អភ័យឯកសិទ្ធិដំបូងៗដែល Biden នឹងទទួលបានក្នុងគ្រាប្រគល់និងទទួលអំណាច

អភ័យឯកសិទ្ធិដំបូងៗដែល Biden នឹងទទួលបានក្នុងគ្រាប្រគល់និងទទួលអំណាច
អភ័យឯកសិទ្ធិដំបូងៗដែល Biden នឹងទទួលបានក្នុងគ្រាប្រគល់និងទទួលអំណាច

ក្រុមរបស់លោក Joe Biden នឹងទទួលបានប្រាក់ជាង6លានដុល្លារ និងអភ័យឯកសិទ្ធិផ្នែកសន្តិសុខជាច្រើនផ្សេងទៀត បន្ទាប់ពី GSA ប្រកាសអំពីការចាប់ផ្ដើមដំណើរការប្រគល់អំណាច។

ប្រធានរដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក បានផ្ញើលិខិតមួយជូនទៅបេក្ខភាពប្រធានាធិបតី Joe Biden ដោយបានឱ្យដឹងថា រដ្ឋាភិបាលរបស់លោក Donald Trump បានត្រៀមខ្លួនរួចហើយក្នុងការប្រគល់អំណាចជូនគណបក្សជាប់ឆ្នោត។ នេះជាសញ្ញាបង្ហាញថា GSA នឹងចុះហត្ថលេខលើលិខិតស្នាមមួយចំនួនដើម្បីទទួលស្គាល់ជ័យជំនះរបស់លោក Biden ជាផ្លូវការ។

GSA គឺជាស្ថាប័នឯករាជ្យរបស់រដ្ឋាភិបាលអាមេរិក ដែលមានតួនាទីជួយដល់សកម្មភាពនានារបស់ស្ថាប័នរដ្ឋាភិបាលកណ្ដាល និងទទួលខុសត្រូវទៅលើការចុះហត្ថលេខាលើសំណុំបែបបទផ្លូវការ ក្រោយពីមានប្រធានាធិបតីជាប់ឆ្នោត ដើម្បីប្រគល់ប្រាក់រាប់លានដុល្លារ ផ្ដល់សិទ្ធិកាន់កាប់ទៅឱ្យក្រុមមន្ត្រីរដ្ឋាភិបាល ប្រគល់ការិយាល័យនានា និងសម្ភារទូទៅ ទៅឱ្យគណបក្សជាប់ឆ្នោតថ្មី។

ជាមួយនឹងលិខិតប្រកាសខាងលើរបស់ប្រធានា GSA ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden និងក្រុមរបស់លោកនឹងចាប់ផ្ដើមទទួលបានអភ័យឯកសិទ្ធិជាច្រើនទាក់ទងនឹងហិរញ្ញវត្ថុ និងសន្តិសុខ ដើម្បីត្រៀមសម្រាប់ដំណើរការនៃការទទួលគ្រប់គ្រងអំណាចប្រកបដោយរលូន។

ក្រុមរបស់លោក Biden ពេលនេះ អាចចាប់ផ្ដើមប្រើប្រាស់ខ្ទង់ថវិកា 6.3លានដុល្លារនៃកញ្ចប់ថវិការបស់រដ្ឋដែលបានត្រៀមសម្រាប់ការប្រគល់ និងទទួលអំណាច ក៏ដូចជាការទៅបំពេញការងារនៅតាមស្ថាប័ននានារបស់រដ្ឋាភិបាលកណ្ដាលដើម្បីស៊ាំជាមួយនឹងដំណើរការនៃការទទួលអំណាច ទៅតាមច្បាប់ប្រគល់តំណែងប្រធានាធិបតី។

លោក Biden ក៏នឹងទទួលបានរបាយការណ៍លម្អិតអំពីការគំរាមកំហែងផ្នែកសន្តិសុខដែលទាក់ទិននឹងអាមេរិក ក៏ដូចជាសកម្មភាពយោធា និងយុទ្ធនាការសម្ងាត់ដែលកំពុងត្រូវបានធ្វើឡើង។

បន្ទាប់ពីសេចក្ដីប្រកាសរបស់ GSA មេដឹកនាំនៃបណ្ដាស្ថាប័នរដ្ឋបាលកណ្ដាលអាចចាប់ផ្ដើមធ្វើការជាមួយនឹងសមាជិកក្នុងក្រុមរបស់លោក Biden ដើម្បីត្រៀមសម្រាប់ដំណើរការនៃការប្រគល់អំណាច នៅពេលដែលលោក Biden នឹងចូលកាន់តំណែងនៅថ្ងៃទី20មករា2021។

ក្រុមមន្ត្រីរដ្ឋបាលកណ្ដាលក៏អាចចាប់ផ្ដើមផ្ដល់លិខិតស្នាមផ្នែកសន្តិសុខជូនដល់សមាជិកក្នុងក្រុមរបស់លោក Biden និងក្រុមមនុស្សដែលត្រូវបានតែងតាំងទៅក្នុងគណៈរដ្ឋមន្ត្រីថ្មី។ លិខិតស្នាមនេះនឹងអនុញ្ញាតឱ្យពួកគេចូលទៅកន្លែងដែលមានការការពារយ៉ាងតឹងរ៉ឹង និងអាចទទួលបានព័ត៌មានសម្ងាត់ផងដែរ។

ក្រុមរបស់លោក Biden នឹងទទួលបានតំណភ្ជាប់អ៊ីនធើណិតដែលមានឈ្មោះដែនគេហទំព័រ (domain name) ជារដ្ឋាភិបាលអាមេរិក ដើម្បីបង្កើតទំព័រនៃគេហទំព័រ និងអ៊ីម៉េល។

ការសម្រេចចិត្តទទួលស្គាល់របស់ GSA អាចជំរុញឱ្យដំណើរការនៃការប្រគល់អំណាចប្រព្រឹត្តទៅបានលឿនជាងមុន។ លោក Biden បានចាប់ផ្ដើមធ្វើសកម្មភាពទាក់ទងនឹងការទទួលអំណាច ក្នុងនោះមានដូចជាការជ្រើសរើស និងឧទ្ទេសនាមសមាជិករបស់រដ្ឋាភិបាលថ្មី ក៏ដូចជាការប្រជុំជាមួយក្រុមហ៊ុនសំខាន់ៗ មានដូចជាក្រុមហ៊ុនផលិតឱសថដែលកំពុងស្រាជ្រាវវ៉ាក់សាំងជាដើម រួមនឹងការធ្វើទំនាក់ទំនងទៅកាន់ក្រុមមេដឹកនាំអឺរ៉ុបដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសនៃឆ្នេរមហាសមុទ្រអាត្លង់ទិកទាំងពីរនេះផងដែរ៕

ប្រភព៖ Reuters

Advertisement