ចិន​ជិត​ចាប់ផ្ដើម​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ក្នុងស្រុក​ទី​បី

រូប​ភាព​ប្រឌិត​ស្ដី​អំពីនាវា​ផ្ទុក​យន្តហោះ​ Type 002 របស់​ចិន​

ប្រទេស​ចិន កំពុង​ត្រៀមខ្លួន​សម្រាប់​ការចាប់ផ្ដើម​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ក្នុងស្រុក​ទី​បី នៅ​ដើមឆ្នាំ 2021 នេះ បើទោះជា​ជួប​ការលំបាក​ច្រើន​ទាក់ទង​នឹង​បញ្ហា​ហិរញ្ញវត្ថុ បច្ចេកទេស និង​ការហ្វឹកហ្វឺន។

ប្រភពព័ត៌មាន​ពី​កងទ័ព​បានឱ្យដឹងថា នាវា​ផ្ទុក​យន្តហោះ​ក្នុងស្រុក​ទី​បី​របស់​ចិន គឺជា​ប្រភេទ Type 002 នឹងត្រូវ​បានចាប់ផ្ដើម​សាងសង់​នៅ​ដើម​ឆ្នាំនេះ ក្នុង​គ្រា​ដែល​នាវា​ប្រភេទ​ដូចគ្នា​ដំបូង​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​បង្ហើយ។ នាវា​ប្រភេទ Type 002 ទាំងពីរ​គ្រឿង​នេះ អាច​នឹង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​បាញ់​បង្ហោះ​យន្តហោះ​ទំនើប​បំផុត​ក្នុង​ពិភពលោក។

នេះ​គឹជា​នាវា​ផ្ទុក​យន្តហោះ​ទី​បី​ដែល​ផលិតឡើង​ដោយ​ប្រទេស​ចិន​ផ្ទាល់ ប៉ុន្តែ​វា​គឺជា​នាវា​ផ្ទុក​យន្តហោះ​ទី​បួន​របស់​ប្រទេស​នេះ។ ប្រទេស​ចិន មុននេះ​បាន​ទិញ​នាវា​ផ្ទុក​យន្តហោះ​ចាស់​មួយគ្រឿង​ពី​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ជួសជុល​ឡើងវិញ ហើយ​បានដាក់​ឈ្មោះ​ឱ្យ​ថា Liaoning ដែលជា​នាវា​ផ្ទុក​យន្តហោះ​ដំបូង​គេ​របស់​ប្រទេស​នេះ។

ដោយយោង​ទៅតាម​រចនា​របស់ Liaoning ប្រទេស​ចិន​ក៏បាន​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ក្នុងស្រុក​ដំបូង​គេ​ដែលមាន​ឈ្មោះថា Shandong និង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​កាល​ពី​ខែធ្នូ ឆ្នាំ 2019។ ក្រោយមក ចិន​ក៏បាន​ចាប់ផ្ដើម​សាងសង់​នាវា​ផ្ទុក​យន្តហោះ​មួយ​ប្រភេទ​ផ្សេងទៀត​ដែលមាន​ឈ្មោះថា Type 002 ដែល​ត្រូវបាន​គេ​ជឿថា បំពាក់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ជាង Liaoning និង Shandong។

នាវា​ផ្ទុក​យន្តហោះ​ Liaoning របស់​ចិន​

នាវា​ផ្ទុក​យន្តហោះ​ដំបូង​ដែល​ស្ថិតក្នុង​ប្រភេទ Type 002 ត្រូវបាន​ចាប់ផ្ដើម​សាងសង់​កាលពីដើមឆ្នាំ 2017។ គម្រោង​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ទី​បួន​របស់​ចិន ក៏​ស្ថិតក្នុង​ប្រភេទ Type 002 ដែល​ត្រូវបាន​ចាប់ផ្ដើម​សាងសង់​នៅ​ចុងឆ្នាំ 2017 ប៉ុន្តែ​ត្រូវ​ពន្យារពេល​ដោយសារតែ Covid-19។

តំបន់​ស្មុគស្មាញ​ដែលមាន​តម្លៃ 2.8 ពាន់​លាន​ដុល្លារ​អាមេរិក ទំហំ​ជាង 240 ហិកតា គឺជា​កន្លែង​សម្រាប់ធ្វើ​សកម្មភាព​ស្រាវជ្រាវ រចនា​រូបរាង​នាវា និង​ជាទី​ដែលមាន​រោងចក្រ​នានា​សម្រាប់​ការសាងសង់​នាវា​ផ្ទុក​យន្តហោះ Type 002។

នាវាផ្ទុក​យន្តហោះ​ Liaoning

ប្រទេស​ចិន​មាន​គម្រោង​បង្កើត​ក្រុម​នាវា​ផ្ទុក​យន្តហោះ​យ៉ាងតិច​ចំនួន​បួន​នៅក្នុង​ឆ្នាំ 2030 ដើម្បី​ក្លាយជា​កម្លាំង​ជើង​ទឹក​ខ្លាំង និង​ទាន់សម័យ​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ប្រភពព័ត៌មាន​មួយចំនួន​ឱ្យដឹងថា ដំណើរការ​នៃ​ការហ្វឹកហាត់​របស់​កង​ទ័ពជើងទឹក​ចិន នៅ​មិនទាន់​ជឿនលឿន ខណៈ​ក្រុម​នាវិក​នឹងមិន​ទទួលបាន​ការបណ្ដុះបណ្ដាល​គ្រប់គ្រាន់​នៅក្នុង​អំឡុង​នាវា​ផ្ទុក​យន្តហោះ​ទី​បួន​ត្រូវ​បានដាក់​ទៅលើ​ផ្ទៃ​ទឹក៕

ប្រភព៖ SCMP

Advertisement