ក្រពើ ប្រវែង 4ម៉ែត្រ 1ក្បាល ខាំត្របាក់ស្មាបុរសអាមេរិកាំងម្នាក់កំពុងហែលទឹកលេងក្នុងបឹង តែ…

កាលពីថ្ងៃទី27 តុលា សារព័ត៌មាន ដេលី មេល បានរាយការណ៍ពីភាពគួរឱ្យស្រៀវពោះវៀនរបស់លោក ចន ប្រាហេ បុរសអាមេរិកាំងម្នាក់ ដែលសម្រេចចិត្តនៅហែលត្រាំក្នុងទឹកបន្តទៀត ជាមួយសត្វក្រពើធំ ប្រវែង 4ម៉ែត្រ 1ក្បាល ក្រោយពីវា បានហែលចូលមកខាំត្របាក់ស្មារបស់គេ ដែលកំពុងហែលទឹកនៅក្នុងបឹងទឹកសាបមួយ នៅក្នុង អេវើរ ក្លេដស៍ តំបន់ដែលសម្បូរទៅដោយបឹងធំៗ ក្នុងរដ្ឋម៉ៃអាមី។

តែយ៉ាងណាក៏ដោយ លោកប្រាហេ បានប្រាប់ថា ក្រពើ 1ក្បាលនេះ មានឈ្មោះថា “អេលវីស” ថែមទាំងជា “មិត្តភក្តិ” ខុសពូជគ្នាជាមួយរូបលោកទៀតផង និងគ្មានចេតនាធ្វើបាបរូបលោកឡើយ។

លោកប្រាហេ ប្រាប់ថា “ខ្ញុំជាអ្នកមុជទឹកជ្រៅ ទឹករាក់ និងជាអ្នកមុជទឹកឯករាជ្យ ដើម្បីការសម្រាកលម្ហែអារម្មណ៍ និងស្រឡាញ់សត្វ…ខ្ញុំតែងហែល និងមុជក្នុងទឹកជ្រៅ លេងជាមួយហ្វូងត្រីឆ្លាម ក្រពើ និងសត្វសមុទ្រគ្រប់ប្រភេទ ដើម្បីភាពសប្បាយរីករាយ”

បន្ទាប់ពីផូស្តឃ្លីបវីដេអូនេះ នៅលើហ្វេសប៊ុករួចមក លោកប្រាហេ បានសរសេរប្រាប់ថា “សត្វក្រពើខ្លួនវែងប្រវែង 13ហ្វ៊ុត បានហែលចូលមកខាំត្របាក់ ព្រោះគិតថាខ្លួនវាធំជាង ទើបចង់ប្រឡែងលេងជាមួយខ្ញុំ ខ្ញុំអត់មានអារម្មណ៍ភ័យខ្លាចអីបន្តិចសោះ វាគ្រាន់តែចង់អួត ឬចង់ដឹងចង់ស្គាល់ប៉ុណ្ណឹងឯង…បើវាចង់ត្របាក់ស៊ីខ្ញុំមែន ថ្មើណេះ ប្រហែលខ្ញុំមិនបានមកនៅក្នុងហ្វេសប៊ុកអ៊ីចឹងទេ…វានៅតែជាមិត្តភក្តិរបស់ខ្ញុំ ខ្ញុំនឹងត្រឡប់ទៅជួបវា ឆាប់ៗនេះ…”

“…កន្លងមក ខ្ញុំមានសម្ព័ន្ធភាពច្រើនណាស់ជាមួយក្រពើ 1ក្បាលនេះ ខ្ញុំគិតថា អាចមកពីនៅម្ដុំៗហ្នុង មានមនុស្សច្រើន ទើបវាមានអារម្មណ៍ចង់បង្ហាញភាពលេចធ្លោរបស់វា ឱ្យគេឃើញ តែជាធម្មតា វាស្លូតណាស់…”

មិត្តភក្តិរបស់លោកប្រាហេ បាននាំគ្នាបង្ហាញការយល់ឃើញថា រូបគេអាចនឹងត្រូវស្លាប់ ឬរងរបួសធ្ងន់ដោយសារតែក្រពើ 1ក្បាលនេះបាត់ទៅហើយ។ ដូចជាលោក ម៉ាក អាហ្ស៊ីស បានសរសេរថា “វាមិនមែនជាពេលវេលាដ៏ឆ្លាតវៃរបស់ឯងទេ បើវាចង់ខាំបណ្ដាច់ដៃម្ខាងរបស់ឯង វាច្បាស់ជាធ្វើបាន…”

ចំណែកមិត្តភក្តិម្នាក់ទៀត បាននិយាយពីបុរសចិត្តត្រជាក់ម្នាក់ទៀត ដែលស្ថិតនៅក្នុងទឹក ទាំងមានសត្វក្រពើហែលនៅក្បែរខ្លួន តែលោកប្រាហេ បានឆ្លើយថា “ម្នាក់នោះ គាត់ជាអ្នកមុជទឹកអាជីព ជាអ្នកប្រយុទ្ធជំនាន់ទី5ហើយ គាត់ធំឡើងនៅលើផ្ទៃទឹកមួយនេះ ទើបគាត់ស្និទ្ធស្នាល និងចំណានជាមួយក្រពើ ចំណែកខ្ញុំ ជំនាញជាមួយត្រីឆ្លាមខ្លាំងជាង តែនឹងព្យាយាមធ្វើឱ្យដូចគាត់…”៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement