ក្រុមហ៊ុនជប៉ុន កំពុងរិះរកវិធី លក់ម៉ៃក្រូឈីពឱ្យ “Huawei” ក្រោយអាមេរិកដាក់ទណ្ឌកម្ម ធ្វើឱ្យបាត់ចំណូលសន្ធឹក

ក្រុមអ្នកផលិតម៉ៃក្រូឈីពរបស់ជ៉ុន បានសំណូមពរសហរដ្ឋអាមេរិកឱ្យបើកផ្លូវ ក្នុងការលក់គ្រឿងផ្គុំឧបករណ៍អេឡិចត្រូនិចទៅឱ្យ Huawei ដែលជាអតិថិជនដ៏ធំមួយ ព្រោះវិធានការទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមហ៊ុន ទាំងរបស់ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ បាត់បង់ប្រាក់ចំណូលយ៉ាងមហាសាល។

Sony និង Kioxia ក្រុមហ៊ុនក្នុងបុត្រសម្ព័ន្ធរបស់ តូឈីបា បានដាក់សំណើសុំអនុញ្ញាត ទៅក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដើម្បីឱ្យអាចលក់ម៉ៃក្រូឈីព ទៅឱ្យ Huawei បានតទៅទៀត។ ក្រៅពីក្រុមអ្នកផលិតរបស់ជប៉ុនហើយ សាំស៊ុង អេឡិចត្រូនិក និង SK Hynix អ្នកផលិតរបស់កូរ៉េខាងត្បូង ក៏បានដាក់សំណើក្នុងលក្ខណៈដូចគ្នានេះដែរ។

អ្នកផលិតម៉ៃក្រូឈីពរបស់ជប៉ុន មាន Huawei ជាអតិថិជនធំ មានតម្លៃការនាំចេញ ច្រើនជាង 1លានលានយ៉េន តែនៅពេលសហរដ្ឋអាមេរិកចេញបញ្ជាប្រើវិធានការទណ្ឌកម្មពាណិជ្ជកម្មចំពោះ Huawei ដោយហាមក្រុមហ៊ុនផ្សេងៗ ដែលប្រើប្រាស់តិចណូឡូជីរបស់អាមេរិក លក់គ្រឿងផ្គុំឱ្យទៅ Huawei ដោយអាងថា ជាគ្រោះថ្នាក់ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ វិធានការនេះហុចផលប៉ះពាល់ដល់ក្រុមអ្នកផលិតម៉ៃក្រូឈីពរបស់ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ដែលសុទ្ធតែមាន Huawei ជាអតិថិជនដ៏សំខាន់ដូចគ្នា។

សូនី ជាអ្នកផលិតធំជាងគេរបស់ពិភពលោក ដែលផលិត អ៊ីមមេច សិនស៊ើរ ដែលប្រើនៅក្នុងស្មាតហ្វូន និងឧបករណ៍ទូរគមនាគមន៍ ដោយមាន Huawei ជាអិតិថិជនធំលំដាប់លេខ២ បន្ទាប់ពី Apple។ ចំណូលដែលបានពី Huawei គិតជាអត្រាភាគរយគឺ ១ភាគ៥ របស់ក្រុមហ៊ុន ដែលមានតម្លៃច្រើនពាន់លានដុល្លារក្នុង ១ឆ្នាំៗ។

សូនី បានប្រកាសទម្លាក់ការព្យាករប្រាក់កម្រៃ ពីធុរកិច្ចអ៊ីមមេច សិនស៊ើរ ក្នុងឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់ក្នុងខែមីនា ឆ្នាំ2021 មកនៅត្រឹម ៤៥% ឬប្រមាណ 130,000លានយ៉េន។ ដោយហេតុផល ការធ្លាក់ចុះនៃចំនួនលក់ស្មាតហ្វូនក្នុងអំឡុងពេលនៃការឆ្លងរាលដាលរបស់ជំងឺកូវីដ និងបានសន្និដ្ឋានថា ផលកម្រៃ នឹងកាន់តែធ្លាក់ចុះខ្លាំងឡើងទៀត ដោយសារវិធានការទណ្ឌកម្មពាណិជ្ជកម្មលើ Huawei របស់អាមេរិក។

ក្រុមហ៊ុនសូនី និយាយថា ខ្លួននឹងព្យាយាមស្វែងរកអតិថិជនថ្មី ដូចជាក្រុមហ៊ុនរបស់ចិន ដែលរំពឹងគ្រងចំណែកទីផ្សាររបស់ Huawei រួមទាំងនឹងអភិវឌ្ឍសិនស៊ើរ សម្រាប់ឧបករណ៍ផ្សេងៗទៀត ដូចជារថយន្ត និងគ្រឿងចក្រឧស្សាហកម្ម ជាដើម ជំនួសឱ្យការពឹងផ្អែកតែលើការលក់គ្រឿងផ្គុំសម្រាប់តែស្មាតហ្វូន តែ១មុខ។

ចំណែក Kioxia ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់តូឈីបាវិញ មានចំណូលពីការលក់ម៉ៃក្រូឈីព ខ្ពស់ដល់ទៅ ៤០% នៃចំនួនលក់ទាំងអស់របស់ក្រុមហ៊ុន ដោយមាន Huawei ជាអតិថិជនធំជាងគេដូចគ្នា។ ផលប៉ះពាល់ពីវិធានការទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យ Kioxia ត្រូវពន្យារពេលការដាក់លក់ភាគហ៊ុនដល់ប្រជាជន ឬIPO ដែលកាលពីដើមមានកាលបរិច្ឆេទនៅថ្ងៃទី6 តុលាតទៅ។

ការពន្យារពេលលក់IPO របស់ Kioxia ធ្វើឱ្យផ្សារភាគហ៊ុនរបស់ជប៉ុន បាត់បង់ឱកាសការប្រមូលទុនគ្រាសំខាន់ កណ្ដាលស្ថានការណ៍វិបត្តិកូវីដ ព្រោះរំពឹងថា ភាគហ៊ុនKioxia នឹងមានតម្លៃគោលទ្រព្យតាមតម្លៃទីផ្សារដល់ទៅជាង 14,000លានដុល្លារ។ ជាភាគហ៊ុនដែលមានតម្លៃIPO ខ្ពស់បំផុតក្នុងឆ្នាំនេះ។

Huawei បានប្រមូលទិញឧបករណ៍អេឡិចត្រូនិក ពីអ្នកផលិតនៅជប៉ុនច្រើនដល់ទៅ ៥០% កាលពីឆ្នាំកន្លងទៅ ក្រោយប្រឈមនឹងភាពមិនច្បាស់លាស់ពីសហរដ្ឋអាមេរិក តែខណៈនេះ អ្នកផលិតនៅជប៉ុនចាំបាច់ត្រូវតែបញ្ឈប់ការលក់គ្រឿងផ្គុំទៅឱ្យ Huawei ដោយសារវិធានការទណ្ឌកម្មពាណិជ្ជកម្មរបស់អាមេរិក តឹងរ៉ឹងខ្លាំង គ្របដណ្ដប់ដល់អ្នកផលិតគ្រប់ប្រទេស ដែលប្រើនវានុវត្តន៍របស់អាមេរិក។ អ្នកល្មើសនឹងវិធានការនេះ នឹងត្រូវឆ្លើយតបដោយការហាមនាំចូលសូហ្វវែរ និងតិចណូឡូជីពីសហរដ្ឋអាមេរិក រួមទាំងប្រទេសទី៣ ដែលប្រើប្រាស់នវានុវត្តន៍របស់អាមេរិកផងដែរ។ ក្រៅពីនេះ នៅមានការពិន័យជាប្រាក់ មិនលើស ១លានដុល្លារ និងជាប់ពន្ធនាគារទៀតផង។

Huawei ជាអ្នកផលិតស្មាតហ្វូនលំដាប់លេខ១ របស់ពិភពលោក វ៉ាដាច់សាំស៊ុង កាលពីត្រីមាសកន្លងទៅ និងនៅតែជាអ្នកនាំមុខក្នុងការលក់មូលដ្ឋានបណ្ដាញទូរស័ព្ទចល័ត ដែលមានចំណែកទីផ្សារប្រមាណ 30%។

វិធានការទណ្ឌកម្មពាណិជ្ជកម្មលើ Huawei របស់អាមេរិក បានធ្វើឱ្យជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ដែលជាអ្នកផលិតម៉ៃក្រូឈីពធំៗលើពិភពលោក ត្រូវបាត់បង់ប្រាក់ចំណូល ពីការលក់គ្រឿងផ្គុំទៅឱ្យ Huawei ច្រើនដល់ទៅ 2.8លានលានយ៉េន ឬប្រមាណ 26,400លានដុល្លារក្នុង ១ឆ្នាំ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement