ទ័ពអាកាស​មហានាគ​ចិន បញ្ចេញ​ឃ្លី​ប​គំរូ កម្ទេច​មូលដ្ឋានទ័ព​កោះ​ហ្គួ​ម គំរាម​ស្មារតី​មហា​ឥន្ទ្រី​អាមេរិក

កាលពី​ថ្ងៃទី21 កញ្ញា ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា កងទ័ពអាកាស​ចិន បាន​ផ្សព្វផ្សាយ​ឃ្លី​ប​វីដេអូ​មួយ នៅលើ​បណ្ដាញ​សង្គម​អន​ឡាញ ដែល​បង្ហាញឱ្យឃើញ​ពី​ការវាយប្រហារ​បែប​ក្លែងក្លាយ ទៅលើ​មូលដ្ឋានទ័ព​មួយកន្លែង ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​មូលដ្ឋាន​ទ័ពអាកាស អ៊ែន​ឌើ​សុន របស់​សហរដ្ឋអាមេរិក នៅលើ​កោះ​ហ្គួ​ម។

ឃ្លី​ប 1នោះ មាន​ប្រភព​មកពី វេ​យ​ប៉ូ ប្រពន្ធ​បណ្ដាញ​សង្គម​ដ៏​ពេញនិយម​នៅក្នុង​ប្រទេស​ចិន កណ្ដាល​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​គ្រប់ផ្នែក​រវាង​ចិន និង​អាមេរិក ជាពិសេស​ចំណុច​វិវាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាមួយ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ាន និង​សមុទ្រ​ចិន​ខាងកើត​ជាមួយ​ជប៉ុន។

សកម្មភាព​នេះ ថែមទាំង​កើតឡើង​ក្នុងអំឡុងពេល​ប្រតិបត្តិការ​សមយុទ្ធ​រប​ស់​កងទ័ព​ចិន​នៅក្នុង​ឈូង​សមុទ្រ​តៃវ៉ាន់ បន្ទាប់ពី​ការធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ របស់​បុគ្គល​លំដាប់​ខ្ពស់​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ក្នុងអំឡុង​ច្រើន​ឆ្នាំកន្លងមក ធ្វើឱ្យ​កើតក្ដី​ក្ដៅក្រហាយ​យ៉ាងខ្លាំង​ដល់​រដ្ឋបាល​ក្រុង​ប៉េកាំង ដែល​សម្លឹង​កោះ​តៃវ៉ាន់​ថា ជា​ផ្នែក​មួយ​របស់​ចិន។

ឃ្លី​ប​ខាងលើ មាន​រយៈពេល 2នាទី និង 15វិនាទី ដោយបាន​បង្ហាញឱ្យឃើញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ ម៉ូ​ដែល H-6K ដែល​អាច​បំពាក់​គ្រាប់បែកបរមាណូ​បាន។ ឃ្លី​ប​នេះ មាន​ឈ្មោះថា “អាទិទេព​នៃ​សង្គ្រាម H-6K ចេញ​ធ្វើសង្គ្រាម។

បន្ទាប់មក ឃ្លី​ប​នេះ​បានបង្ហាញ​រូបភាព​ពី​ផ្កាយរណប​ដែល​បង្ហាញឱ្យឃើញ​មូលដ្ឋានទ័ព​មួយកន្លែង ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​មូលដ្ឋាន​ទ័ពអាកាស អ៊ែន​ឌើ​សុន របស់​សហរដ្ឋអាមេរិក នៅលើ​កោះ​ហ្គួ​ម។ បន្ទាប់ពីនោះ អ្នកបើក​យន្តហោះ​បាន​ចុច​កុងតាក់​ទម្លាក់​គ្រាប់បែក​មហា​ប្រល័យ និង​បន្ត​ដោយ​ឆាក​កោះ អាល់​ខា​ត្រាស់ ផ្ទុះឡើង ដែល​រូបភាព​នេះ អ្នក​ផលិត​បាន​យកចេញ​មកពី​ខ្សែភាពយន្ត​ហូលីវូដ​ដ៏​ល្បីល្បាញ​មួយនា​ឆ្នាំ1996។

កងទ័ពអាកាស​ចិន បានបញ្ជាក់​ពី​សេចក្ដីលម្អិត​របស់​ឃ្លី​ប​នោះ​ថា “ពួកយើង គឺជា​អ្នកការពារ​សន្តិសុខ​លើ​វេហាស៍ យើង​មាន​សក្ដានុពល និង​ភាពជឿជាក់​ក្នុងការ​ថែរក្សា​ដែនអាកាស​នៃ​មាតុភូមិ​របស់​យើង​គ្រប់ពេលវេលា!។ ចំណែក​ក្រសួងការពារជាតិ​ចិន និង​ក្រសួងការពារជាតិ​អាមេរិក មិនទាន់​បញ្ចេញ​ទស្សនៈ​យ៉ាងណា​នៅឡើយ។

លោក ខូ​ល​លីន កូ អ្នកវិភាគ មកពី​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​យុទ្ធសាស្ត្រ និង​សន្តិសុខ​នៃ​ប្រទេស​សិង្ហ​បុរី យល់ឃើញថា ឃ្លី​ប 1នេះ ត្រូវការ​ឆ្លុះបញ្ចាំង​ឱ្យ​សហគមន៍​ពិភពលោក​បានដឹង​អំពី​កម្រិត​សមត្ថភាព “ការបង្ហាញ​អំណាច” របស់​កងទ័ព​ចិន ដែល​កំពុងតែ​ពង្រីក​ខ្លួន​ខ្លាំងឡើង។

លោក​ថ្លែងថា “ឃ្លី​ប​នេះ​ត្រូវ​ការឱ្យ​ភាគី​អាមេរិក​បានដឹង ជាពិសេស ដែល​គិតថា​ខ្លួនឯង​ស្ថិតនៅ​ឆ្ងាយ និង​មាន​សុវត្ថិភាព ដូចជា​កោះ​ហ្គួ​ម​នេះ​ជាដើម ក៏​អាច​ធ្លាក់​ក្រោម​ការវាយប្រហារ​របស់​ចិន​បានដែរ បើសិនជា​ចំណុច​វិវាទ ដូចជា​ជាមួយ​តៃវ៉ាន់ ឬ​សមុទ្រ​ចិន​ខាងត្បូង រីកធំឡើង​ក្លាយជា​សង្គ្រាម​ធំ​មួយ​នោះ។

ទាំងអស់នេះ កោះ​ហ្គួ​ម គឺជា​ទីតាំង​របស់​មូល​ដ្ឋា​ន​ទ័ព​ដែលមាន​ភាព​សំខាន់​ខាង​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក នៅក្នុង​ភូមិភាគ​អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក ហើយ​វា​នឹង​ក្លាយ​កូនសោ​សំខាន់​ក្នុងការ​បញ្ជាការ​យុទ្ធនាការ​ធ្វើសង្គ្រាម ក្នុងករណី​ដែល​ជម្លោះ​ជាមួយ​តៃវ៉ាន់ ឬ​សមុទ្រ​ចិន​ខាងត្បូង ក្លាយជា​សង្គ្រាម៕

ប្រភព៖ សារព័ត៌មាន​បរទេស

Advertisement