មើលទៅ ដូចជារាងធ្ងន់ធ្ងរជាងមុន! បារាំងឆ្លងមេរោគ 1ថ្ងៃ លើសខ្ទង់ម៉ឺន ឯអេស្ប៉ាញក៏នៅតែយ៉ាប់យ៉ឺន!

ប្រទេសបារាំង កាលពីថ្ងៃអង្គារ(ទី22កញ្ញា) បានរាយការណ៍អំពីការរកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(កូវីដ-19) ច្រើនជាង 1ម៉ឺននាក់ក្នុងអំឡុងពេល 24ម៉ោង ដែលនេះជាតួលេខលើសខ្ទង់ម៉ឺន ជាថ្ងៃទី6ហើយ ក្នុងអំឡុងពេល 12ថ្ងៃចុងក្រោយ ខណៈដែលអេស្ប៉ាញ ស្ថានការណ៍ ក៏វិលត្រឡប់ទៅរកសភាវអាក្រក់ មិនចាញ់គ្នាប៉ុន្មានដែរ ដោយតួលេខអ្នកឆ្លងមេរោគប្រចាំថ្ងៃចុងក្រោយបំផុត ហក់ឡើងដល់ជិត 10,800នាក់។

ក្រសួងសាធារណៈសុខាភិបាលបារាំង បានរាយការណ៍ពីការរកឃើញអ្នកឆ្លងមេរោគ 10,008នាក់ ក្នុងថ្ងៃអង្គារ(ទី22កញ្ញា) កើនឡើងយ៉ាងច្រើនពី 5,298នាក់ កាលពីថ្ងៃចន្ទ(ទី21កញ្ញា) តែធ្លាក់ចុះពីកម្រិត 10,569នាក់នៅថ្ងៃអាទិត្យ(ទី20កញ្ញា) ខណៈដែលតួលេខអ្នកឆ្លងមេរោគប្រចាំថ្ងៃខ្ពស់បំផុត រាប់ចាប់ពីមានការឆ្លងរាលដាលមក ទើបតែកើតមានកាលពីថ្ងៃសៅរ៍(ទី19កញ្ញា)ក្នុងចំនួន 13,498នាក់។ ទាំងអស់នេះ បានធ្វើឱ្យចំនួនអ្នកឆ្លងមេរោគ កើនឡើងដល់ 468,069នាក់។

ក្រសួងសាធារណៈសុខាភិបាលបារាំង ថែមទាំងបានរាយការណ៍ពីការរកឃើញអ្នកស្លាប់ កើនឡើង 78នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ 31,416នាក់ ដោយចំនួនអ្នកស្លាប់ក្នុងថ្ងៃអង្គារ(ទី22កញ្ញា) គឺជាចំនួនខ្ពស់ជាងកម្រិតមធ្យម 7ថ្ងៃ ដែលស្ថិតក្នុងចំនួនប្រមាណជា 60នាក់ក្នុង 1ថ្ងៃ។

ក្រៅពីនេះ ទិន្នន័យខាងក្រសួងសាធារណៈសុខាភិបាលបារាំង នៅបានរកឃើញទៀតថា ចំនួនអ្នកចូលព្យាបាលនៅក្នុងមន្ទីរពេទ្យ បានកើនឡើងជាបន្តបន្ទាប់ក្នុងអំឡុង3 ក្នុង4សប្ដាហ៍ចុងក្រោយ ដោយក្នុងថ្ងៃអង្គារ(ទី22កញ្ញា) បានកើនឡើង 180នាក់ សរុប 5,796នាក់។

ចំណែកចំនួនអ្នកដែលត្រូវចូលព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដែលជាចំនួនវាស់ពីសក្ដានុពលរបស់ប្រព័ន្ធសាធារណៈសុខាភិបាល ក្នុងការទប់ទល់នឹងជំងឺរាតត្បាតដ៏ធំនេះ បានកើនឡើង 32នាក់ សរុប 951នាក់ តែ នៅតែតិចជាងកម្រិតខ្ពស់បំផុតកាលពីអំឡុងដើមខែមេសា ដែលគ្រានោះ តួលេខបានហក់ឡើងដល់កម្រិត 7,148នាក់ឯណោះ។

បារាំង ក៏ដូចប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុបដែរ ដែលអត្រាការឆ្លងមេរោគ បានវិលមកកើនឡើងខ្ពស់ក្នុងខែកន្លងទៅ បណ្ដាលឱ្យពួកគេត្រូវលើកកម្ពស់វិធានការទប់ស្កាត់ការឆ្លងរាលដាល ដោយបានបង្កើនភាពតឹងរ៉ឹង ដាក់កំណត់ផ្នែកការជួបជុំរបស់សាធារណជន ឬបុគ្គល ក្នុងទីតាំងផ្សេងៗ ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

ក្រៅពីប្រទេសបារាំងហើយ អេស្ប៉ាញ ក៏ជាប្រទេស 1ទៀតដែរ ដែលស្ថានការណ៍ឆ្លងរាលដាល បានវិលមកអាក្រក់ឡើងវិញ ដោយចុងក្រោយបំផុត អេស្ប៉ាញរកឃើញអ្នកឆ្លងមេរោគថ្មីប្រចាំថ្ងៃ កើនឡើងជិត 10,800នាក់ កាលពីថ្ងៃអង្គារ(ទី22កញ្ញា) ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគសរុបចំនួន 682,267នាក់ ខណៈដែលតំបន់ កាតាឡូនី បានឱ្យដឹងថា នឹងលើកកម្ពស់ការដាក់កំណត់ការជួបជុំរបស់សាធារណជន។

ដោយបានរកឃើញអ្នកស្លាប់បន្ថែមទៀត 21នាក់ ក្នុងអំឡុងពេល 24ម៉ោងកន្លងមក ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារកូវីដ-19 នៅក្នុងប្រទេសអេស្ប៉ាញ ឡើងដល់ 30,904នាក់។

ទិន្នន័យរបស់ក្រសួងសាធារណៈសុខាភិបាលអេស្ប៉ាញ បានបញ្ជាក់ថា មានអ្នកឆ្លងមេរោគកូវីដ-19 ច្រើនជាង 10,600នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងនោះ 1,348នាក់ ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។ អេស្ប៉ាញ មានចំនួនអ្នកឆ្លងមេរោគកូវីដ-19 ខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុបខាងលិច ហើយមន្ត្រីសុខាភិបាលតំបន់កាតាឡូនី បានប្រាប់ថា ពួកគេនឹងដាក់កំណត់លើការប្រមូលផ្ដុំរបស់ប្រជាជន ច្រើនបំផុតមិនលើស 6នាក់ ដែលកាលពីមុនបាន10នាក់ នៅទូទាំងតំបន់ខាងកើតឆៀងខាងជើងមួយនេះ ដើម្បីកាត់បន្ថយភាពប្រថុយប្រថានពីការចម្លងសាយភាយមេរោគ។

នៅក្នុងតំបន់អ្នកប្រើកម្លាំងពលកម្មមួយចំនួនក្នុងទីក្រុងម៉ាឌ្រីត ជាចំណុចដែលតួលេខអ្នកឆ្លងមេរោគហក់ឡើងខ្ពស់បំផុតនោះ អាជ្ញាធរតំបន់ បានចេញបញ្ជាឱ្យបិទទីតាំងមួយចំនួន តាំងពីថ្ងៃចន្ទរហូតមក ដែលបញ្ហានេះបានជំរុញឱ្យកើតមានការតវ៉ាទាមទារ និងបង្កឱ្យមានការចោទប្រកាន់ថា អាជ្ញាធរ ជ្រើសរើសប្រតិបត្តិតែលើទីតាំងអ្នកក្រ៕

ប្រភព៖ សារព័ត៌មានបរទេស

 

Advertisement