អតីតនាយករដ្ឋមន្ត្រីស៊ូដង់ បង់ជីវិតនៅ UAE ដោយសារCovid-19

អតីតនាយករដ្ឋមន្ត្រីស៊ូដង់ បង់ជីវិតនៅ UAE ដោយសារCovid-19
អតីតនាយករដ្ឋមន្ត្រីស៊ូដង់ បង់ជីវិតនៅ UAE ដោយសារCovid-19

ក្រោយរយៈពេល3សប្ដាហ៍ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសអារ៉ាប់រួម (UAE) អតីតនាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ លោក Sadiq al-Mahdi បានទទួលមរណភាព ព្រោះតែបានឆ្លងវីរុសCovid-19។

កាលពីខែមុន គ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីស៊ូដង់ Sadiq al-Mahdi បានឱ្យដឹងថា លោកបានធ្វើតេស្តរកឃើញថា វិជ្ជមានជាមួយនឹងCovid-19។ ក្រោយការព្យាបាលរយៈពេលខ្លីនៅប្រទេសស៊ូដង់មិនទទួលបានផលល្អ លោក Sadiq al-Mahdi ក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសអារ៉ាប់រួម។

ថ្ងៃទី26វិច្ឆិកានេះ គ្រួសារ និងបក្ស Umma បានប្រកាសថា លោក Sadiq al-Mahdi បានទទួលមរណភាព។ សាកសពអតីតនាយករដ្ឋមន្ត្រីស៊ូដង់រូបនេះ នឹងត្រូវបានបញ្ចុះនៅព្រឹកថ្ងៃទី27វិច្ឆិកានៅក្នុងទីក្រុង Omdurman នៃប្រទេសស៊ូដង់។ នេះបើតាមសារព័ត៌មាន Reuters។

លោក Sadiq al-Mahdi ឆ្នាំនេះ មានវ័យ84ឆ្នាំ។ លោកគឺជាអ្នកនយោបាយកំពូលមួយរូបនៅប្រទេសស៊ូដង់។ លោកធ្លាប់បានកាន់កាប់តំណែងនាយករដ្ឋមន្ត្រីស៊ូដង់ក្នុងដំណាក់កាលពីឆ្នាំ1966-1967 និងឆ្នាំ1986-1989។ ឆ្នាំ1989 លោកត្រូវបានគេធ្វើរដ្ឋប្រហារយោធាទម្លាក់ពីតំណែង ហើយអតីតប្រធានាធិបតី Omar al-Bashir បានឡើងកាន់កាប់តំណែងនាយករដ្ឋមន្ត្រីជំនួសលោករូប។

ក្រោយការរស់នៅនិរទេសខ្លួនបានមួយឆ្នាំ លោក Sadiq al-Mahdi ក៏ត្រលប់មកកាន់ស៊ូដង់វិញនៅចុងឆ្នាំ2018 ខណៈដែលរដ្ឋាភិបាលរបស់លោក Bashir កំពុងប្រឈមនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លា។ កូនស្រីរបស់លោក Sadiq al-Mahdi ឈ្មោះ Mariam Sadiq al-Mahdi ដែលគ្រប់គ្រងតំណែងជាអនុប្រធាននៃគណបក្សប្រឆាំង Umma ក៏ធ្លាប់ត្រូវបានឃុំខ្លួននៅក្នុងគ្រាដែលមានបាតុកម្មកើតឡើងផងដែរ។

ក្នុងកាលៈទេសៈដែលបក្សប្រឆាំងនានាសុទ្ធតែចុះខ្សោយក្រោមរបបលោក Bashir គណបក្ស Umma ក៏បានសាមគ្គីគ្នា និងដើរតួនាទីសំខាន់ដើម្បីរក្សាតុល្យភាពអំណាចនៅស៊ូដង់។ ក្រោយពីកងទ័ពបានបង្ខំឱ្យអតីតប្រធានាធិបតី al-Bashir ចាកចេញពីអំណាច លោក Sadiq al-Mahdi ក៏បន្តជំរុញឱ្យប្រទេសជាតិ​ងាក​មក​រក​របប​ប្រជាធិបតេយ្យវិញ៕

ប្រភព៖ Reuters

Advertisement