លិចកប៉ាល់ដឹកមនុស្ស43នាក់ និងគោជិត6,000ក្បាលនៅកណ្ដាលសមុទ្រ

កងកម្លាំងល្បាតសមុទ្របានរកឃើញជនរងគ្រោះម្នាក់ដែលនៅមានជីវិត ក្រោយពីមានហេតុការណ៍លិចកប៉ាល់ដែលដឹកមនុស្សចំនួន43នាក់ និងគោជិត6,000ក្បាល នៅលើសមុទ្រជប៉ុន។

កប៉ាល់ Gulf Livestock 1 បានបញ្ចេញសញ្ញាសុំឱ្យជួយសង្គ្រោះបន្ទាន់កាលពីវេលាទៀបភ្លឺថ្ងៃទី2កញ្ញា នៅក្នុងតំបន់ដែលមានចម្ងាយពីកោះ Amami Sohima របស់ជប៉ុនប្រមាណជា185គីឡូម៉ែត្រទៅទិសខាងលិច។ នៅវេលាទៀបភ្លឺនោះដែរ កងកម្លាំងល្បាតសមុទ្ររបស់ជប៉ុនបានរកឃើញជនរងគ្រោះម្នាក់នៅមានជីវិត។ ជនរងគ្រោះនេះគឺជាបុរសមានសញ្ជាតិហ្វីលីពីន អាយុ45ឆ្នាំ។

មូលហេតុដំបូងត្រូវបានគេជឿថា ដោយសារម៉ាស៊ីនរបស់កប៉ាល់នេះលែងដំណើរការបាន ហើយកប៉ាល់ក៏ត្រូវរលកសមុទ្រវាយពន្លិចចូលក្នុងទឹកសមុទ្រ។ បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីសេចក្ដីលម្អិតនៅឡើយ ប៉ុន្តែ ជងរងគ្រោះខាងលើនិយាយថា ខ្លួនមិនបានឃើញជនរងគ្រោះណាម្នាក់នោះឡើយនៅពេលកំពុងរង់ចាំការជួយសង្គ្រោះ។

ទូកកៅស៊ូមួយគ្រឿងត្រូវបានប្រទះឃើញក្នុងតំបន់កើតហេតុ នៅពេលកងកម្លាំងល្បាតសមុទ្រជប៉ុនបានរកឃើញជនរងគ្រោះម្នាក់ខាងលើ ប៉ុន្តែ អាជ្ញាធរជប៉ុនមិនទាន់កំណត់ច្បាស់ថា វាជាប់ទាក់ទិននឹងហេតុការណ៍លិចកប៉ាល់នេះដែរ ឬយ៉ាងណានៅឡើយ៕

ប្រភព៖ AFP

Advertisement