ហុងកុង​ចាប់ខ្លួន​ពលរដ្ឋ​អាមេរិកាំង និង​សកម្មជន​បក្សប្រឆាំង​រាប់សិប​នាក់ ទៅតាម​ច្បាប់​សន្តិសុខ​ជាតិ

ក្រុមប៉ូលិស​ក្រុង​ហុងកុង​នៃ​ប្រទេស​ចិន បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ 50 នាក់ ដោយ​ប្រើ​ច្បាប់​សន្តិសុខ​ថ្មី ក្នុងនោះ​ក៏មាន​ឈ្មោះ John Clancey ដែលមាន​សញ្ជាតិ​អាមេរិក​ផងដែរ។

John Clancey ជា​ពលរដ្ឋ​អាមេរិកាំង និង​ជា​មេធាវី​របស់​ក្រុមហ៊ុន​ផ្នែក​ច្បាប់ Ho Tse Wai & Partners ដែលជា​ក្រុមហ៊ុន​ល្បីឈ្មោះ​ជាមួយនឹង​ករណី​ការពារ​ក្ដី​ទាក់ទង​នឹង​សិទ្ធិមនុស្ស ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ព្រឹក​នេះ (6 មករា) ដោយ​ត្រូវបាន​សង្ស័យថា មាន​ល្បិចកល «ផ្ដួលរំលំ» នេះ​បើតាម​ប្រភពព័ត៌មាន​ពី​ស្ថាប័ន​ច្បាប់។ ប្រភពព័ត៌មាន​ពី​ប៉ូលិស​ក៏បាន​បញ្ជាក់​អំពី​ការចាប់ខ្លួន Clancey និង​ការចោទប្រកាន់​មកលើ​មេធាវី​រូបនេះ។

ប្រភពព័ត៌មាន​នានា​បានឱ្យដឹងថា ប៉ូលិស​ជាង 30 នាក់​បាន​ចូល​ឆែកឆេ​ការិយាល័យ​របស់​ក្រុមហ៊ុន​ច្បាប់ Ho Tse Wai & Partners។ នេះ​ជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​ក្រុម​សកម្មជន​បក្សប្រឆាំង​ជួល​ជា​ញឹកញាប់ ខណៈដែល​មេធាវី Clancey ក៏​ជា​ហេរញ្ញិក​របស់ Power for Democracy ដែល​ធ្លាប់បាន​ជួយ​ដល់​កិច្ចការ​បោះឆ្នោត​បឋម​កា​លពី​ខែកក្កដា ឆ្នាំ 2020។

លោក John Clancey

Power for Democracy គឺជា​ក្រុម​នយោបាយ​មួយ​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ហុងកុង ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2002 ដោយ​ក្រុម​សកម្មជន​ដែល​គាំទ្រ​ប្រជាធិបតេយ្យ។

Clancey គឺជា​ពលរដ្ឋ​អាមេរិកាំង​ដំបូង​គេ​ដែល​ត្រូវបាន​ចាប់ខ្លួន​ទៅតាម​ច្បាប់​សន្តិសុខ​នៅ​ហុងកុង។ Clancey ក៏​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី និង​ជា​សហ​ស្ថាបនិក​ម្នាក់​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ក្រុម​មេធាវី​សិទ្ធិមនុស្ស​ចិន​ផងដែរ។

Clancey ស្ថិតក្នុង​ចំណោម​អតីត​តំណាងរាស្ត្រ និង​សកម្មជន​បក្សប្រឆាំងរ​បស់​ហុងកុង​ប្រមាណ 50 នាក់​ដែល​ត្រូវបាន​ប៉ូលិស​ហុងកុង​ចាប់ខ្លួន​កាលពី​ព្រឹក​មិញ​នេះ ដែល​ភាគច្រើន​ត្រូវបាន​ចោទប្រកាន់ថា «ផ្ដួលរំលំ​រដ្ឋាភិបាល» ទៅតាម​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ត្រូវបាន​ទីក្រុង​ប៉េកាំង​អនុម័ត​កាលពី​ខែឧសភា ឆ្នាំ 2020។ នេះ​គឺ​ករណី​ចាប់ខ្លួន​ជា​ក្រុម​ធំ​បំផុត​ដែល​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​របស់​ចិន​បាន​ចូល​ជា​ធរមាន។

សូម​រំលឹក​ថា ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង​ដែល​ត្រូវ​បានសភា​ចិន​អនុម័ត​កាល​ពី​ថ្ងៃ​​ទី​ 30 មិថុនា​ ឆ្នាំ​ 2020​ មិន​ត្រឹមតែ​ទប់ស្កាត់ និង​ដាក់ទោស​លើ​ជន​ដែល​ធ្វើ “សកម្មភាព​ប្រឆាំង” នានា​នោះទេ តែ​ច្បាប់​នេះ​ក៏​រាប់បញ្ចូល​ទាំង​សកម្ម​គំរាមកំហែង​ដល់​សន្តិសុខ​ផងដែរ៕

ប្រភព៖ AFP

Advertisement