មេដឹកនាំចលនាបាតុកម្មនៅហុងកុងត្រូវបានឃុំខ្លួន

មេដឹកនាំចលនាបាតុកម្មនៅហុងកុងត្រូវបានឃុំខ្លួន
ពីឆ្វេង​ទៅ​ស្ដាំ​៖ Agnes Chow, Ivan Lam និង Joshua Wong

មេដឹកនាំចលនាបាតុកម្មប្រឆាំងអាជ្ញាធរចិននៅទីក្រុងហុងកុង លោក Joshua Wong ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នបន្ទាប់ពីសារភាពថា ជាអ្នកផ្ដួចផ្ដើមគំនិតក្នុងការធ្វើបាតុកម្ម ដែលនេះនឹងនាំឱ្យ Wong ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ3ឆ្នាំ។

នៅក្នុងតុលាការនាព្រឹកនេះ Joshua Wong រួមនឹងសកម្មជនពីរនាក់ទៀត គឺ Agnes Chow និង Ivan Lam បានសារភាពថា ជាអ្នកផ្ដើមគំនិតឱ្យមានការប្រមូលផ្ដុំគ្នានៅក្បែរទីស្នាក់ការប៉ូលិសនៅក្នុងបាតុកម្មប្រឆាំងរដ្ឋអំណាចកាលពីឆ្នាំ2019។ សកម្មជនប្រជាធិបតេយ្យទាំង3រូបនេះ សុទ្ធតែកំពុងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន។

នៅមុនពេលត្រូវបានបុគ្គលិកសន្តិសុខនាំខ្លួនចេញពីបន្ទប់កាត់ក្ដី លោក Wong បានស្រែកឡើងថា៖ “សូមអ្នករាល់គ្នារក្សាគោលជំហររឹងមាំ! ខំតស៊ូឡើង!”។

លោក Wong មិនបានសារភាពទៅនឹងការចោទប្រកាន់ទី3ដែលថា មានចេតនាចូលរួមប្រមុំផ្ដុំគ្នា​ដោយ​ខុស​ច្បាប់​ បន្ទាប់​ពី​ចៅ​ក្រម​មិនបានបង្ហាញភ័ស្ដុតាង។ បច្ចុប្បន្ន លោក Wong កំពុងប្រឈមនឹងការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល3ឆ្នាំ ខណៈដែលសាលក្រមនឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី2 ខែធ្នូខាងមុខ។

នៅមុនពេលចូលទៅកាន់សាលតុលាការ លោក Wong បានឱ្យដឹងថា “ក្រុមមន្ត្រីប្រហែលជាចង់ឱ្យខ្ញុំជាប់ឃុំជាបន្តបន្ទាប់”។

ក្រុមអ្នកគាំទ្ររាប់សិបនាក់នៅខាងក្រៅតុលាការ នាំគ្នាស្រែកថា “ដោះលែង Joshua Wong, Agnes Chow, Ivan Lam!”។ល។

លោក Wong បច្ចុប្បន្នមានអាយុ24ឆ្នាំ បានក្លាយជាមេដឹកនាំបាតុកម្ម “ឆត្រ” ដែលដឹកនាំដោយក្រុមនិស្សិតកាល​ពី​ឆ្នាំ​2014​ ដើម្បី​ធ្វើការប្រឆាំងទៅនឹងទីក្រុងប៉េកាំងដែលបាននិងកំពុងលូកដៃចូលជ្រៅទៅក្នុងការបោះឆ្នោតនៅហុងកុងកាលពីឆ្នាំ2017។ ចលនានេះត្រូវបានគេហោថា បាតុកម្ម “ឆត្រ” ដោយសារក្រុមមនុស្សដែលបានចូលរួម យកឆត្រទៅតាមខ្លួនដើម្បីការពារកម្ដៅ ភ្លៀង និងផ្សែងបង្ហូរទឹកភ្នែក ឬការបាញ់ទឹកពីអាជ្ញាធរ។

មេដឹកនាំចលនាបាតុកម្មនៅហុងកុងត្រូវបានឃុំខ្លួន
លោក Wong បច្ចុប្បន្នមានអាយុ24ឆ្នាំ បានក្លាយជាមេដឹកនាំបាតុកម្ម “ឆត្រ” ដែលដឹកនាំដោយក្រុមនិស្សិតកាលពីឆ្នាំ2014

Joshua Wong បានបង្កើតបក្ស Demosisto កាលពីឆ្នាំ2016 និងមានគម្រោងទាមទារសិទ្ធិស្វ័យ​សម្រេច​សម្រាប់​ទី​ក្រុង​ហុង​កុង​ក្រោយឆ្នាំ2047 ជាដំណាក់កាលដែលសេចក្ដីប្រកាសរួមរវាងចិន-អង់គ្លេសត្រូវអស់សុពលភាព ដោយក្នុងនោះបានចែងថា ហុងកុងមានសិទ្ធិរក្សាប្រព័ន្ធច្បាប់ រូបិយវត្ថុដោយឡែករបស់ខ្លួន និងឯករាជ្យពីចិនដីគោកទៅតាមរូមមន្ត “ប្រទេសមួយប្រព័ន្ធពីរ” ក្នុងរយៈពេល50ឆ្នាំ រាប់ចាប់ពីពេលត្រូវបានអង់គ្លេសប្រគល់ទៅឱ្យទីក្រុងប៉េកាំងកាលពីឆ្នាំ2017។

កាលពីដើមឆ្នាំនេះ Wong រួមនឹងអ្នកនយោបាយ និងសកម្មជន11នាក់ផ្សេងទៀត ត្រូវបានរឹបអូសសិទ្ធិឈរ​ឈ្មោះ​បោះ​ឆ្នោត។​ Wong ​បាន​ចាកចេញពី Demosisto ហើយបក្សនេះក៏ត្រូវបានរម្សាយកាលពីខែមិថុនា បន្ទាប់ពីទីក្រុងប៉េកាំងបានអនុម័តច្បាប់សន្និសុខហុងកុង។

កាលពីឆ្នាំ2019 Wong ធ្លាប់បានជាប់ឃុំរយៈពេល5ខែម្ដងរួចហើយ ក្រោមបទចោទថា ប្រមាថតុលាការ មុន​ពេល​ត្រូវ​បាន​ដោះ​លែង​កាលពីថ្ងៃទី16មិថុនា ក្នុងគ្រាដែលបាតុកម្មកំពុងកើតឡើង។

ក្រុមប្រទេសលោកខាងលិចបានរិះគន់ខ្លាំងៗទៅលើប្រទេសចិនដែលបានចាប់ខ្លួនលោក Wong និងក្រុមសកម្មជនដទៃទៀត ដោយយល់ថា ទីក្រុងប៉េកាំងមិនធ្វើទៅតាមកិច្ចព្រមព្រៀងដែលចិនបានសន្យាថា ទុកឱ្យហុងកុងរក្សាកម្រិតស្វ័យគ្រប់គ្រងទៅតាមសេចក្ដីប្រកាសរួមរវាងអង់គ្លេសនិងចិន។ ទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយ​ថា ​ហុង​កុង​ជា​បញ្ហា​ផ្ទៃ​ក្នុង ​ហើយថា ប្រទេសដទៃមិនត្រូវមកធ្វើអន្តរាគមន៍ឡើយ៕

ប្រភព៖ Reuters

Advertisement