វីដេអូ​បង្ហាញ​ពី​ការ​វាយតប់​គ្នា​រវាង​ទាហាន​ចិន​និង​ទាហាន​ឥណ្ឌា​ នៅ​ព្រំ​ដែន​

វីដេអូបង្ហាញអំពីសកម្មភាពនៃទាហានឥណ្ឌា និងទាហានចិន ប៉ះទង្គិចគ្នានៅជិតទន្លេក្បែរព្រំដែន ទំនងជាត្រូវបានថតកាលពីប៉ុន្មានខែមុន ហើយបច្ចុប្បន្នកំពុងត្រូវបានចែករំលែកតៗគ្នាក្នុងបណ្ដាញសង្គមនៅប្រទេសចិន។

វីដេអូនេះបានបង្ហាញថា ការប៉ះទង្គិចដោយការប្រើដៃ ជើង និងដំបងនេះ បានកើតឡើងនៅលើគំនរថ្មក្បែរទន្លេ និង​ប្រហែល​ជា​នៅលើបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្ដែង (LAC) ដែលជា​តំបន់​មិនទាន់ត្រូវបានកំណត់ច្បាស់លាស់។ ក៏ប៉ុន្តែ គេនៅមិនទាន់បានដឹងថា ហេតុការណ៍ក្នុងវីដេអូនេះ កើតឡើងនៅទីណា និងពេលណាឱ្យបានប្រាកដនៅ​ឡើយ។

នៅក្នុងវីដេអូនេះ ក្រុមទាហានចិនដែលមានកាន់ដំបង និងខែលការពារ ព្រមទាំងមានគ្នា​ច្រើន​ផងនោះ បានរុញច្រានក្រុមទាហានឥណ្ឌា បណ្ដាលឱ្យពួកគេត្រូវថយក្រោយ ក្នុងនោះមានអ្នកខ្លះត្រូវបានច្រានទម្លាក់ចូលក្នុងទន្លេទៀតផង។ ទាហានឥណ្ឌាមួយចំនួន ស្ពាយកាំភ្លើងពីក្រោយខ្នង ប៉ុន្តែមិនបានប្រើប្រាស់ទេ។ រូបសញ្ញានៅក្នុងវីដេអូនេះបង្ហាញថា វាត្រូវបានថតដោយទូរស័ព្ទចិន។

ភាគីខាងឥណ្ឌា និងចិន មិនទាន់បញ្ចេញយោបល់អ្វីទាក់​ទិន​នឹង​​វីដេអូនេះខាងលើ​នេះ​នៅឡើយ។

ប្រភពព័ត៌មានពីយោធាចិនបានឱ្យដឹងថា វីដេអូខាងលើនេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមចិនកាលពីថ្ងៃទី8កញ្ញា និងត្រូវបានថតកាលពីប៉ុន្មានខែមុនមកម៉្លេះ​។ អ្នកជំនាញខាងយោធាម្នាក់បានអះអាងថា ទិដ្ឋភាពក្នុងវីដេអូនេះមិនមែនជាការប៉ះទង្គិចគ្នាដែលបានបណ្ដាលឱ្យមានអ្នកស្លាប់រាប់សិបនាក់កាលពីថ្ងៃទី15មិថុនានោះទេ ប៉ុន្តែវាជាការប៉ះទង្គិចគ្នាដែលកើតឡើងនៅតាមបណ្ដោយទន្លេ Galwan កាលពីខែឧសភា។

ភាពតានតឹងនៅព្រំដែនឥណ្ឌា-ចិន បានឡើងកម្ដៅខ្លាំងចាប់ពីចុងខែមេសា និងដើមខែឧសភា ឆ្នាំ2020។ ក្រោយមក នៅពាក់កណ្ដាលខែមិថុនា ហេតុការណ៍ប្រើអំពើហិង្សាដាក់គ្នាមួយប្រាវក៏បានកើតឡើង បណ្ដាលឱ្យទាហានឥណ្ឌាចំនួន20នាក់ និងទាហានចិនជាច្រើននាក់បានបាត់បង់ជីត។ ហេតុការណ៍នេះបាននាំឱ្យចិន និងឥណ្ឌាបញ្ជូនទាហានយ៉ាងច្រើនទៅកាន់ព្រំដែន។ កងទ័ពឥណ្ឌា ក៏បានអនុញ្ញាតឱ្យមេបញ្ជាការនៅតាមព្រំដែន មានសិទ្ធិបញ្ជាឱ្យបាញ់ប្រហារនៅពេលចាំបាច់ ក្រោយពីហេតុការណ៍ប៉ះទង្គិចគ្នាកន្លងមកបានកើតឡើង៕

>ទាហានចិនត្រូវបានចោទប្រកាន់ថា បាននាំគ្នាកាន់ដាវ លំពែង និងកាំបិតផ្គាក់ ប្រមូលផ្ដុំគ្នានៅក្បែរព្រំដែនឥណ្ឌា

ប្រភព៖ Sputnik, SCMP

Advertisement