កិច្ចជជែកតតាំងគ្នារវាងលោក Trump និងលោក Biden “អន់ជាងសង្គ្រាមរវាងស្ត្រីមេផ្ទះទៅទៀត”

កិច្ចជជែកតតាំងគ្នារវាងលោក Trump និងលោក Biden “អន់ជាងសង្គ្រាមរវាងស្ត្រីមេផ្ទះទៅទៀត”
កិច្ចជជែកតតាំងគ្នារវាងលោក Trump និងលោក Biden “អន់ជាងសង្គ្រាមរវាងស្ត្រីមេផ្ទះទៅទៀត”

ការកាត់សម្ដីជាច្រើនលើក ការដណ្ដើមគ្នានិយាយ និងការស្រែកខ្លាំងៗទៅកាន់គូបដិបក្ខ បានកើតឡើងជាបន្តបន្ទាប់នៅក្នុងកិច្ចជជែកតតាំងទល់មុខគ្នាលើកដំបូងរវាងប្រធានាធិបតី Donald Trump មកពីបក្សសាធារណរដ្ឋ និងលោក Joe Biden បេក្ខភាពប្រធានាធិបតី មកពីបក្សប្រជាធិបតេយ្យ ដែលព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី29កញ្ញា (ម៉ោងនៅសហរដ្ឋអាមេរិក)។

នៅពេលកិច្ចជជែកតតាំងគ្នាបានចាប់ផ្ដើម លោកទាំង2បានកាត់សម្ដីគ្នាជាបន្តបន្ទាប់ ឬដណ្ដើមគ្នានិយាយក្នុងពេលតែមួយ។ លោក Trump តែងតែរិះគន់លើគូប្រជែង និងអ្នកដឹកនាំកម្មវិធី គឺលោក Chris Wallace ដើម្បីអូសទាញអ្នកទាំង2ឱ្យចូលទៅក្នុង “សង្គ្រាមពាក្យសម្ដី”។ សារព័ត៌មាន New York Times បានសរសេរថា សកម្មភាពនេះរបស់លោក Trump គឺដើម្បីទប់ស្កាត់ការយកចិត្តទុកដាក់របស់ទស្សនិកជន ទៅលើកំហុសឆ្គងរបស់ខ្លួន និងមិនឱ្យលោក Biden មានឱកាសបញ្ចេញឥរិយាបថជាប្រធានាធិបតី។

លោក Biden និយាយទៅកាន់លោក Trump ថា៖ “លោកស្ងាត់មាត់ទៅ បានទេ?”។

ក្នុងកិច្ចជជែកតតាំងគ្នានេះ គេឃើញអតីតអនុប្រធានាធិបតី Joe Biden មានការអស់សំណើច ដកដង្ហើមវែង ញញឹមពេបជ្រាយ នៅពេលលោក Trump រៀបរាប់អំពីបញ្ហាក្ដៅៗ ដូចជា ការតែងតាំងចៅក្រមតុលាការកំពូល រឿងអាស្រូវគេចពន្ធ ធានារ៉ាប់រងសុខាភិបាល និងបញ្ហា COVID-19 ជាដើម។

រាល់ពេលដែលលោក Trump កាត់សម្ដី និងនិយាយមិនឈប់ បើទោះមានអន្តរាគមន៍ពីអាជ្ញាកណ្ដាល Chris Wallace លោក Biden ក៏ជាគ្រវីក្បាលជាញឹកញាប់។ អ្នកយកព័ត៌មានរបស់សារព័ត៌មាន Politico បានអធិប្បាយថា៖ “លោក Biden បង្ហាញអំពីភាពនឹងធឹងល្អគួរសមនៅក្នុងកិច្ចជជែកតតាំងគ្នានេះ។ ចំណែកលោក Trump វិញ តែងតែប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារផ្ទួនៗនៅលើឆាក មិនឱ្យអ្នកណានិយាយបាន។ ក្រុមអ្នកតាមដាន យល់ថា ប្រការនេះមិនអាចជួយអ្វីដល់លោក Trump នៅពេលលោកខិតខំស្វែងរកវិធីដើម្បីបញ្ចុះបញ្ចូលម្ចាស់ឆ្នោតដែលចង់ឃើញមានការចងកំហឹងគ្នាតិចជាងមុននៅលើទឹកដីអាមេរិក”។

លោក Biden ថា៖ “លោក (Trump) គឺជាប្រធានាធិបតីអន់បំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក”។

លោក Trump បានកាត់សម្ដីរបស់លោក Biden ជាបន្តបន្ទាប់ ពិសេសគឺនៅពេលបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ និយាយអំពីការខិតខំរបស់លោក Trump ក្នុងការលុបចោលច្បាប់ការពារអ្នកជំងឺ និងការថែទាំសុខភាពស្របតាមហោប៉ៅ (Obamacare)។ ជាច្រើនលើក ម្ចាស់សេតវិមានក៏សួរសំណួរបន្តបន្ទាប់ បង្វែងដានកិច្ចជជែកតតាំង និងមិនឱ្យលោក Biden និងលោក Wallace សួរនាំ ឬឆ្លើយតបបាន។ ជាងនេះ លោក Trump ថែមទាំងបានចោទប្រកាន់ថា លោក Biden និងលោក Wallace គឺជាបក្សពួកតែមួយទៀតផង។

“ជាក់ស្ដែងគឺថា គ្រប់យ៉ាង មកដល់ពេលនេះ លោក Trump គ្រាន់តែនិយាយកុហក។ ខ្ញុំមិនចង់បកអាក្រាតសម្ដីរបស់លោកនៅទីនេះនោះទេ” លោក Biden និយាយបែបនេះ។ ភ្លាមនោះ លោក Trump ក៏ស៊កសម្ដី៖ “នៅពេលបញ្ចប់ការសិក្សា លោក (Biden) ជាប់ចំណាត់ថ្នាក់អន់ជាងគេក្នុងថ្នាក់ គឺមិនបានលេខ1នោះឡើយ”។

បើទោះជាលោក Wallace បានរំឭកលោក Trump ដើម្បីទុកឱ្យលោក Biden និយាយឱ្យចប់សេចក្ដីក៏ដោយ ប៉ុន្តែ លោក Trump មិនស្ដាប់តាមសំណើនេះ។ ចុងក្រោយ អាជ្ញាកណ្ដាលរូបនេះ ក៏ធ្វើការព្រមានបេក្ខភាពទាំង2 ដោយសារមិនគោរពតាមការកំណត់ដែលបានចែងនៅក្នុងកម្មវិធីនេះ។

ក្រោយពីកិច្ចជជែកតតាំងគ្នាខាងលើបានបញ្ចប់ មនុស្សជាច្រើនបានអធិប្បាយថា វាដូចទៅនឹង “កម្មវិធីតូចតាច ថោកទាប”។ Jake Tapper ដែលជាអ្នកដឹកនាំកម្មវិធីរបស់ CNN បានបញ្ចេញមតិថា៖ “នេះគឺជាកិច្ចជជែកតតាំងគ្នា លំដាប់អន់បំផុតដែលខ្ញុំធ្លាប់បានឃើញ។ វាមិនមិនដូចទៅនឹងកិច្ចជជែកតតាំងគ្នានោះទេ ប៉ុន្តែវាដូចទៅនឹងការដៀល បន្ទោសបង្អាប់គ្នា។ ហើយមូលហេតុចម្បងគឺមកពីប្រធានាធិបតី Trump”។

ទស្សនិកជនជាច្រើនបានប្រៀបប្រដូចកិច្ចជជែកតតាំងគ្នានេះ ទៅនឹងកិច្ចប្រជុំដែលមិនត្រូវបានគ្រប់គ្រងត្រឹមត្រូវ និងខ្វះប៊ូតុងបិទសំឡេង ដែលមិនដូចទៅនឹងកម្មវិធី Zoom។ អ្នកប្រើប្រាស់ Twitter ម្នាក់ សរសេរថា៖ “ខ្ញុំភ្នាល់10ដុល្លារ ខ្ញុំថាលោក Wallace នឹងស្នើឱ្យរៀបចំកិច្ចជជែកតតាំងគ្នាបន្ទាប់នៅលើ Zoom ដើម្បីអាចចុចប៊ូតុងបិទសំឡេងបាន”។

អ្នកលេង Twitter ជាច្រើននាក់ផ្សេងទៀតក៏នាំគ្នារំឭកដល់កម្មវិធីទូរទស្សន៍ជាក់ស្ដែងមួយចំនួន ដូចជា Real Housewives (បកប្រែក្រៅផ្លូវការថា៖ មេផ្ទះពិតប្រាកដ” ជាដើម។ អ្នកលេង Twitter ម្នាក់ សរសេរថា៖ “ពិតជាគួរឱ្យអស់សំណើចណាស់។ អ្នកទាំង2 ប្រយុទ្ធគ្នាអន់ជាងសង្គ្រាមរវាងស្ត្រីមេផ្ទះទៅទៀត”៕

ប្រភព៖ CNet, NY Times, The Guardian, AP

Advertisement