ចិនរកឃើញទៀតហើយ អាហារក្លាស្សេ នាំចូលពីរុស្ស៊ី លទ្ធផលពិនិត្យ វិជ្ជមានកូវីដ-19

សារព័ត៌មានស៊ីនហួ បានរាយការណ៍ថា រដ្ឋបាលក្នុងតំបន់ទីក្រុងឆាងឈុន ទីក្រុងធំរបស់មណ្ឌលជីលីន ភាគខាងកើត ឆៀងខាងជើងនៃប្រទេសចិន បានពិនិត្យរកឃើញនៅលើគំរូសម្ភារវេចខ្ចប់អាហារសមុទ្រក្លាស្សេរឹង ដែលនាំចូលមកពីបរទេស មានលទ្ធផលពិនិត្យមេរោគវីរុសកូរ៉ូណាប្រភេទថ្មី វិជ្ជមាន។

សម្ភារវេចខ្ចប់ទាំងនោះ បាននាំចូលមកពីប្រទេសរុស្ស៊ី និងមានលទ្ធផលពិនិត្យរកមេរោគ វិជ្ជមាន ក្នុងអំឡុងពេលពិនិត្យចម្រាញ់រកមេរោគកូវីដ-19 តាមប្រក្រតី កាលពីថ្ងៃសុក្រ ទី18 កញ្ញា ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺនៃទីក្រុងឆាងឈុន ដែលបានអះអាងលទ្ធផលនៃការពិនិត្យនេះ នៅថ្ងៃសៅរ៍ ទី19កញ្ញា។

អង្គភាពសាធារណៈសុខាភិបាលរបស់ទីក្រុងឆាងឈុន បានតាមស្វែងរកអ្នកដែលធ្វើការប៉ះពាល់ជិតស្និទ្ធជាមួយសម្ភារវេចខ្ចប់ទាំងនោះ និងបាននាំខ្លួនមកដាក់នៅក្រោមការពិនិត្យតាមដានពីក្រុមគ្រូពេទ្យ តែបច្ចុប្បន្ន ទាំងអស់គ្នានោះ នៅមានលទ្ធផលអវិជ្ជមាននៅឡើយ។
សេចក្ដីប្រកាស ពីអង្គភាពផ្នែកការការពារ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ទីក្រុង កាលពីថ្ងៃអាទិត្យ ទី20 កញ្ញា បានឱ្យដឹងថា សម្ភារវេចខ្ចប់ខាងលើនោះ មានទម្ងន់ 10គីឡូក្រាម និងត្រូវបានបញ្ជូនមកទីក្រុងហ្វ៊ូអ៊ី របស់ជីលីន។

ក្រៅពីនេះ អង្គភាពសាធារណៈសុខាភិបាលរបស់ទីក្រុងឆាងឈុន បានអំពាវនាវឱ្យប្រជាជនដែលអាចមានប៉ះពាល់ជិតស្និទ្ធនឹងសម្ភារវេចខ្ចប់ទាំងនោះ ត្រូវមកបង្ហាញខ្លួននៅអង្គភាពសាធារណៈសុខាភិបាលគ្រប់ជាន់ថ្នាក់ នៅតាមភូមិឃុំ និងចូលទៅទទួលការពិសោធ អាស៊ីត នីវគ្លីអ៊ិក ដើម្បីពិនិត្យរកមេរោគកូវីដ-19៕

ប្រភព៖ សាព័ត៌មានបរទេស

Advertisement