រំឭកឡើងវិញករណីភេរវកម្ម​កាល​ពី​ថ្ងៃទី11កញ្ញា2001 ដែលបានសម្លាប់មនុស្សជិត3,000នាក់ នៅសហរដ្ឋអាម៉េរិក

រំឭកឡើងវិញករណីភេរវកម្មថ្ងៃទី11កញ្ញា2001 ដែលបានសម្លាប់មនុស្សជិត3,000នាក់ នៅសហរដ្ឋអាម៉េរិក

កាលពី19ឆ្នាំមុន ភេរវកររបស់ក្រុម al-Qaeda ចំនួន19នាក់ បានប្លន់យន្តហោះដឹកអ្នកដំណើរចំនួន4គ្រឿង ហើយបានប្រព្រឹត្តអំពើភេរវកម្មដ៏ធំមួយនៅលើទឹកដីសហរដ្ឋអាម៉េរិក នាំឱ្យកក្រើកពិភពលោក និងបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់។

ខាងលើ​នេះ​គឺជា​ទិដ្ឋភាពយន្តហោះ Boeing 767 ដែលមានលេខសម្គាល់ជើងហោះហើរ11 របស់ American Airlines បានហោះទៅបុកអគារផ្នែកខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTC) ក្នុងទីក្រុង New York នៅវេលាម៉ោង8និង45នាទីថ្ងៃទី11កញ្ញា2001។

ដុំភ្លើងដ៏ធំដែលបានផ្ទុះឡើងនៅក្នុងករណីវាយប្រហេរភេរវកម្មនេះ គឺជាសោកនាដកម្មក្នុងប្រទេសដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក។ នេះគឺជាការវាយប្រហារបែបភេរវកម្មរបស់ក្រុម al-Qaeda ដែលដឹកនាំដោយលោក Osama bin Laden។

អ្នកដំណើរនៅតាមដងផ្លូវ ចង្អុលទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដែលកំពុងហុយផ្សែងទ្រលោម បន្ទាប់ពីមានយន្តហោះមួយគ្រឿង ហោះមកបុក។

ក្រុមសមត្ថកិច្ចដែលគ្រប់គ្រងស្ថានីយឆ្លើយឆ្លងលេខ911 ទទួលបានទូរស័ព្ទជាបន្តបន្ទាប់ពីជនរងគ្រោះដែលកំពុងជាប់គាំងក្នុងអគារ។ ដំបូងឡើយ គេយល់ថា នេះគ្រាន់តែជារឿងគ្រោះថ្នាក់ដោយចៃដន់តែប៉ុណ្ណោះ។

រហូតដល់ម៉ោង9និង3នាទី យន្តហោះ Boeing 767 មួយគ្រឿងដែលមានលេខសម្គាល់ជើងហោះហើរ 175 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានហោះមកបុកចំជាន់ទី60 នៃអគារផ្នែកខាងត្បូងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ពេលនោះទើបគេដឹងច្បាស់ថា សហរដ្ឋអាម៉េរិកកំពុងរងការវាយប្រហារពីក្រុមភេរវករ។

ប្រធានាធិបតី George W. Bush កំពុងស្ដាប់ការរាយការណ៍របស់ Andrew Card ដែលជាប្រធានការិយាល័យនៃសេតវិមាន អំពីករណីវាយប្រហារភេរវកម្ម ក្នុងគ្រាដែលយន្តហោះទី2បានហោះមកបុកអគារ WTC ខណៈដែលលោកកំពុងធ្វើជាអធិបតីនៅក្នុងសិក្ខាសាលាមួយនៅសាលាបឋមសិក្សា Emma E. Booker ដែលមានទីតាំងនៅក្នុងតំបន់ Sarasota ក្នុងរដ្ឋ Florida។

ក្រុមមនុស្សដែលជាប់គាំងនៅក្នុងអគារភាគខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នាំគ្នាមើលមកខាងក្រៅ ខណៈដែលអគារនេះកំពុងឆេះ។

ឧត្ថម្ភាគចក្រមួយគ្រឿងកំពុងហោះក្បែរ WTC ក្រោយពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវគេប្លន់ និងហោះទៅបុកអគារនេះ។

ផ្សែងខ្មៅខ្មួលខ្មាញ់ ហុយចេញពីអគារទាំង2របស់ WTC បន្ទាប់ពីត្រូវបានវាយប្រហារ។

ឧត្ថម្ភាគចក្រ ហោះហើរត្រួតពិនិត្យការខូចខាតរបស់មន្ទីរបញ្ចកោណ ចំណែកកងកម្លាំងពន្លត់អគ្គិសភ័យកំពុងព្យាយាមគ្រប់គ្រងអណ្ដាតភ្លើង ក្រោយពីក្រុមភេរវករបានប្លន់យកយន្តហោះ Boeing 757 ដែលមានស្លាកសម្គាល់ជើងហោះហើរលេខ77 របស់ក្រុមហ៊ុនអាកាសចរណ៍American Airlines និងបញ្ជាឱ្យហោះទៅបុកមន្ទីរបញ្ចក្រោណនៅវេលាម៉ោង9និង37នាទីក្នុងថ្ងៃដដែល (11កញ្ញា)។

ផ្នែកដែលនៅសេះសល់របស់ WTC ដែលជាអគារទី2 នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ត្រូវបានកម្ទេចនៅក្នុងពពកផ្សែងធូលី សល់ត្រឹមតែគំនរបាក់បែក ក្រោយពីអគារមួយទៀត រលំរលាយបានប្រហែលកន្លះម៉ោង។

អ្នកពន្លត់អគ្គិភ័យមួយក្រុម ដើរនៅលើគំនរបាក់បែកដែលស្ថិតនៅក្បែរជើងអគារខាងត្បូងរបស់ WTC កាលពីថ្ងៃទី11កញ្ញា2001។

បន្ទាប់ពីបានឆេះអស់រយៈពេល1ម៉ោងនិង42នាទី អគារពាណិជ្ជពិភពលោកទាំង2នេះ ក៏បានដួលរលំរលាយ។ ការដួលរលំរបស់អគារទាំង2នេះ ក៏បានធ្វើឱ្យអគារទាបៗដែលនៅក្បែរនោះត្រូវរងការខូចខាតមួយផ្នែកធំ ឬទាំងស្រុងក៏មាន។ អគារ WTC លេខ7 បានដួលរលំនៅវេលាម៉ោង17និង21នាទី។

ក្រុមមន្ត្រីស៊ើបអង្កេត មកកាន់កន្លែងកើតហេតុនៃការធ្លាក់យន្តហោះនៅក្បែរតំបន់ Shanksville ក្នុងរដ្ឋ Pennyslvania កាលពីថ្ងៃទី11កញ្ញា2001។

យន្តហោះ Boeing 757 មានស្លាកសម្គាល់ជើងហោះហើរលេខ93 របស់ក្រុមហ៊ុន United Airlines បានធ្លាក់នៅតំបន់ Shanksville វេលាម៉ោង10និង3នាទី ក្រោយពីក្រុមអ្នកដំណើរបានព្យាយាមគ្រប់គ្រងក្រុមភេរវករដែលកំពុងប្លន់យន្តហោះនេះ។

ករណីវាយប្រហារភេរវកម្មក្នុងថ្ងៃទី11 ខែកញ្ញា ឆ្នាំ2001 នៅសហរដ្ឋអាម៉េរិក បានសម្លាប់មនុស្សជិត3,000នាក់៕

ប្រភព៖ RT

Advertisement