NASA ​ទើប​តែ​រក​ឃើញ!​ នៅ​លើ​ឋាន​ព្រះ​ចន្ទ​ មាន​ទឹក​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​គិត

NASA ទើបតែរកឃើញ! នៅលើឋានព្រះចន្ទ មានទឹកច្រើនជាងអ្វីដែលយើងបានគិត

មិនត្រឹមតែមានវត្តមាននៅក្នុងតំបន់ងងឹតរបស់ឋានព្រះចន្ទដូចដែលមនុស្សបានរកឃើញមុននេះនោះទេ ប៉ុន្តែ ថ្មីៗនេះ NASA បានរកឃើញថា ទឹកមានវត្តមាននៅក្នុងតំបន់ដែលពន្លឺព្រះអាទិត្យចាំងទៅដល់ផងដែរ។

ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានប្រកាសឱ្យដឹងអំពីរបកគំហើញថ្មីមួយដ៏គួរឱ្យត្រេកអរ នោះគឺការបញ្ជាក់ថា ទឹកពិតជាមាននៅលើឋានព្រះចន្ទ ព្រមទាំងមាននៅក្នុងតំបន់ដែលមានពន្លឺព្រះអាទិត្យទៀតផង។ កន្លងមក អ្នកវិទ្យាសាស្ត្របានរកឃើញថា ទឹកក្នុងទម្រង់ទឹកកកគឺមាននៅក្នុងតំបន់ងងឹតរបស់ព្រះចន្ទ ហើយនេះក៏ជាផ្នែកមួយដែលនាំឱ្យមានបេសកកម្មបន្ទាប់នៅប៉ូលខាងត្បូងរបស់ព្រះចន្ទ ជាកន្លែងដែលគេជឿថា ទឹក​កក​អាចបង្ហាញខ្លួនក្នុងរណ្ដៅភ្នំភ្លើង ជាទីតាំងដែលពន្លឺព្រះអាទិត្យមិនអាចចាំងទៅដល់។

ប៉ុន្តែ ការរកឃើញកន្លងមកនោះ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះទេ ព្រោះថាមុននោះ ក្រុមអ្នកវិទ្យា​សាស្ត្រ​របស់ NASA និងក្រុមអ្នកស្រាវជ្រាវដទៃទៀតក៏ធ្លាប់បានរកឃើញសញ្ញាមួយចំនួនដែលបង្ហាញថា ទឹកអាចស្ថិតនៅតំបន់ដែលមានពន្លឺព្រះអាទិត្យ។ យ៉ាងនេះក្ដី ពេលនេះ សញ្ញា ឬដានទាំងនេះ ទើបតែត្រូវបានបញ្ជាក់ ដោយយោងទៅតាមទិន្នន័យដែលបានមកពីស្ថានីយសង្កេតតារា SOFIA ដែលបានរកឃើញម៉ូលេគុលទឹកនៅក្នុងមាត់ភ្នំភ្លើង Clavius ដែលស្ថិតនៅក្នុងតំបន់អឌ្ឍគោលខាងត្បូងរបស់ព្រះចន្ទ។

ការដែលត្រូវចំណាយពេលយូរ ទើបអាចរកឃើញវត្តមានទឹកបែបនេះ បញ្ជាក់ថា ទឹកនៅលើឋានព្រះចន្ទមិនមានច្រើននោះឡើយ។ NASA បានឱ្យដឹងថា ពួកគេបានរកឃើញទឹកប្រមាណពី100ទៅ412ភាគលាននៅក្នុងដីនិងថ្មី1ម៉ែត្រការ៉េ ដែលនេះប្រហាក់ប្រហែលនឹង330មីលីលីត្រនៅទូទាំងភ្នំភ្លើងនេះ។ NASA បន្ថែមថា៖ “សមុទ្រខ្សាច់ Sahara ក៏មានទឹកច្រើនជាង100ដង” បើធៀបនឹងទឹកដែល SOFIA បានរកឃើញនៅភ្នំភ្លើងរបស់ព្រះចន្ទ។

NASA ទើបតែរកឃើញ! នៅលើឋានព្រះចន្ទ មានទឹកច្រើនជាងអ្វីដែលយើងបានគិតបើទោះជាយ៉ាងនេះក្ដី ការដែលទឹកអាចមានវត្តមាននៅក្រោមពន្លឺថ្ងៃ និងក្នុងទីឋានដ៏សោះកក្រោះដូច្នេះ គឺជាលទ្ធផលស្រាវជ្រាវដ៏អស្ចារ្យ និងគួរបន្តការសិក្សាស៊ីជម្រៅ។ ក្រុមអ្នកវិទ្យាសាស្ត្រមានបំណងស្វែងយល់ឱ្យដឹងថា តើធ្វើយ៉ាងណាទើបបានជាទឹកមានវត្តមាននៅទីនោះ ហើយវាអាចផ្ដុំគ្នាបានយ៉ាងដូចម្ដេចនៅក្នុងបរិយាកាសបែបនេះ។

ការស្រាវជ្រាវនេះនឹងជួយដល់ក្រុមអវកាសចរនាពេលខាងមុខ ដើម្បីឱ្យពួកគេអាចបន្តវត្តមានយូរអង្វែងនៅ​លើ​ឋាន​ព្រះចន្ទ ខណៈកំពុងស្វែងរកប្រភពទឹកផ្សេងទៀតក្នុងតំបន់មាត់ភ្នំភ្លើង និងតំបន់ដែលមានពន្លឺថ្ងៃ នៅ​លើ​ឋានលោកខែ។

បើសិនជារកឃើញប្រភពទឹកដែលមានបរិមាណច្រើននៅលើឋានព្រះចន្ទ មនុស្សប្រាកដជាអាចសាងសង់មូលដ្ឋាននៅទីនោះដើម្បីកសាងកម្លាំងសម្រាប់ការហោះទៅកាន់ទីឋានឆ្ងាយៗ ដូចជាភពព្រះអង្គារ។ល។

ប្រភព៖ TechCrunch

Advertisement