កូរ៉េខាងត្បូងបញ្ជូននាវា39គ្រឿងទៅកាន់ព្រំដែនសមុទ្រកូរ៉េខាងជើង ដើម្បីស្វែងរកសាកសពមន្ត្រីម្នាក់ដែលត្រូវបានគេបាញ់សម្លាប់

ទីក្រុងសេអ៊ូលបានបញ្ជូននាវាចម្បាំង នាវាល្បាតសមុទ្ររាប់សិបគ្រឿង ទៅស្វែងរកសាកសពមន្ត្រីរបស់ខ្លួនដែលត្រូវបានគេបាញ់សម្លាប់កាលពីពេលថ្មីៗនេះ បើទោះជាទីក្រុងព្យុងយ៉ាងបានព្រមានអំពីហានិភ័យនៃការរំលោភដែនសមុទ្ររបស់ពួកគេក៏ដោយ។

កាលពីថ្ងៃទី27កញ្ញា កូរ៉េខាងត្បូងបានបញ្ជូននានាចម្បាំងចំនួន16គ្រឿង និងយន្តហោះចំនួន6គ្រឿង ខណៈដែលនគរបាលល្បាតសមុទ្របញ្ជូននាវា23គ្រឿង ទៅកាន់តំបន់ព្រំដែនសមុទ្រភាគខាងជើង (NLL) ដែលជាប់ជាមួយនឹងកូរ៉េខាងជើង ដើម្បីស្វែងរកសាកសពមន្ត្រីជលផលម្នាក់របស់ប្រទេសនេះ ដែលត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់។

សូមបញ្ជាក់ថា មន្ត្រីជលផលរបស់កូរ៉េខាងត្បូងម្នាក់បានបាត់ខ្លួនកាលពីថ្ងៃទី21កញ្ញា នៅពេលកំពុងត្រួតពិនិត្យជលផលនៅក្បែរ NLL។ កងទ័ពកូរ៉េខាងត្បូងជឿថា ក្រុមទាហានកូរ៉េខាងជើង បានបាញ់សម្លាប់មន្ត្រីរូបនេះ រួចដុតសាកសពចោល ខណៈដែលទីក្រុងព្យុងយ៉ាងបានសរសេរលិខិតផ្ញើទៅកាន់ទីក្រុងសេអ៊ូលដើម្បីសុំទោសអំពីហេតុការណ៍ដែលបានកើតឡើង និងបានអះអាងថា ពួកគេគ្រាន់តែដុតពោងរបស់មន្ត្រីរូបនេះក្រោយពីមិនបានរកឃើញសាកសព។

នាវាចម្បាំង​កូរ៉េខាង​ត្បូង​នៅ​ក្បែរ​បន្ទាត់​ព្រំដែន​សមុទ្រ​កូរ៉េខាង​ជើង

សកម្មភាពស្វែងរករបស់ទីក្រុងសេអ៊ូលនៅក្បែរកោះ Yeonpyeong ត្រូវបានទីក្រុងព្យុងយ៉ាងស្នើឱ្យបញ្ឈប់ជាបន្ទាន់ និងបានព្រមានថា ប្រការនេះអាចនាំឱ្យមានការរំលោភលើដែនសមុទ្ររបស់កូរ៉េខាងជើង។

“យើងមិនដែលលើកលែងចំពោះការរំលោភណាមួយទៅលើដែនសមុទ្ររបស់យើង ហើយយើងសុំព្រមានយ៉ាងម៉ឺងម៉ាត់ដើម្បីឱ្យកូរ៉េខាងត្បូងគោរពប្រការនេះ។ យើងអំពាវនាវឱ្យកូរ៉េខាងត្បូង បញ្ឈប់ការឈ្លានពានទៅលើបន្ទាត់បែងចែកយោធានៅតំបន់សមុទ្រភាគខាងលិច ដែលវាអាចនាំឱ្យមានភាពតានតឹងកើតឡើង” នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់កូរ៉េខាងជើង KCNA ដែលបានប្រកាសឱ្យដឹងកាលពីថ្ងៃទី27កញ្ញា។

កូន​នាវា​ល្បាត​សមុទ្រ​របស់​កូរ៉េខាង​ត្បូង​ កំពុង​ស្វែង​រក​សាក​សព​មន្ត្រី​ជលផល​ម្នាក់​ដែល​ត្រូវ​បាន​ទាហាន​កូរ៉េខាង​ជើង​បាញ់​សម្លាប់​

ក៏ប៉ុន្តែ មន្ត្រីនគរបាលកូរ៉េខាងត្បូងម្នាក់បានសង្កត់ធ្ងន់ថា សកម្មភាពស្វែងរករបស់ពួកគេកំពុងប្រព្រឹត្តទៅប្រកបដោយភាពម៉ត់ចត់ក្នុងរង្វង់ដែនសមុទ្រភាគខាងត្បូង NLL។ មន្ត្រីខាងលើនិយាយថា៖ “យើងកំពុងបង្កើនចំនួននាវា និងកម្លាំងមនុស្សដើម្បីធ្វើការស្វែងរក”។

ចំណែកកូរ៉េខាងជើងវិញ ក៏បានអះអាងថា នឹងប្រគល់សាកសពមន្ត្រីកូរ៉េខាងត្បូងដែលបាត់ខ្លួននោះ បើសិនជាពួកគេរកឃើញ ប៉ុន្តែ ក៏បានព្រមានថា សកម្មភាពស្វែងរកនានារបស់កងទ័ពជើងទឹកនៃប្រទេសនេះនៅក្បែរកន្លែងកើតហេតុ អាចបណ្ដាលឱ្យមានភាពតានតឹងកើនឡើងខ្ពស់។

ទាហាន​កូរ៉េខាង​ត្បូង​ កំពុង​ល្បាត​លើ​ឆ្នេរ​នៃ​កោះ​ Yeonpyeong

សូមរំឭកថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un កាលពីថ្ងៃទី25កញ្ញា ក៏បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដែលក្នុងលិខិតនោះ លោក Kim បានសុំទោសប្រជាជនកូរ៉េខាងត្បូង ហើយយល់ថា ហេតុការណ៍នេះ មិនគួរកើតឡើង។ អង្គភាពចារកម្មរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ភស្ដុតាងដែលប្រមូលបាន បង្ហាញថា លោក Kim Jong-un មិនជាប់ទាក់ទងនឹងហេតុការណ៍ទាហានកូរ៉េខាងជើងបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងនេះទេ៕

ប្រភព៖ Yonhap/ KCNA

Advertisement