ព្យុះកំណាចបំផ្លាញស្ពានចំនួន59ខ្សែនៅកូរ៉េខាងជើង

ព្យុះ Maysak បានបង្កការរាំងស្ទះយ៉ាងធំធេងចំពោះប្រព័ន្ធគមនាគមន៍របស់ប្រទេសកូរ៉េខាងជើង ដោយស្ពានចំនួន59កន្លែង រួមនឹងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតត្រូវរងការខូចខាត នាំឱ្យលោក Kim Jong-un ត្រូវពិនិត្យឡើងវិញនូវគម្រោងសាងសង់នានានៅចុងឆ្នាំនេះ។

ទីភ្នាក់ងារសារព័ត៌មានជាតិ (KCNA) របស់កូរ៉េខាងជើង ថ្ងៃនេះបានរាយការណ៍ថា Maysak ឬហៅថាព្យុះលេខ9 នៅប្រទេសកូរ៉េខាងជើង បានធ្វើឱ្យមានស្ថានភាពអាសន្ន ដោយសារតែវាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រាប់សិបកន្លែង និងបណ្ដាលឱ្យផ្ទះជាង2,000ខ្នងត្រូវដួលរលំ ព្រមទាំងបានជន់លិចតំបន់មួយចំនួនផងដែរ។

KCNA ដកស្រង់សម្ដីរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានឱ្យដឹងថា ការខូចខាតដែលបង្កឡើងដោយសារព្យុះនេះ ធ្វើឱ្យប្រទេសជាតិធ្លាក់ទៅក្នុងស្ថានភាព “មិនអាចធ្វើអ្វីបាន ក្រៅតែពីការប្ដូរផ្លាស់ទិសដៅក្នុងការដោះស្រាយបញ្ហា ក្រោយពីបានពិនិត្យមើលគ្រប់ជ្រុងជ្រោយនូវភារកិច្ចចុងឆ្នាំដែលកំពុងត្រូវបានធ្វើឡើង”។

ប្រសាសន៍របស់លោក Kim Jong-un ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយរបស់បក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី8កញ្ញា ដែលពិភាក្សាអំពីការខិតខំដោះស្រាយបញ្ហាដែលកើតឡើងដោយសារព្យុះនៅក្នុងតំបន់រងគ្រោះ ក្នុងនោះមានស្រុក Komdok ក្នុងខេត្ត Hamgyong ខាងត្បូងជាដើម។

លោក​ Kim Jong-un កំពុង​ដឹក​នាំ​កិច្ច​ប្រជុំមួយ​​របស់​បក្សពលករ​កូរ៉េខាង​ជើង​

មេដឹកនាំកូរ៉េខាងជើង បានសង្កត់ធ្ងន់ទៅលើកម្រិតនៃភាពចាំបាច់ក្នុងការសាងសង់ផ្ទះសំបែង ផ្លូវថ្នល់ និងផ្លូវដែក រហូតដល់ថ្ងៃទី10តុលា ដែលជាថ្ងៃកំណើតរបស់បក្សពលករកូរ៉េខាងជើង។ លោក Kim Jong-un ក៏បានដាក់គោលដៅផងដែរថា ចុងឆ្នាំនេះ រាល់កិច្ចការដែលបានដាក់ចេញសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារព្យុះលេខ9 ត្រូវតែធ្វើឱ្យបានរួចរាល់។

ប្រទេសកូរ៉េខាងជើង ថ្មីៗនេះបានទទួលរងការវាយប្រហារពីព្យុះចំនួន3 គឺព្យុះ Bavi ព្យុះ Maysak និងព្យុះ Haishen ខណៈដែលប្រទសនេះកំពុងទប់ទល់នឹងជំនន់ទឹកភ្លៀង។ គ្រោះធម្មជាតិអាចបង្កផលប៉ះពាល់ខ្លាំងដល់ប្រទេសកូរ៉េខាងជើង ដោយសារតែហេដ្ឋារចនាសម្ព័ន្ធនានារបស់ប្រទេសនេះ ភាគច្រើនមានសភាពទ្រុឌទ្រោមស្រាប់។ ជាងនេះ តំបន់ភ្នំត្រងោលជាច្រើននៅកូរ៉េខាងជើង ក៏បង្កការប្រឈមនឹងគ្រោះទឹកជំនន់កាន់តែខ្ពស់ផងដែរ៕

ប្រភព៖ Reuters

Advertisement