រដ្ឋាភិបាលបារាំង ត្រូវបង់ថ្លៃ​​ប្រាក់​ខែ​84%​ ជូន​ដល់​ឪពុកម្ដាយនៅផ្ទះមើលថែកូនៗដែលត្រូវបានផ្អាកការសិក្សា ព្រោះតែCOVID-19

ឪពុកម្ដាយដែលនៅផ្ទះមើលថែកូនៗនៅពេលសាលារៀនត្រូវបិទទ្វារដោយសារ COVID-19 នឹងទទួលបានប្រាក់​ខែ​ស្មើនឹង84%នៃប្រាក់ខែរបស់ពួកគេ។

យោងតាមសារព័ត៌មាន Dailymail ខ្ទង់ប្រាក់ខែខាងលើ នឹងត្រូវបានផ្ដល់ជូនមនុស្សម្នាក់ (ឪពុក ឬម្ដាយ) ក្នុងគ្រួសារដែលមានកូនក្រោមអាយុ16ឆ្នាំ។ គោលនយោបាយនេះនឹងត្រូវបានរាប់ចាប់ពីថ្ងៃទី1កញ្ញា2020។

ការសម្រេចចិត្តខាងលើរបស់រដ្ឋាភិបាលបារាំង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី10កញ្ញា នៅក្នុងគ្រាដែលការឆ្លង​រាល​ដាលថ្មីនៃវីរុសCOVID-19 បានកើតឡើងនៅពេលប្រទេសនេះបើកទ្វារសាលារៀនឡើងវិញចាប់ពីថ្ងៃទី1កញ្ញា ដែល​បញ្ហានេះបានបណ្ដាលឱ្យសាលារៀនចំនួន34កន្លែងត្រូវបិទទ្វារជាថ្មី ក្នុងនោះមានបន្ទប់រៀនចំនួន500ត្រូវបាន​លុបចោល។

នេះគឺជាវិធីមួយក្នុងចំណោមយុទ្ធសាស្ត្រនានាដែលត្រូវបានរដ្ឋាភិបាលបារាំងដាក់ចេញ ក្រោយពីប្រទេសនេះបាន​រកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន9,843នាក់ទៀតក្នុងថ្ងៃទី10កញ្ញា។ ចាប់ពីដើមខែកញ្ញានេះ តួលេខអ្នកឆ្លងវីរុសថ្មីបានកើនឡើងខ្ពស់ ដោយជាមធ្យម មាន 7,292នាក់/ថ្ងៃ។ ក្នុងខែសីហា មធ្យមភាគនេះមានត្រឹម​តែ​3,003​នាក់ប៉ុណ្ណោះ។

រដ្ឋាភិបាលបារាំង ត្រូវបង់ប្រាក់ខែ84% ជូនដល់ឪពុកម្ដាយនៅផ្ទះមើលថែកូនៗដែលត្រូវបានផ្អាកការសិក្សា ព្រោះតែCOVID-19
ប្រធានាធិបតី​បារាំង លោក Emmanuel Macron ចូល​ធ្វើ​ទស្សនកិច្ច​នៅសាលា​បឋម​សិក្សា​មួយ​កន្លែង​

ថ្វីបើតួលេខអ្នកឆ្លងវីរុសមានការកើនឡើងច្រើន ប៉ុន្តែ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឱ្យដឹងថា រដ្ឋាភិបាលនឹងដាក់បម្រាមគោចរទៅតាមតំបន់ជាក់លាក់ ពោលគឺមិនមែនទូទាំងប្រទេសនោះទេ។

គិតមកដល់ថ្ងៃទី12កញ្ញានេះ ប្រទេសបារាំងមានអ្នកស្លាប់ដោយសារCOVID-19 សរុប30,893នាក់ នៅក្នុងចំណោមអ្នកដែលបានឆ្លងវីរុសចំនួន363,350នាក់។ តួលេខអ្នកស្លាប់នៅប្រទេសបារាំង ជាប់លំដាប់ទី7ក្នុងពិភពលោក។

នៅទូទាំងសកលលោកទាំងមូល គិតមកដល់បច្ចុប្បន្ន មានអ្នកស្លាប់ដោយសារឆ្លងCOVID-19 សរុប 919,715​នាក់ ខណៈដែលអ្នកបានឆ្លងវីរុសសរុប ឡើងដល់ 28,657,002នាក់៕

ប្រភព៖ Dailymail, Worldometers

Advertisement