មានអ្នកណាចាប់អារម្មណ៍អត់? ចិនសម្ងំសាកល្បងយន្តហោះប្រដេញបំបាំងកាយ ប្រកួតជាមួយ F-35 របស់អាមេរិក

ក្រុមហ៊ុនផលិតយន្តហោះមួយរបស់ចិន បានធ្វើការសាកល្បងយន្តហោះប្រដេញបំបាំងកាយម៉ូដែលថ្មី ដែលមានគោលបំណងប្រកួតប្រជែងជាមួយយន្តហោះប្រដេញរបស់សហរដ្ឋអាមេរិក គឺ F-35 និងអាចក្លាយជាអនាគតយន្តហោះ ដែលត្រូវផ្ទុកនៅលើនាវាចម្បាំងរបស់ពួកគេ នាពេលអនាគតទៀតផង។

FC-31 យន្តហោះប្រដេញបំបាំងកាយរបស់ចិនដែលកំពុងហោះសាកល្បង

តាមរយៈរូបភាពដែលថតបាន និងដែលត្រូវបានផ្ញើតៗគ្នាយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមដ៏ល្បីល្បាញ វេយបូ របស់ចិននោះ គឺជារូបភាពយន្តហោះប្រដេញបំបាំងកាយម៉ូដែលថ្មី កំពុងហោះហើរនៅលើអាកាស កាលពីពេលថ្មីៗនេះ ដោយត្រូវបានគេដឹងថា វាជាគំរូថ្មីចុងក្រោយបំផុតរបស់យន្តហោះ FC-31 Gyrfalcon ដែលបានឆ្លងកាត់ការកែសម្រួលតុបតែងជាថ្មី។ តែ សារព័ត៌មាន សៅថ៍ ឆាយណា ម៉នីង ផូស្ត មិនបានអះអាងថា តើរូបភាពនោះ ជារបស់ពិត ឬយ៉ាងណានោះឡើយ។

យន្តហោះបំបាំងកាយនេះ ត្រូវថតរូបបាន ក្នុងពេលដែលវាកំពុងប្រើ អាហ្វធើរ ប៊ើននើរ ខណៈកំពុងបង្កើនល្បឿនហោះឡើង ព្រមទាំងមើលឃើញឡូហ្គោរបស់ក្រុមហ៊ុន Aviation Industry Corporetion of China ឬ AVIC យ៉ាងច្បាស់នៅផ្នែកកន្ទុយរបស់យន្តហោះនោះ។

FC-31 យន្តហោះប្រដេញបំបាំងកាយរបស់ចិន ចតនៅក្នុងអាកាសយានដ្ឋានយោធា

ខុសពី វើរហ្សឹន មុនហ្នឹង…មើលទៅ យន្តហោះគំរូថ្មីចុងក្រោយបំផុតនេះ ដូចជាគ្មានប្រដាប់វាស់ល្បឿនរបស់យន្តហោះ ដែលបំពាក់នៅបរិវេណច្រមុះយន្តហោះទៀតទេ នេះបញ្ជាក់ថា វាអាចត្រូវបានជំនួសដោយឧបករណ៍ Avionics ផ្សេងៗវិញ ដូចជារ៉ាដា ប្រភេទ an active electronically scanned array ឬ ASEA និងមើលទៅ ហាក់ដូចជាផ្ទាំងកញ្ចក់ថ្លាលើបន្ទប់អ្នកបើកបរ ក៏មានការផ្លាស់ប្ដូរដូចគ្នាដែរ ដោយរចនាចេញមកឱ្យដូចនឹងអ្វី ដែលបានប្រើនៅក្នុងយន្តហោះប្រដេញ 1ម៉ូដែលទៀតរបស់ចិនដែរ គឺ J-20។ ក្រៅពីនោះ តាមរយៈរូបភាពនោះ នៅបានបង្ហាញឱ្យឃើញថា អាចមានការតុបតែងផ្សេងៗទៀត ដើម្បីកែសម្រួលការតតាំងខ្យល់របស់យន្តហោះផងដែរ។

តែយ៉ាងណាក៏ដោយ មើលទៅហាក់ដូចជា យន្តហោះនេះ នៅតែត្រូវប្រើប្រាស់ម៉ាស៊ីនបែប Twin turbofan WS-13 របស់ FC-31 ម៉ូដែលចាស់ ដោយម៉ាស៊ីននេះមានមូលដ្ឋានគ្រឹះនៃការរចនាម៉ូដ មកតាំងពីសម័យសហភាពសូវៀត យុគទសវត្សរ៍1970 និងត្រូវបានមើលឃើញថា មានកម្រិតកំណត់ ទាំងក្នុងការប្រតិបត្តិភារកិច្ចរបស់យន្តហោះប្រដេញ និងសក្ដានុពលក្នុងការបំបាំងកាយ។

FC-31 ជាយន្តហោះបំបាំងកាយទី2 ដែលចិនអភិវឌ្ឍឡើងដោយខ្លួនឯង បន្តពី J-20 ដោយវាបានហោះឡើងនៅក្នុងជើងហោះហើរលើកដំបូងគេបំផុតនៅឆ្នាំ2012 និងធ្លាប់ទៅបង្ហាញខ្លួននៅតាមពិធីតាំងពិព័រណ៍អាកាសយានជាច្រើនលើក ក្នុងក្ដីរំពឹងថា នឹងទាក់ទាញចំណាប់អារម្មណ៍អតិថិជនបរទេស ដោយខាង AVIC សង្ឃឹមថា វានឹងក្លាយជាអ្នកប្រកួតប្រជែងរបស់ F-35 របស់ ឡក់ហ៊ីត ម៉ារទីន ក្រុមហ៊ុនផលិតយន្តហោះសញ្ជាតិអាមេរិក តែទីបំផុត បែរជាមិនបានទទួលនូវការចាប់អារម្មណ៍អ្វីទាំងអស់។

ទោះជាយ៉ាងដូច្នោះក្ដី អ្នកវិភាគផ្នែកខាងយោធា បានមើលឃើញថា វិវឌ្ឍនាការក្នុងពេលថ្មីៗនេះរបស់ FC-31 បានបង្ហាញថា អ្នកអភិវឌ្ឍន៍បានកែសម្រួល Focus ដោយងាកទៅសង្កត់ធ្ងន់លើយន្តហោះប្រដេញបំបាំងកាយ ម៉ូដែលប្រតិបត្តិការលើផ្ទៃសមុទ្រវិញម្ដង ជាពិសេសបំផុត បន្ទាប់ពីខាងក្រុមវិភាគ និងអភិវឌ្ឍន៍របស់ AVIC បានបង្ហើបឱ្យដឹងថា ពួកគេមានគោលដៅចាប់ផ្ដើមសាកល្បងយន្តហោះនៅឆ្នាំខាងមុខ។

F-35 Lightning II របស់សហរដ្ឋអាមេរិក

ដោយសារ វាមានទម្ងន់ស្រាលជាង និងទំហំតូចជាងម៉ូដែល J-20 យន្តហោះប្រដេញបំបាំងកាយថ្មី FC-31 អាចនឹងស័ក្តិសមជាមួយនាវាផ្ទុកយន្តហោះនាយុគសម័យថ្មីនេះ របស់កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន ខ្លាំងជាង។ ដោយពួកគេបាននាំគ្នារំពឹងថា នាវាផ្ទុកយន្តហោះនាយុគសម័យបន្តទៅទៀតរបស់ចិន នឹងមានប្រព័ន្ធ catapult launch system និងចាំបាច់ត្រូវមានយន្តហោះបំបាំងកាយដែលមានភាពទាន់សម័យជាង J-15 ដែលជាយន្តហោះប្រដេញម៉ូដែលតែ 1គត់ ដែលកំពុងប្រចាំកា រនៅលើនាវាផ្ទុកយន្តហោះនាពេលបច្ចុប្បន្ននេះ។

F-35 Lightning II របស់សហរដ្ឋអាមេរិក

FC-31 មានលក្ខណៈដោយឡែកយ៉ាងទូលាយៗ ស្រដៀងនឹង F-35 Lightning 2 របស់សហរដ្ឋអាមេរិកដែរ ដោយវាមានទម្ងន់ Take Off ខ្ពស់បំផុត 25តោន មានកម្រិតប្រឈមតតាំង 1,200គីឡូម៉ែត្រ និងបង្កើនល្បឿនខ្ពស់បំផុតបាន 1.8ម៉ាក់ (ឬ 2,205គីឡូម៉ែត្រក្នុង 1ម៉ោង)។ ចំណែក F-35 វិញ មានទម្ងន់ Take Off ខ្ពស់បំផុត 27 ដល់ 32តោន មានកម្រិតប្រឈមតតាំងខ្ពស់បំផុត 2,200គីឡូម៉ែត្រ និងល្បឿនខ្ពស់បំផុត 1.6ម៉ាក់។

ទាំងអស់នេះ FC-31 អាចផ្ទុកអាវុធបាន 8តោន ចំណែក F-35 របស់សហរដ្ឋអាមេរិកវិញ ផ្ទុកបាន 6.8 ដល់ 8.1តោន៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement