើវិធានការនេះ រហូតទាល់តែការឆ្លងរាលដាលដ៏ធំនេះបាត់អស់ទៅវិញ។

ទោះជាចិន និងកូរ៉េខាងជើង បានបញ្ជាឱ្យបិទព្រំដែន និងផ្អាកការធ្វើពាណិជ្ជកម្មរវាងគ្នាក្ដី តែក៏នៅតែមានការឆ្លងព្រំដែនទៅ-មកដដែល ដោយសារតែកូរ៉េខាងជើងត្រូវពឹងអាស្រ័យលើទំនិញនាំចូលរត់ពន្ធ ដែលយកមកពីប្រទេសចិន រហូតដល់លោក គីម ជុងអ៊ុន មេដឹកនាំខ្ពស់បំផុតរបស់ប្រទេសមួយនេះ ខឹងសម្បាយ៉ាងខ្លាំង និងបានរំលាយអង្គភាពយោធាដែលទទួលខុសត្រូវព្រំដែន ត្រង់ចំណុចដែលមានជនភៀសខ្លួនលបលួចរត់គេចចេញទៅ និងត្រឡប់ចូលមកកូរ៉េខាងជើងវិញដោយមិនត្រូវបានចាប់ខ្លួន។

ទាហានក្នុងកងកម្លាំងពិសេស ត្រូវបានបញ្ជូនទៅជួយអន្តរាគមន៍ តែការងារចម្បង គឺទៅពិនិត្យមើលការទុច្ចរិត ក្រោយពីមានរបាយការណ៍ថា មានអ្នកលបលួចរត់ពន្ធទំនិញ បានសូកលុយទាហានព្រំដែន ដើម្បីឱ្យបំបិទភ្នែក ធ្វើមិនដឹងមិនឮពីការលបលួចនាំយកទំនិញរត់ពន្ធឆ្លងព្រំដែនរបស់ពួកគេ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បទបញ្ជាបន្ទាន់ខាងលើ បានកំណត់ឱ្យកងទាហានដែលប្រតិបត្តិតួនាទីការពារព្រំដែន បោះចោលគ្រាប់កាំភ្លើងគ្មានក្បាលគ្រាប់ តែឱ្យដាក់តាមខ្លួននូវគ្រាប់កាំភ្លើងពិត ដោយរដ្ឋបាលបានបញ្ជូនកងកម្លាំងពិសេស ដែលមានឈ្មោះល្បីល្បាញ ទៅប្រចាំការនៅតាមបណ្ដោយព្រំដែន ដើម្បីការពារព្រំដែន និងអនុវត្តតាមបទបញ្ជាខាងលើ ទោះជាអ្នកទៅក្បែរព្រំដែននោះ ជាអ្នកណាក៏ដោយ។

ប្រទេសកូរ៉េខាងជើង បានអះអាងថា ខ្លួនជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលគ្មានមេរោគវីរុសកូរ៉ូណាប្រភេទថ្មី2019 គ្មានរបាយការណ៍អ្នកឆ្លងមេរោគ សូម្បីតែម្នាក់ និងច្បាស់លាស់ម៉ឺងម៉ាត់យ៉ាងខ្លាំងជាមួយការរក្សាស្ថានភាពនេះ ក្រោមការសង្ស័យយ៉ាងទូលំទូលាយថា មានការលាក់បាំងព័ត៌មានពិត។

កាលពីពេលថ្មីៗនេះ ជនជាតិកូរ៉េខាងជើង បានទទួលការផ្ដល់ដំណឹងថា សត្រូវកំពុងព្យាយាមជ្រៀតព្រំដែនចូលមក ដោយការបញ្ជូនមេរោគវីរុសឆ្លងព្រំដែន ខណៈដែលអាជ្ញាធរ បានបញ្ជាក់ពីភាពចាំបាច់ក្នុងការសាងការយល់ដឹង និងសាងប្រព័ន្ធរាយការណ៍អំពីទង្វើ ឬកិច្ចការងារណាដែលខុសប្រក្រតីនៅជិតទីតាំងដែលចិន និងកូរ៉េខាងជើងប្រសព្វគ្នា។

ប្រភពព័ត៌មានផ្ទៃក្នុង បានឱ្យដឹងថា មន្ត្រីសុខាភិបាលជើងចាស់កូរ៉េខាងជើង ត្រូវបានបណ្ដេញចេញ ដោយសារតែមិនអាចទប់ស្កាត់វីរុសបាន ក្រោយពីមានរបាយការណ៍ថា វីរុសបានចម្លងសាយភាយនៅក្នុងតំបន់ 3ផ្នែករបស់កូរ៉េខាងជើង រួមទាំងទីក្រុងធំៗផង ហើយទីក្រុងឃែសុង ត្រូវបានបិទទាំងស្រុង កាលពីខែកក្កដា ដោយសារតែខ្លាចការឆ្លងរាលដាល៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement