អំពើហិង្សា​នៅ​សភា​ជាន់ខ្ពស់​អាមេរិក បណ្ដាលឱ្យ​ប៉ូលិស​ម្នាក់​ស្លាប់! ប៉ុន្តែ អាជ្ញាធរ​បាន​បដិសេធ​ដំណឹង​នេះ

សមត្ថកិច្ច​នៅ​តំបន់ Capitol Hill បានឱ្យដឹងថា ព័ត៌មាន​ដែលថា មាន​មន្ត្រីប៉ូលិស​ម្នាក់​បាន​ស្លាប់​នៅក្នុង​ករណី​ប្រើ​អំពើហិង្សា​នៅ​វិមាន​សភា​អាមេរិក​គឺជា​រឿង​មិន​ពិត។

នៅក្នុង​សេចក្ដីប្រកាស​មួយ​កាលពី​ថ្ងៃទី 7 មករា ប៉ូលិស​ប្រចាំ​តំបន់ Capitol Hill បានឱ្យដឹងថា មន្ត្រីនគរបាល​ជាច្រើនរូប​បាន​រងរបួស និង​ត្រូវបញ្ជូន​ចូល​ពេទ្យ ក្រោយពី​ក្រុមបាតុករ​គាំទ្រ​លោក Trump បាន​បង្កឱ្យមាន​អំពើហិង្សា​នៅ​វិមាន​សភា។ ប៉ុន្តែ បច្ចុប្បន្ន​មិនមាន​មន្ត្រីប៉ូលិស​ណា​ម្នា​ក់បាន​បាត់បង់​ជីវិត​នោះទេ។

មុននេះ ប្រភពព័ត៌មាន​ជាច្រើន​បានឱ្យដឹងថា មន្ត្រីប៉ូលិស​ម្នា​ក់នៅ Capitol Hill បាន​ស្លាប់​ដោយសារ​ក្រុមបាតុករ​បាន​យក​ធុង​ពន្លត់​អគ្គិ​ស​ភ័យ​វាយ​ចំក្បាល។ សារព័ត៌មាន NewsNation បាន​ចុះផ្សាយ​ថា មន្ត្រីប៉ូលិស​ខាងលើ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​បាន​ដក​ឧបករណ៍​ជំនួយ​ដង្ហើម ដោយ​ដឹងថា មន្ត្រី​រូបនេះ​ដាច់ខ្យល់​ទៅហើយ។

សូម​រំលឹកថា មនុស្ស​រាប់រយ​នាក់​ដែលជា​អ្នកគាំទ្រ​របស់​ប្រធានាធិបតី Donald Trump កាលពី​ថ្ងៃទី 6 ខែមករា បាន​បំផ្លាញ​របង​សន្តិសុខ និង​សម្រុកចូល​នៅ​ខាងក្នុង​តំបន់ Capitol Hill នៅពេលដែល​សភា​អាមេរិកាំង​កំពុងបើក​កិច្ចប្រជុំ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត។ ក្រុមបាតុករ​បាន​ប្រឈមមុខ​ដាក់គ្នា​នឹង​ក្រុមប៉ូលិស​ប្រដាប់អាវុធ និង​បាន​វាយបំផ្លាញ​ឧបករណ៍​មួយចំនួន។ ការប៉ះទង្គិច​គ្នា​នេះ​បាន​នាំឱ្យ​កិច្ចប្រជុំ​របស់​សភា​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន ខណៈ​ក្រុមតំណាងរាស្ត្រ​ខ្លះ​នាំគ្នា​រត់​ពូន​យករួចខ្លួន ខ្លះ​ត្រូវបាន​ជម្លៀស​ចេញពី​កន្លែងកើតហេតុ។

ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​នៅ Capitol Hill បាញ់សម្លាប់​នៅនឹងកន្លែង និង 3 នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ក្រោយពី​ការជួយ​សង្គ្រោះបន្ទាន់។ ប៉ូលិស​នៅ Capitol Hill និង​វ៉ា​ស៊ី​ង​តោន​ជាង 50 នាក់ បាន​រងរបួស ក្នុងនោះ​មាន​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​អំពី​អំពើហិង្សា​ខាងលើ ប្រធាន​អធិការដ្ឋាន​នគរបាល​តំបន់ Capitol Hill លោក Steven Sund បាន​ថ្កោលទោស​ក្រុមបាតុករ​ថា បាន​បញ្ចេញ «ភាពកាចសាហាវ» ដាក់​ក្រុមប៉ូលិស​ដែល​កំពុង​ការពារ​វិមាន​សភា និង​ក្រុមមន្ត្រី​អនុវត្ត​ច្បាប់ ដោយ​ពួកគេ​បាន​ប្រើប្រាស់​បំពង់​ដែក ជាតិគីមី និង​អាវុធ​ជាច្រើន​ផ្សេងទៀត។

ក្រុមតំណាងរាស្ត្រ​យល់ថា កងកម្លាំង​សន្តិសុខ​ខ្វះ​ការប្រុងប្រៀប​ឱ្យបាន​ល្អ បើ​ទោះ​កាលពី​ច្រើន​សប្ដាហ៍​កន្លងទៅ លោក Trump បាន​អំពាវនាវ​ឱ្យមាន​បាតុកម្ម​ធំ​មួយ​ដើម្បី​រារាំង​សភា​មិនឱ្យ​ទទួលស្គាល់​ជ័យជំនះ​របស់លោក Joe Biden។

ប៉ុន្តែ លោក Sund បាន​បកស្រាយ​ថា ក្រុមប៉ូលិស​បាន​ត្រៀមកម្លាំង​រួចរាល់​សម្រាប់​បាតុកម្ម​ដែល​បង្ហាញ​អំពី​សេរីភាព​បញ្ចេញមតិ ដោយ​មិនបាន​គិតដល់​ការវាយប្រហារ និង​អំពើហិង្សា​យ៉ាង​ដូច្នេះ។ លោក​ថា នេះ​គឺជា​អំពើហិង្សា​ដែល​មិន​ដូច​ទៅនឹង​ព្រឹត្តិការណ៍​ណាមួយ​ដែល​ខ្លួន​ធ្លាប់បាន​ជួបប្រទះ​នៅក្នុង​រយៈពេល 30 ឆ្នាំ​នៃ​ការចូល​បម្រើ​ការងារ​ក្នុង​វិស័យ​អនុវត្ត​ច្បាប់។

លោក Steven Sund បានប្រកាសថា នឹង​លា​លាំង​ពី​តំណែង​នៅ​ថ្ងៃទី 16 ខែមករា ទៅតាម​ការស្នើ​របស់​ប្រធាន​សភា​​ជាន់​ទាប Nancy Pelosi៕

ប្រភព៖ CNN, Abc27

Advertisement