ប្រទេសម៉ិកស៊ិកអស់សំបុត្រ​បញ្ជាក់​មរណភាពដោយសារCOVID-19

ប្រទេសម៉ិកស៊ិកអស់សំបុត្របញ្ជាក់មរណភាពដោយសារCOVID-19

ក្រសួងសុខាភិបាលនៃប្រទេសម៉ិកស៊ិកកំពុងស្នើឱ្យរដ្ឋាភិបាលបោះពុម្ភសំបុត្របញ្ជាក់មរណភាពចំនួន1.1លានច្បាប់បន្ថែមទៀត ដោយសារតែតំបន់ជាច្រើនបានអស់ ឬខ្វះ ខណៈដែលតួលេខនៃមរណភាពដោយសារCOVID-19 នៅតែកើនឡើងយ៉ាងឆាប់រហ័ស។

នៅក្នុងសន្និសីតសារព័ត៌មានមួយកាលពីថ្ងៃទី4កញ្ញា មន្ត្រីសុខាភិបាលម៉ិកស៊ិក លោក Hugo Lopez-Gatell Ramirez ឱ្យដឹងថា រដ្ឋមួយចំនួន ក្នុងនោះមានរដ្ឋម៉ិកស៊ិកផងដែរ កំពុងស្ថិតក្នុងស្ថានភាពអស់សំបុត្របញ្ជាក់មរណភាព។ ក្រុមមន្ត្រីមានសមត្ថកិច្ច កាលពីប៉ុន្មានសប្ដាហ៍មុនបញ្ជូនសំបុត្របញ្ជាក់មរណភាពពីតំបន់មួយចំនួន ទៅឱ្យតំបន់ដែលកំពុងស្វះសំបុត្រនេះ។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា រដ្ឋធានីម៉ិកស៊ិក ក៏ជិតអស់សំបុត្របញ្ជាក់កំណើតនេះហើយដែរ។

គិតមកដល់ពេលនេះ ប្រទេសម៉ិកស៊ិក មានអ្នកស្លាប់ដោយសារបានឆ្លងវីរុសCOVID-19 ជាង67,000នាក់ ដូច្នេះម៉ិកស៊ិកបានក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារCOVID-19 ច្រើនជាងគេលំដាប់ទី4ក្នុងពិភពលោក បន្ទាប់សហរដ្ឋអាម៉េរិក ប្រេស៊ីល និងឥណ្ឌា។ ម៉ិកស៊ិកក៏បានរកឃើញអ្នកឆ្លងវីរុសសរុបឡើងដល់ 634,023នាក់ និងអ្នកស្លាប់សរុបឡើងដល់67,558នាក់។

នៅទូទាំងពិភពលោក បច្ចុប្បន្នមានអ្នកស្លាប់ដោយសារឆ្លងវីរុសCOVID-19 ចំនួន887,549នាក់ ខណៈអ្នកបានឆ្លងវីរុសនេះមានចំនួន27,288,595នាក់ ក្នុងនោះមាន59,960នាក់កំពុងប្រឈាមនឹងហានិភ័យនៃការស្លាប់ខ្ពស់ ក្នុងគ្រាដែលអ្នកជំងឺបានជាសះស្បើយបានកើនឡើងដល់19,370,858នាក់៕

ប្រភព៖ Bloomberg

Advertisement