ភ្លើងឆេះអគារ Huawei មានអ្នកស្លាប់ 3នាក់

រូបភាពដែលផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមអនឡាញដោយទីភ្នាក់ងារព័ត៌មាន CCTV របស់រដ្ឋចិន បានបង្ហាញឱ្យឃើញអំពីហេតុការណ៍ភ្លើងឆេះអគារស្រាវជ្រាវអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huawei នៅក្នុងទីក្រុងតុងកួន ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃសុក្រ ទី25កញ្ញា ដោយមានអ្នកស្លាប់ចំនួន 3នាក់។

អ្នកពន្លត់អគ្គិភ័យ បាននាំគ្នារូតរះទៅពន្លត់ភ្លើងនៅឯអគារស្រាវជ្រាវ ដែលមួយផ្នែកកំពុងស្ថិតក្នុងការសាងសង់នៅឡើយ។ អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់កាលពីថ្ងៃសុក្រថា មានអ្នកស្លាប់ 3នាក់ ក្រោយពីកើតហេតុការណ៍ភ្លើងឆេះដ៏ធំមួយ នៅមជ្ឈមណ្ឌលស្រាវជ្រាវរបស់ក្រុមហ៊ុន Huawei Technologies ដែលជាក្រុមហ៊ុនដ៏ធំមួយខាងផ្នែកតិចណូឡូជីរបស់ចិន។

តាមរបាយការណ៍របស់រដ្ឋបាលក្នុងតំបន់ បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ បានចាប់ផ្ដើមឡើងនៅឯអគារដែលកំពុងស្ថិតក្នុងការសាងសង់នៅឡើយ  នៅលើផ្លូវអាលីសាន ដែលក្រុមហ៊ុនកំពុងអភិវឌ្ឍធ្វើជាទីតាំងសម្រាប់ការស្រាវជ្រាវ ហើយអណ្ដាតភ្លើងបានរលត់ទៅវិញ បន្ទាប់ពីភ្នាក់ងារពន្លត់អគ្គិភ័យចំនួន 140នាក់ បានផ្ដុំកម្លាំងគ្នាចូលទៅក្នុងទីតាំងនោះដើម្បីទប់ស្កាត់ភ្លើង។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បានប្រាប់ទៅទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមហ៊ុននៅមិនទាន់អាចផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងហេតុការណ៍អគ្គិភ័យនេះបានទេ។ រដ្ឋបាលតំបន់តុងកួន បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ចំណុចដែលជាដើមហេតុនៃអគ្គិភ័យនេះគឺជា “គ្រោងសាងដែកដែលនៅមិនទាន់បានប្រើការ” ដែលនៅជិតបន្ទប់ប្រតិបត្តិការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាវជ្រាវរបស់ក្រុមហ៊ុន។

ប្រភពព័ត៌មានពីអ្នកជំនាញ បានឱ្យដឹងថា បន្ទប់ប្រតិបត្តិការភាគច្រើន ធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងវត្ថុសម្ភារ ដូចគ្នានឹងការសាកល្បងបង្គោលអង់តែន 4G និង 5G ដែលពាក់ព័ន្ធនឹងមុខជំនួញស្ថានីយរបស់ Huawei។

កាលពីពេលមុននេះ អង្គភាពពន្លត់អគ្គិភ័យ បានថ្លែងថា ភ្លើងបានឆេះចេញពីសម្ភារចម្បងៗ គឺសំឡីកប្បាសបឺតសំឡេង។

ទាំងអស់នេះ ទីស្នាក់ការក្នុងតំបន់របស់Huawei ស្ថិតនៅក្នុងទីក្រុងភាគខាងត្បូងរបស់ហ្សឹនជិន តែមានទីស្នាក់ការធំរបស់សាខា ស្ថិតនៅក្នុងទីក្រុងតុងកួន៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement