នាយឧត្តមនាវីសហរដ្ឋអាមេរិកម្នាក់ ធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ​នៅ​ក្នុងគ្រាដែលចិនកំពុងពង្រីកឥទ្ធិពល

នាយឧត្តមនាវី Michael Studeman ទទួលបន្ទុកផ្នែកចារកម្មរបស់កងទ័ពអាមេរិកប្រចាំអាស៊ីប៉ាស៊ីហ្វិក

នាយឧត្តមនាវី Michael Studeman ទទួលបន្ទុកផ្នែកចារកម្មរបស់កងទ័ពអាមេរិកប្រចាំអាស៊ីប៉ាស៊ីហ្វិក បានមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដោយមិនបានគ្រោងជាទុក នេះបើតាមការអះអាងរបស់ប្រភពព័ត៌មានចំនួនពីរ។

ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះ ក្នុងនោះមានមន្ត្រីយោធាតៃវ៉ាន់ផងដែរ បាននិយាយថា មន្ត្រីដែលមកធ្វើទស្សនកិច្ចនៅកោះនេះ គឺលោក Michael Studeman នាយឧត្តមនាវីនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ យោងតាមគេហទំព័រកងទ័ពជើងទឹលអាមេរិក លោក Studeman គឺជាប្រធានអង្គភាព J2 ដែលជាអ្នកគ្រប់គ្រងកិច្ចការចារកម្មនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកទទួលបន្ទុកក្នុងតំបន់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក (Indopacom) របស់កងទ័ពសហរដ្ឋអាមេរិក។

សារព័ត៌មាន United Daily News របស់តៃវ៉ាន់ បានចុះផ្សាយអំពីរូបភាពនៃយន្តហោះឯកជនមួយគ្រឿងដែលមិនមានឈ្មោះ តែត្រូវគេដឹងថា ជាយន្តហោះយោធាអាមេរិក កំពុងចុះចតនៅព្រមានយន្តហោះ Songshan Airport នាទីក្រុងតៃប៉ិ ហើយទំនងជារង់ចាំនៅក្នុងចំណតរថភ្លើង VIP។

ទិន្នន័យពីគេហទំព័រតាមដានជើងហោះហើរ phanefinder.net ក៏បានបង្ហាញថា មានជើងហោះហើរនៃយន្តហោះឯកជនមួយដែលបានចាកចេញពីកោះ Hawaii ជាកន្លែងមានការិយាល័យកណ្ដាលនៃបញ្ជាការដ្ឋានកងទ័ព Indopacom ​បាន​ហោះ​ឆ្ពោះ​ទៅកាន់ព្រមានយន្តហោះ Songshan កាលពីល្ងាចថ្ងៃទី22វិច្ឆិកា នៅមុន United Daily News ចុះផ្សាយអំពីរូបថតដែលបាននិយាយខាងដើម។

មន្ទីរបញ្ចកោណ និងអង្គភាពការពារកោះតៃវ៉ាន់ សុទ្ធតែបានបដិសេធការធ្វើអធិប្បាយអំពីព័ត៌មាននេះ។ ស្ថាប័នកិច្ចការបរទេសនៃកោះតៃវ៉ាន់ កាលពីថ្ងៃទី2វិច្ឆិកា បានទទួលស្គាល់ថា មានមន្ត្រីសហរដ្ឋអាមេរិកម្នាក់មកកាន់កោះតៃវ៉ាន់ ប៉ុន្តែ បានបដិសេដផ្ដល់ព័ត៌មានលម្អិត។

មន្ត្រីតៃវ៉ាន់ខាងលើបន្ថែមថា “យើងស្វាគមន៍ដំណើរទស្សនកិច្ចរបស់មន្ត្រីអាមេរិកាំង។ យោងតាមការ​ទុក​ចិត្ត​គ្នា​ រវាង​កោះ​តៃវ៉ាន​និងសហរដ្ឋអាមេរិក យើងមិនមានការបកស្រាយ ឬអធិប្បាយអ្វីបន្ថែមទៀតទេ”។

យន្តហោះ​ដែល​ត្រូវ​គេ​ជឿ​ថា​ជា​របស់​កង​ទ័ព​សហរដ្ឋ​អាមេរិក​

ប្រទេសចិន តែងតែចាត់ទុកកោះតៃវ៉ាន់ថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ។ កន្លងមក ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងក្លា ដោយការបញ្ជូនយន្តហោះចម្បាំង ហោះទៅក្បែរកោះតៃវ៉ាន់ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Alex Azar កាលពីខែសីហា និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក Keith Krach កាលពីខែកញ្ញា។

បច្ចុប្បន្ន គេមិនទាន់ដឹងថា ទស្សនកិច្ចរបស់លោក Michael Studeman នឹងត្រូវបានចិនចាត់ទុកជាការបង្កហេតុដែរ ឬយ៉ាងណានៅឡើយ។ ប៉ុន្តែលោកគឺជាមន្ត្រីយោធាជាន់ខ្ពស់មួយរូបដំបូងដែលបានមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងអំឡុងច្រើនឆ្នាំកន្លងទៅនេះ។

Douglas Paal អតីតប្រធានការិយាល័យតំណាងសហរដ្ឋអាមេរិកនៅកោះតៃវ៉ាន់ បានឱ្យដឹងថា៖ “បើសិនជាលោក Studeman របស់ J2 នៃបញ្ជាការដ្ឋាន Indopacom ខ្ញុំដឹងថា មិនទាន់មានដំណើរទស្សនកិច្ចបែបនេះពីមុនទេ”។

Randall Schriver អតីតជំនួយការរបស់រដ្ឋមន្ត្រីការពារជាតិសម្រាប់តំបន់អាស៊ីក្នុងសម័យលោក Donald Trump បាននិយាយថា មន្ទីរបញ្ចកោណធ្លាប់បានបញ្ជូននាយឧត្តមនាវីមកកាន់កោះតៃវ៉ាន់ដោយស្ងាត់ៗជាបន្តបន្ទាប់កាលពីពេលកន្លងទៅ។ លោកបន្ថែមថា អាមេរិក និងតៃវ៉ាន់បានចែករំលែកព័ត៌មានសម្ងាត់យ៉ាងលម្អិតទាក់ទងនឹងកងទ័ពរំដោះប្រជាជនចិន។

សហរដ្ឋអាមេរិក និងបណ្ដាប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយនឹងកោះតៃវ៉ាន់ទេ ប៉ុន្តែ អាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធ និងជាអ្នកគាំទ្រអន្តរជាតិសំខាន់បំផុតរបស់កោះនេះ។ Su Tseng-chang មេដឹកនាំនៃស្ថាប័នប្រតិបត្តិច្បាប់របស់តៃវ៉ាន់បានឱ្យដឹងថា ប្រធានស្ថាប័នការពារបរិស្ថានអាមេរិក Andrew Wheeler ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ នឹងមកធ្វើទស្សនកិច្ចកោះតៃវ៉ាន់នៅខែក្រោយផងដែរ៕

ប្រភព៖ Reuters

Advertisement