ជនជាតិអង់គ្លេស 1គ្រួសារ ប្រទះសត្វសមុទ្រចម្លែកនៅលើឆ្នេរ មានតម្លៃរាប់ម៉ឺនផោនដ៍

គ្រួសារជនជាតិអង់គ្លេស 1ក្រុម ប្រទះឃើញសត្វសមុទ្រកម្រដ៏ចម្លែក តោងជាប់នៅលើកំណាត់គល់ឈើមួយ អណ្ដែតមកទើរនៅលើឆ្នេរខ្សាច់ ក៏នាំគ្នាថតជាឃ្លីបវីដេអូ ស៊ែរនៅក្នុងហ្វេសប៊ុក មុននឹងស្រាវជ្រាវរកទិន្នន័យនៅក្នុង Google ទើបបានដឹងថា ជាគ្រំកទាដ៏កម្រ និងមានតម្លៃថ្លៃបំផុត។

លោក ម៉ារទីន ហ្គ្រីន ជនជាតិអង់គ្លេស រស់នៅទីក្រុង នីវប្រៃតុន និងគ្រួសារ បានប្រទះឃើញវត្ថុម្យ៉ាង ដែលពីដំបូង ពួកគេគិតថាជាកំណាត់គល់ឈើខ្នាតធំមួយអណ្ដែតមកទើរលើឆ្នេរខ្សាច់ ខណៈពួកគេកំពុងដើរលេងនៅតាមឆ្នេរសមុទ្រ ក្នុងទីក្រុងខាណាវឹន តំបន់វេលស៍ តែលុះដើរចូលទៅពិនិត្យជិតៗ ទើបបានឃើញថា កំណាត់គល់ឈើនោះ មានសត្វសមុទ្រស្ថិតក្នុងសម្បកម្យ៉ាង និងមានដៃយឺតចេញមក កម្រើកគ្រប់ពេលវេលា រាប់ពាន់ក្បាល តោងជាប់ពេញកំណាត់គល់ឈើនោះ វាប្រៀបដូចជារូបភាព ដែលរបូតចេញមកពីក្នុងខ្សែភាពយន្តមនុស្សក្រៅពិភពអ៊ីចឹង។

លោក ម៉ារទីន បានប្រាប់ទៅសារព័ត៌មានក្នុងតំបន់ថា ហ្គែមមី ភរិយារបស់លោក ជាអ្នកប្រទះឃើញ ទើបស្រែកហៅលោកឱ្យទៅមើល។ ទាំងអស់គ្នាមិនដែលឃើញទិដ្ឋភាពបែបនេះពីមុនមកឡើយ ទើបនាំគ្នាចូលទៅស្វែងរកទិន្នន័យនៅក្នុង ហ្គូហ្គល ជាមួយកូនប្រុសរបស់លោក ហើយក៏បានដឹងថា សត្វសមុទ្រទាំងនោះ មានឈ្មោះថា Goosenecked Barnacles ឬគ្រំកទា ជាសត្វសមុទ្រកម្រ និងមានតម្លៃថ្លៃបំផុត ក៏អាចថាបានដែរ។ គ្រំកទា ជាអាហារប្រណីតដ៏អស្ចារ្យ ជាពិសេសនៅប្រទេសព័រទុយហ្កាល់ និងអេស្ប៉ាញ ដែលពួកគេហៅថា ប៉េសេបេស(Percebes) ដោយគ្រំ1 មានតម្លៃប្រមាណ 25ផោនដ៍ ហើយនៅលើកំណាត់គល់ឈើនោះមានច្រើនដល់ទៅជាង 2,000គ្រំ(សរុបទៅ វាមានតម្លៃប្រមាណជា 50,000ផោនដ៍ ឬជាង 6ម៉ឺនដុល្លារអាមេរិក)។

លោក ម៉ារទីន ដែលជាម្ចាស់ក្រុមហ៊ុនទីផ្សារ បាននិយាយថា លោកសុំមិនប្រាប់ថា ប្រទះឃើញគ្រំកទាទាំងនោះនៅទីណាទេ ដើម្បីទប់ស្កាត់អ្នកឆ្លៀតឱកាស នាំគ្នាទៅស្វែងរក និងបំផ្លាញបរិស្ថាន។ ក្រៅពីនោះ នៅមានរបាយការណ៍បន្ថែមទៀតថា អ្នកនេសាទទាំងឡាយ តែងតែសុខចិត្តប្រថុយស្លាប់ ដើម្បីទៅស្វែងរកសត្វសមុទ្រដ៏កម្រប្រភេទនេះ ពេលខ្លះត្រូវតស៊ូដណ្ដើមគ្នា ដោយប្រើកម្លាំងបាយ និងអំពើហិង្សាផងក៏មាន ដោយសារតែវាតម្លៃខ្ពស់ដល់ទៅ 1គីឡូក្រាម 322ផោនដ៍ ឬប្រមាណ 413ដុល្លារអាមេរិក ក្នុងរដូវកាលខ្លះ។

ទិន្នន័យពី Waghor Aquarium ផេចរបស់សារមន្ទីរសត្វសមុទ្រ បានបញ្ជាក់ថា គ្រំកទានេះ ជាសត្វរស់នៅក្នុងសមុទ្រ ដោយតោងយ៉ាងជាប់ស្អិតនឹងដី ឬវត្ថុអ្វីផ្សេងៗនៅក្នុងសមុទ្រដោយដៃរបស់វា មានសម្បករឹងដូចគ្រំទូទៅ នៅខាងចុងសម្បក នឹងមានរោមតូចៗ ដែលប្រើសម្រាប់ច្រោះទឹកសមុទ្រ ដើម្បីញែកយកសត្វចៃល្អិតៗនៅក្នុងទឹកសមុទ្រ ដើម្បីចាប់ស៊ីជាអាហារ៕

ប្រភព៖ សារព័ត៌មានបរទេស

 

 

 

 

Advertisement