Trump ថានឹងចាកចេញពីសេតវិមាន ប៉ុន្តែត្រូវមានលក្ខខណ្ឌ

Trump ថានឹងចាកចេញពីសេតវិមាន ប៉ុន្តែត្រូវមានលក្ខខណ្ឌ

ប្រធានាធិបតី Donald Trump បានឱ្យដឹងថា នឹងចុះចេញពីសេតវិមាន បើសិនជាគូប្រជែង Joe Biden ឈ្នះក្នុងការបោះឆ្នោតរបស់តំណាងម្ចាស់ឆ្នោតដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី14ធ្នូខាងមុខ។

កាលពីថ្ងៃទី 26វិច្ឆិកា លោក Donald Trump បានអះអាងថា លោកនឹងចុះចេញពីសេតវិមាន បើសិនជាបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden ត្រូវបានប្រតិភូតំណាងម្ចាស់ឆ្នោតទទួលស្គាល់ថាជាអ្នកឈ្នះ នៅក្នុងការបោះឆ្នោតនាថ្ងៃទី14ធ្នូខាងមុខ ប៉ុន្តែបានបន្ថែមថា នឹងពិបាកខ្លាំងដើម្បីឱ្យលោកទទួលស្គាល់បរាជ័យ នៅក្នុងស្ថានការណ៍បច្ចុប្បន្ន ហើយតំណាងម្ចាស់ឆ្នោតនឹង “បង្កឱ្យមានកំហុសឆ្គង” បើសិនជាបោះឆ្នោតឱ្យ Biden។

នេះគឺជាឥរិយាបថចុងក្រោយ និងទំនងជាការ​​ទទួលស្គាល់បរាជ័យថ្មី​បំផុត​របស់ខ្លួន ដែលលោក Trump បានលើកឡើងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន លោក Trump ថ្លែងថា “ការបោះឆ្នោតនេះ គឺជាករណីបោកប្រាស់” ក៏ប៉ុន្តែ លោកមិនបានលើកឡើងអំពីភ័ស្តុតាងនោះទេ។

ចាប់ពីថ្ងៃទី7វិច្ឆិកា សារព័ត៌មានអាមេរិកាំង បានទទួលស្គាល់ថា លោក Joe Biden គឺជាប្រធានាធិបតីជាប់ឆ្នោត។ ចំនួនសន្លឹកឆ្នោតនៃប្រតិភូតំណាងម្ចាស់ឆ្នោតដែលលោក Biden កំពុងកាន់កាប់ មាន​ចំនួន​ 306សំឡេង ខណៈលោក Trump កាន់កាប់ 232សំឡេង នេះបើតាមលទ្ធផលនៃការព្យាករដែលត្រូវបានប្រកាសដោយបណ្ដាស្ថាប័នសារ​ព័ត៌មានធំៗនៅសហរដ្ឋអាមេរិក។

ក៏ប៉ុន្តែ Trump មិនទាន់ទទួលស្គាល់ថាចាញ់នៅឡើយ ហើយបច្ចុប្បន្ន លោកកំពុងធ្វើ “សង្គ្រាម” ផ្នែកច្បាប់នៅឯបណ្ដារដ្ឋសំខាន់ៗ រួមមាន Pennsylvania, Georgia និង Michigan ដើម្បីប្រឆាំងនឹងលទ្ធផលនៃការ​រាប់​សន្លឹក​ឆ្នោត បើទោះជារដ្ឋទាំងនេះ បានទទួលស្គាល់ជ័យជំនះរបស់លោក Biden ក៏ដោយ​៕

ប្រភព៖ Reuters

Advertisement