ប្រទេស Palau ​អញ្ជើញ​សហរដ្ឋ​អាម៉េរិក​ឱ្យ​បោះ​ទ័ពលើទឹកដីរបស់ខ្លួន ខណៈចិនកំពុងពង្រីកឥទ្ធិពលក្នុងតំបន់

ប្រទេស Palau អញ្ជើញអាម៉េរិកឱ្យបោះទ័ពលើទឹកដីរបស់ខ្លួន ខណៈចិនកំពុងពង្រីកឥទ្ធិពលក្នុងតំបន់
ប្រធានាធិបតីនៃប្រទេស Palau លោក Tommy Remengesau (ឆ្វេង) និង​លោក Esper

ប្រទេស Palau ដែលមានទីតាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក បានស្នើឱ្យសហរដ្ឋអាម៉េរិក មកតាំងមូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួន ស្របពេលដែលប្រទេសចិនកំពុងតែពង្រីកឥទ្ធិពលនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក។

ប្រធានាធិបតីនៃប្រទេស Palau លោក Tommy Remengesau ក្នុងសប្ដាហ៍នេះបានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក Mark Esper ដើម្បីស្នើឱ្យកងទ័ពសហរដ្ឋអាម៉េរិក មកតាំងមូលដ្ឋាននៅលើទឹកដីរបស់ខ្លួន ដែលជាកោះមួយនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក និងមានចម្ងាយប្រមាណជា1,500គីឡូម៉ែត្រទៅទិសខាងកើតនៃប្រទេសហ្វីលីពីន។

ប្រធានាធិបតី Remengesau បានសរសេរថា៖ “ការស្នើរបស់ Palau ចំពោះកងទ័ពអាម៉េរិកាំង គឺសាមញ្ញណាស់ ចូរបង្កើតមូលដ្ឋានទ័ពប្រើប្រាស់រួម ក្រោយមក កងទ័ពសហរដ្ឋអាម៉េរិកអាចមក និងប្រើប្រាស់បានគ្រប់ពេល”។

ប្រធានាធិបតីនៃប្រទេស Palau អះអាងថា ប្រទេសកោះដែលមានប្រជាជនប្រមាណ22,000នាក់នេះ ត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ទីតាំងដីគោក កំពង់ផែ និងព្រលានយន្តហោះទៅឱ្យកងទ័ពសហរដ្ឋអាម៉េរិក។ ទន្ទឹមនឹងនេះ Palau ក៏ស្នើឱ្យកងកម្លាំងល្បាតសមុទ្រសហរដ្ឋអាម៉េរិក បង្ហាញវត្តមាននៅជុំវិញប្រទេស Palau ដើម្បីជួយការពារដែនសមុទ្រនៃប្រទេសនេះផងដែរ។

ប្រធានាធិបតីនៃប្រទេស Palau លោក Tommy Remengesau
ប្រធានាធិបតីនៃប្រទេស Palau លោក Tommy Remengesau

រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាម៉េរិក លោក Esper កាលពីសប្ដាហ៍មុន បានទៅធ្វើទស្សនកិច្ចនៅប្រទេស Palau ជាកន្លែងដែលលោកបានសម្ដែងសុន្ទរកថា ចោទប្រទេសចិនថា កំពុងធ្វើសកម្មភាពបង្កអស្ថិរភាពនៅមហាសមុទ្រប៉ាស៊ីហ្វិក។

Palau គឺជាប្រទេសឯករាជ្យមួយ ប៉ុន្តែមិនមានកងទ័ពនោះទេ ហើយសហរដ្ឋអាម៉េរិកទទួលខុសត្រូវក្នុងការការពារប្រទេសនេះទៅតាមសន្ធិសញ្ញា Compact of Free Association (COFA)។ តាមរយៈសន្ធិសញ្ញានេះ កងទ័ពសហរដ្ឋអាម៉េរិកមានសិទ្ធិក្នុងការពង្រាយកងទ័ពរបស់ខ្លួននៅ Palau ក៏ប៉ុន្តែបច្ចុប្បន្ននេះ ពុំវត្តមានកងទ័ពអាម៉េរិកាំងប្រចាំការនៅទីនេះនោះទេ។

ប្រធានាធិបតី Remengesau ថ្លែងថា៖ “យើងគួរតែប្រើប្រាស់យន្តការនៃសន្ធិសញ្ញា COFA ដើម្បីជំរុញឱ្យមានវត្តមានកងទ័ពសហរដ្ឋអាម៉េរិកនៅប្រទេស Palau ជាអចិន្ត្រៃយ៍។ កងទ័ពអាម៉េរិកាំង មានសិទ្ធិក្នុងការបង្កើតមូលដ្ឋានការពារនៅសាធារណរដ្ឋ Palau”។

ប្រទេស Palau អញ្ជើញអាម៉េរិកឱ្យបោះទ័ពលើទឹកដីរបស់ខ្លួន ខណៈចិនកំពុងពង្រីកឥទ្ធិពលក្នុងតំបន់
ទិដ្ឋ​ភាព​កោះ​មួយ​ចំនួន​របស់​ប្រទេស​ Palau

លោក Remengesau យល់ថា មូលដ្ឋានទ័ពរបស់សហរដ្ឋអាម៉េរិកនៅ Palau មិនត្រឹមតែជួយបង្កើនសមត្ថភាពការពារខ្លួនរបស់សហរដ្ឋអាម៉េរិកនោះទេ តែក៏ជួយលើកកម្ពស់សេដ្ឋកិច្ចជាតិរបស់កោះនេះផងដែរ ខណៈដែលកោះនេះកំពុងជួបការលំបាកខ្លាំងក្នុងសម័យ COVID-19 ដែលបានរារាំងសកម្មភាពទេសចរណ៍ និងវិស័យផ្សេងៗរបស់ប្រទេសនេះ។

កោះ Palau ធ្លាប់ជាទីតាំងដែលកើតមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពសហរដ្ឋអាម៉េរិក និងកងទ័ពជប៉ុន នៅក្នុងសង្គ្រាមលោកលើកទីII។ ក៏ប៉ុន្តែ ក្រោយសង្គ្រាមនេះ ទីក្រុងវ៉ាស៊ីងតោនបានផ្ដោតទៅលើមូលដ្ឋានទ័ពនៅហ្វីលីពីន និងកោះ Guam។ មូលដ្ឋានរ៉ាដាយោធាមួយរបស់សហរដ្ឋអាម៉េរិក ត្រូវបាន​រៀប​គម្រោង​សាង​សង់រួចហើយ ប៉ុន្តែត្រូវបានពន្យារពេលទៅវិញដោយសារCOVID-19។

ប្រទេស Palau អញ្ជើញអាម៉េរិកឱ្យបោះទ័ពលើទឹកដីរបស់ខ្លួន ខណៈចិនកំពុងពង្រីកឥទ្ធិពលក្នុងតំបន់
ផែន​ទី​នៃ​ទី​តាំង​ប្រទេស​ Palau

នៅក្នុងដំណើរទស្សនាកិច្ចមិនដល់3ម៉ោងរបស់លោក Esper ទៅកាន់ប្រទេស Palau កាលពីសប្ដាហ៍មុន លោក Remengesau បានថ្លែងថា ប្រទេសចិនកំពុងផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដើម្បីអូសទាញបណ្ដាប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក។

ក៏ប៉ុន្តែ អ្នកនាំពាក្យនៃក្រសួងការបរទេសចិន លោកស្រី Hua Chunying ធ្លាប់បានថ្លែងថា ពុំមានភ័ស្ដុតាងណាមួយបង្ហាញថា ទីក្រុងប៉េកាំងទទួលខុសត្រូវក្នុងការផ្ដល់ប្រាក់កម្ចីមិនមានស្ថិរភាពទៅឱ្យបណ្ដាប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកនោះឡើយ៕

ប្រភព៖ AFP

Advertisement