លក់ទឹក រហូតដល់ក្លាយជាអ្នកមាន!! “ចុង ឆានសាន” ឆ្កែចចកឯកោ ក្លាយជាមហាសេដ្ឋីលំដាប់លេខ1 ក្នុងប្រទេសចិន កៀរ ជែក ម៉ា ទៅកៀន

ក្រុមទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍នៅថ្ងៃទី25កញ្ញា ថា សន្ទស្សន៍មហាសេដ្ឋីប្ល៊ូកប៊ើក បានចាត់លំដាប់ថ្នាក់ឱ្យ “ចុង សានឆាន” ស្ថាបនិកក្រុមហ៊ុន “ណងហ្វ៊ុ ស្ព្រីង” ផលិតទឹករ៉ែធម្មជាតិដាក់ដប នៅក្នុងប្រទេសចិន ក្លាយជាអ្នកដែលមានជាងគេបំផុតនៅក្នុងទឹកដីមហានាគចិន វ៉ាដាច់ ជែក ម៉ា ស្ថាបនិក “អាលីបាបា”។

របាយការណ៍បញ្ជាក់ថា កាលពីអំឡុងដើមខែកញ្ញា ឆ្នាំ2020 លោកចុង បានក្លាយជាអ្នកមានជាងគេបំផុតលំដាប់លេខ3 នៅក្នុងប្រទេសចិន​នៅពេលដែលលោកចាប់ផ្ដើមលក់ភាគហ៊ុនដល់សាធារណជន។

ថ្មីៗបំផុតនេះ កាលពីថ្ងៃពុធ(ទី23កញ្ញា) ទ្រព្យសម្បត្តិទាំងមូលរបស់លោក កើនឡើងដល់ 5.87ម៉ឺនលានដុល្លារអាមេរិក ច្រើនជាងលោក ជែក ម៉ា ប្រមាណជា 2ពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្ន លោកចុង ក្លាយជាមហាសេដ្ឋីលំដាប់ទី17 ក្នុងចំណោមកំពូលមហាសេដ្ឋី 500នាក់ លើគេក្នុងពិភពលោក។

ក្រៅពីភាគហ៊ុននៅក្នុង ណងហ្វ៊ុ ស្ព្រីង ហើយ លោកចុង ថែមទាំងជាប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំង “Beijing Wantai Biological Pharmacy Enterprise” ដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងផ្សារហ៊ុនចិនទៀតផង។

លោកចុង បានទទួលរហស្សនាមថា “ឆ្កែចចកឯកោ” ដោយសារតែលោក ជាមនុស្សដែលចូលចិត្តសម្ងំខ្លួននៅតែឯងៗ ខុសពីអ្នកដឹកនាំមុខជំនួញធំៗឯទៀតរបស់ចិន ហើយលោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតែមិនប៉ុន្មាននាក់ប៉ុណ្ណោះនៅក្នុងប្រទេសចិន ដែលអាចបង្កើតក្រុមហ៊ុនមានតម្លៃច្រើនជាងខ្ទង់ម៉ឺនលានដុល្លារអាមេរិក បានដល់ទៅ 2ក្រុមហ៊ុន៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement