ឥណ្ឌាបង្អួតយន្តហោះចម្បាំង Rafale ក្បែរព្រំដែនចិន ខណៈស្ថានភាពកំពុងតានតឹង (វីដេអូ)

ឥណ្ឌាបង្អួតយន្តហោះចម្បាំង Rafale ក្បែរព្រំដែនចិន ខណៈស្ថានភាពកំពុងតានតឹង

កងទ័ពអាកាសឥណ្ឌាបានប្រារព្ធពិធីបួងសួង និងបញ្ជូនយន្តហោះចម្បាំងទៅហោះសម្ដែងក្នុងពេលប្រគល់យន្តហោះចម្បាំង Rafale 5គ្រឿងទៅឱ្យក្រុមហោះហើរដែលមានមូលដ្ឋាននៅក្បែរព្រំដែនជាប់ជាមួយចិន។

ថ្ងៃទី10កញ្ញានេះ កងទ័ពឥណ្ឌាបានប្រារព្ធពិធីប្រគល់យន្តហោះចម្បាំង Rafale ចំនួន5គ្រឿងទៅឱ្យក្រុមហោះហើរការពារដែនអាកាសលេខ17 ដែលស្ថិតក្នុងមូលដ្ឋានទ័ព Ambala ក្នុងរដ្ឋ Haryana ក្បែរតំបន់ព្រំដែនជាប់ជាមួយប៉ាគីស្ថាន និងចិន។ កងកម្លាំងហោះហើរលេខ17 ដែលមានរហ័សនាមថា “ព្រួញមាស” គឺជាអង្គភាពដំបូងរបស់ទ័ពអាកាសឥណ្ឌា ដែលទទួលបានយន្តហោះ Rafale។

នៅក្នុងពិធីខាងលើនេះ ក៏មានការចូលរួមជាអធិបតីពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា Rajnath Singh រួមនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ក្នុងពិធីនេះ ក្រុមអ្នកបួសបានធ្វើពិធីបួងសួងសុំសេចក្ដីសុខដល់យន្តហោះចម្បាំង Rafale ដែលទើបតែទទួលបាន។ បន្ទាប់មក យន្តហោះចម្បាំង Rafale រួមនឹងយន្តហោះចម្បាំង Tejas និងឧត្ថម្ភាគចក្រ Dhruv ក៏បានហោះហើរសម្ដែងនៅលើអាកាសផងដែរ។

ឥណ្ឌាបង្អួតយន្តហោះចម្បាំង Rafale ក្បែរព្រំដែនចិន ខណៈស្ថានភាពកំពុងតានតឹងឥណ្ឌាបានទទួលយន្តហោះចម្បាំង Rafale ចំនួន5គ្រឿងជាលើកដំបូងពីប្រទេសបារាំងកាលពីថ្ងៃទី29កក្កដា ហើយក្រោយមកយន្តហោះទាំងនេះត្រូវបានបញ្ជូនទៅចូលរួមធ្វើការហ្វឹកហាត់នៅតំបន់ភ្នំក្នុងរដ្ឋ Himachal Pradesh និងតំបន់ Ladakh។ យន្តហោះចម្បាំងខាងលើនេះ ស្ថិតក្នុងចំណោមយន្តហោះចម្បាំង Rafale ចំនួន36គ្រឿងដែលឥណ្ឌាបញ្ជាទិញពីក្រុមហ៊ុន Dassault Aviation របស់បារាំងកាលពីឆ្នាំ2016 ក្នុងតម្លៃសរុបឡើងដល់8.7ពាន់លានដុល្លារ។ តាមផែនការ ឥណ្ឌានឹងទទួលបានយន្តហោះទាំងនេះនៅដំណាច់ឆ្នាំ2021។

សកម្មភាពហោះហើរនៃក្រុមយន្តហោះ Rafale របស់ឥណ្ឌានេះ ត្រូវបានធ្វើឡើងនៅក្នុងគ្រាដែលភាពតានតឹងរវាងចិននិងឥណ្ឌាកំពុងមានការកើនឡើងដោយសារតែជម្លោះនៅព្រំដែន។

ហេតុការណ៍ប៉ះទង្គិចគ្នារវាងទាហានចិន និងទាហានឥណ្ឌានៅតាមបន្ទាត់ព្រំដែន LAC បានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានហេតុការណ៍វាយតប់គ្នាកាលពីថ្ងៃទី15មិថុនា បណ្ដាលឱ្យទាហានឥណ្ឌា20នាក់ និងទាហានចិនជាច្រើនាក់បានបាត់បង់ជីវិត។

ឥណ្ឌា និងចិនបានចរចាជាមួយគ្នាជាច្រើនលើកដើម្បីកាត់បន្ថយកម្ដៅនៅតាមបន្ទាត់ព្រំដែន LAC ដែលមិនទាន់បានកំណត់ច្បាស់លាស់។ ប៉ុន្តែ ភាពតានតឹងបានកើតឡើងជាថ្មី បន្ទាប់ពីប្រទេសទាំងពីរបានចោទគ្នាថា បានរំលោភលើកិច្ចព្រមព្រៀងមិនប្រើកាំភ្លើង ក្រោយពីមានការប៉ះទង្គិចគ្នាមួយករណី នៅក្បែរបឹង Pangong Tso៕

ប្រភព៖ Sputnik

Advertisement