កាសែត​អង់គ្លេស៖​ នាយក​រដ្ឋ​មន្ត្រី​ Johnson​ កំពុង​ពិចារណា​លា​ឈប់​ពី​តំណែង​ ព្រោះ​តែ​ប្រាក់​ខែ​ទាប

កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រី Johnson កំពុងពិចារណាលាឈប់ពីតំណែង ព្រោះតែប្រាក់ខែទាប

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ត្រូវបានគេជឿថា កំពុងពិចារណាក្នុងការសុំលាឈប់ពីមុខតំណែងនៅរដូវផ្ការីកខាងមុខ ព្រោះតែជួបបញ្ហាជីវភាពខ្វះខាតដោយសារតែប្រាក់ខែតិច នេះបើតាមសារព័ត៌មានអង់គ្លេស។

យោងតាមសារព័ត៌មាននានារបស់អង់គ្លេស នាយករដ្ឋមន្ត្រី Boris Johnson មានគម្រោងចាកចេញពីតំណែងភ្លាមៗ បន្ទាប់ពីកិច្ចការមួយចំនួនដែលទាក់ទងនឹង Brexit (ការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប) និងការដឹកនាំប្រទេសឆ្លងផុតពីដំណាក់កាលអាក្រក់បំផុតនៃវិបត្តិសុខភាពដែលកើតឡើងដោយសារ Covid-19។ លោក Boris Johnson ជឿថា លោកអាចដោះស្រាយបញ្ហាទាំងនោះដោយប្រើប្រាស់ពេលត្រឹមតែ6ខែទៀតប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មាន Mirror របស់អង់គ្លេស បានដកស្រង់សម្ដីរបស់មន្ត្រីមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោក Boris Johnson ពិចារណាទៅលើការលាលែងពីតំណែងរបស់ខ្លួនក៏ព្រោះតែប្រាក់ខែទាបពេក គឺទាបជាងប្រាក់ខែនៃការងារចាស់របស់លោកទៅទៀត។ ប្រភពព័ត៌មានបានឱ្យដឹងថា លោក Boris Johnson បានរអ៊ូរទាំថា ជីវភាពរស់នៅរបស់លោកមិនបានប្រសើរជាមួយនឹងប្រាក់បៀវត្ស 150,000ផោន/ឆ្នាំ (195,000ដុល្លារអាមេរិក)នេះទេ។

អ្នកជំនាន់មុនរបស់លោក Boris Johnson គឺលោកស្រី Theresa May អាចរកបានប្រាក់1លានផោនពីការធ្វើបទបង្ហាញនានាក្រោយពីបានលាលែងពីតំណែង។ លោក Boris Johnson ជឿថា លោកអាចរកបានច្រើនជាងនេះ យ៉ាងតិចទ្វេដង។ លោក Johnson ធ្លាប់រកបាន160,000ផោនពីបទបង្ហាញចំនួន2លើកនៅក្នុងរយៈពេលតែ1ខែ មុនពេលលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រី។ នេះមិនទាន់បាននិយាយដល់ប្រាក់ចំណូលស្ថិរភាព 23,000ផោន/ខែ ដោយការងារជាអ្នកវិភាគឱ្យសារព័ត៌មាន Daily Telegraph នៅឡើយ។ កាលពីឆ្នាំ2019 នៅពេលលោក Johnson ត្រៀមកាន់កាប់តំណែងនាយករដ្ឋមន្ត្រី កាសែត Sunday Times បានព្យាករថា ប្រាក់​ចំណូលរបស់លោក នឹងអាចថយចុះពី 829,000ផោន មកនៅត្រឹមជាង150,000ផោន/ឆ្នាំ។

តំណាងរាស្ត្រអង់គ្លេសម្នាក់បានប្រាប់សារព័ត៌មាន Mirror ថា កូនៗរបស់លោក Boris Johnson ក្នុងនោះមានកូនប្រុសអាយុ6ខែម្នាក់ឈ្មោះ Wilfred នៅតែត្រូវការប្រាក់ជំនួយ។ លោក Johnson ក៏ត្រូវចំណាយប្រាក់1/4 នៃប្រាក់ចំណូលដើម្បីផ្ដល់ឱ្យភរិយាដើមរបស់លោក ទៅតាមកិច្ចសន្យាលែងលះ។

មកដល់បច្ចុប្បន្ន លោក Johnson មិនទាន់មានប្រតិកម្មអ្វីទៅនឹងព័ត៌មាននេះនៅឡើយ ប៉ុន្តែសារព័ត៌មាន Mirror បានបង្ហាញបញ្ជីឈ្មោះមួយដែលមានឈ្មោះបេក្ខភាពសំខាន់ៗដែលអាចកាន់កាប់តំណែងនាយករដ្ឋមន្ត្រីជំនួសលោក Johnson បាន ក្នុងនោះមានដូចជា រដ្ឋមន្ត្រីការបរទេស Dominic Raab ប្រធានការិយាល័យគណៈរដ្ឋមន្ត្រី Michael Gove និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Penny Mordaunt ជាដើម៕

ប្រភព៖ Mirror

Advertisement