សៀវភៅទើបបោះពុម្ពថ្មី​មួយ​ និយាយ​ថា ​លោក​ ដូណាល់ ត្រាំ ទទួលស្គាល់ពីភាពធ្ងន់ធ្ងររបស់កូវីដ-19 តាំងពីដំបូង តែមានចេតនាលាក់បាំងប្រជាជនអាមេរិកាំង

សៀវភៅទើបបោះពុម្ពថ្មីមួយ និយាយថា លោក ដូណាល់ ត្រាំ ទទួលស្គាល់ពីភាពធ្ងន់ធ្ងររបស់កូវីដ-19 តាំងពីដំបូង តែមានចេតនាលាក់បាំងប្រជាជនអាមេរិកាំង

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសារភាពកាលពីខែកុម្ភៈថា លោកបានដឹងពីភាពធ្ងន់ធ្ងរ និងការឆ្លងរាលដាលបានយ៉ាងងាយ របស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 តែមិនព្រមបញ្ជូនសារនេះទៅដល់ប្រជាជនអាមេរិកទេ ព្រោះលោកមិនត្រូវការបង្កភាពភ័យភ្ញាក់ផ្អើល។ នេះបើយោងតាមសៀវភៅទើបតែបោះពុម្ពផ្សាយថ្មីមួយ ដែលអះអាងពីបទសម្ភាសរបស់លោកត្រាំ។

កំណត់ត្រាកិច្ចសម្ភាសន៍ ដែលខាង CNN ទទួលបាន និងសៀវភៅថ្មី “Rage” របស់អ្នកឆ្លើយឆ្លងព័ត៌មាន បប់ វូដវើដ ត្រូវបានផ្សព្វផ្សាយចេញមក មិនប៉ុន្មានសប្ដាហ៍ មុននឹងដល់ថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៅថ្ងៃទី3 វិច្ឆិកា 2020។ ក្នុងពេលជាមួយគ្នា វាថែមទាំងត្រូវបានផ្សព្វផ្សាយចេញមកខណៈពេលដែលក្ដីព្យាយាមក្នុងការតស៊ូប្រឆាំងនឹងមេរោគកូវីដ-19 របស់លោកត្រាំ កំពុងត្រូវរងការរិះគន់យ៉ាងខ្លាំងថា តិចតួចពេក និងយឺតពេលទៅហើយ។

លោក ដូណាល់ ត្រាំ បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ក្នុងការដណ្ដើមកៅអីប្រធានាធិបតី បានបដិសេធភាពធ្ងន់ធ្ងររបស់មេរោគកូវីដ-19 អស់ជាច្រើនខែមកហើយ ទោះជាមេរោគមរណៈនេះកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សទូទាំងប្រទេស រហូតដល់ត្រូវលោក ចូ បៃឌិន បេក្ខភាពមកពីគណបក្សដេម៉ូក្រេត វាយប្រហាររដ្ឋបាលរបស់លោកត្រាំថា ឆ្លើយតបនឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 យឺតយ៉ាវជ្រុលពេក។

លោកត្រាំ បានប្រាប់ទៅលោក វូដវើដ កាលពីថ្ងៃទី19 មីនា ឬមិនប៉ុន្មានថ្ងៃក្រោយលោកប្រកាសស្ថានការណ៍គ្រាអាសន្នកម្រិតជាតិថា “ខ្ញុំត្រូវការបដិសេធភាពធ្ងន់ធ្ងររបស់វា ខ្ញុំបដិសេធភាពធ្ងន់ធ្ងររបស់វា ព្រោះថា ខ្ញុំមិនត្រូវការសាងភាពភ័យភ្ញាក់ផ្អើល”

ក្នុងអំឡុងកិច្ចសន្ទនា លោកត្រាំថែមទាំងបានប្រាប់ទៅលោកវូដវើដទៀតផងថា មានចំណុចជាក់ច្បាស់ដ៏គួរឱ្យភ្ញាក់ផ្អើលម្យ៉ាង ដែលទើបតែបង្ហាញខ្លួនឡើង ពាក់ព័ន្ធនឹងមុខសញ្ញារបស់មេរោគវីរុស។ “វាមិនមែនត្រឹមតែមនុស្សចាស់ជរាប៉ុណ្ណោះទេ តែរួមទាំងមនុស្សវ័យកំលោះក្រមុំទៀតផង ហើយយើងមានមនុស្សវ័យកំលោះក្រមុំច្រើនណាស់”។

លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃពុធ(ទី9កញ្ញា) បានការពារដំណើរផ្លូវរបស់ខ្លួនឯងក្នុងការទប់ទល់នឹងជំងឺឆ្លងរាលដាលដ៏ធំនេះ ដែលរហូតមកដល់ពេលនេះ បានសម្លាប់ជីវិតមនុស្សនៅក្នុងសហរដ្ឋអាមេរិកអស់ជាង 190,000នាក់ទៅហើយ និងរកឃើញចំនួនអ្នកឆ្លងមេរោគថ្មីកើនឡើងយ៉ាងច្រើននៅភាគខាងលិចរបស់ប្រទេស។

លោកត្រាំ ថ្លែងនៅក្នុងការធ្វើកិច្ចការងារមួយនៅមន្ទីរសេតវិមានថា “ចំណុចជាក់ច្បាស់គឺ ខ្ញុំជាអ្នកដឹកនាំការសាទររបស់ប្រទេសមួយនេះ ខ្ញុំស្រឡាញ់ប្រទេសរបស់យើង ហើយខ្ញុំមិនត្រូវការឱ្យប្រជាជនភ័យភ្ញាក់ផ្អើលទេ យើងទាំងអស់គ្នា ធ្វើបានល្អហើយ មិនថាតាមស្តង់ដាណាក៏ដោយ”

CNN និង Washinton Post បានរាយការណ៍ថា តាមរយៈពាក្យសម្ភាសន៍ជាមួយលោកវូដវើដ លោកត្រាំបានដឹងរឿងពាក់ព័ន្ធនឹងកូវីដ-19 ជាពិសេស ភាពកាចសាហាវរបស់វា តាំងពីអំឡុងដើមខែកុម្ភៈ។ “វាបំភាយមេរោគតាមរយៈខ្យល់អាកាស” លោកត្រាំ ថ្លែងក្នុងអំឡុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី7កុម្ភៈ។

“ការសាយភាយមេរោគទាំងនោះ ធ្ងន់ធ្ងរជាងការប៉ះពាល់ដោយផ្ទាល់ទៅទៀត លោកអ្នកមិនចាំបាច់ប៉ះពាល់វត្ថុផ្សេងៗទេ មែនទេ? តែជាមួយខ្យល់អាកាស លោកអ្នកគ្រាន់តែដកដង្ហើមចូលទៅប៉ុណ្ណោះ ហើយអាហ្នឹងឯង គឺវិធីចម្លងមេរោគរបស់វា ដូច្នេះទើបវាជាមេរោគវីរុសដែលមានល្បិចកលច្រើនណាស់ ជាវីរុសដែលស្មុគស្មាញ និងវាថែមទាំងជាវីរុសដែលកាចសាហាវជាងគេ ទោះជាលោកអ្នករឹងមាំក៏ដោយ”។

យ៉ាងណាក៏ដោយ 1សប្ដាហ៍បន្ទាប់ពីការផ្ដល់សម្ភាស លោកត្រាំបានថ្លែងក្នុងអំឡុងពេលថ្លែងការណ៍សរុបនៅមន្ទីរសេតវិមានថា ចំនួនករណីអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងសហរដ្ឋអាមេរិក នឹងថយចុះឆ្ពោះទៅរកកម្រិតក្បែរសូន្យក្នុងអំឡុង 2សប្ដាហ៍ទៀត។

លោកវូដវើដ បានធ្វើការសម្ភាសលោកដូណាល់ ត្រាំ ចំនួន 18លើក ដើម្បីរួបរួមចងក្រងជាសៀវភៅ ដែលមានកំណត់ចេញផ្សព្វផ្សាយនៅថ្ងៃទី15 កញ្ញា។

ចំណែកការបកអាក្រាតផ្សេងៗទៀតនៅក្នុងសៀវភៅ ក្នុងនោះរួមមានទាំងពាក្យសម្ដីដែលមើលងាយ មើលថោកបណ្ដាមេដឹកនាំកងទ័ពសហរដ្ឋអាមេរិករបស់លោកត្រាំ ខណៈដែលសប្ដាហ៍នេះ លោកត្រាំ ទើបតែត្រូវរងការរិះគន់យ៉ាងធ្ងន់ធ្ងរ ក្រោយមានរបាយការណ៍ព័ត៌មានថា លោកបានប្រមាថមើលងាយកិត្តិយសរបស់ធនធានមនុស្សខាងយោធា និងអតីតយុទ្ធជនដែលបានស្លាប់ទៅហើយផង៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement