ផ្ទុះ​ធំ​នៅ​អ៊ីតាលី មន្ទីរពេទ្យ​ព្យាបាល Covid-19 ត្រូវ​ជម្លៀស​អ្នកជំងឺ

«រណ្ដៅ​យក្ស» មួយ​បាន​បង្ហាញខ្លួន​ក្រោយពី​មាន​ករណី​ផ្ទុះ​ដ៏​ធំ​មួយ​នៅក្បែរ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Naples ប្រទេស​អ៊ីតាលី បណ្ដាលឱ្យមាន​ការជម្លៀស​អ្នកជំងឺ Covid-19 ចេញ​ទៅរក​កន្លែង​សុវត្ថិភាព។

រណ្ដៅ​យក្ស​មួយ​ដែលមាន​ទំហំ​ប្រហែល 50ម និង​ជម្រៅ​ប្រហែល 15ម បានបង្ហាញ​ខ្លួនភ្លាមៗនៅក្នុង​ទីលាន​ចត​រថយន្ត​ក្បែរ​មន្ទីរពេទ្យ Ponticelli កាលពី​ថ្ងៃទី 8 មករា បន្ទាប់ពី​មាន​សំឡេង​ផ្ទុះ​មួយ​យ៉ាង​ធំ។ ករណីនេះ​បានធ្វើឱ្យ​រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ «លេប​ត្របាក់» ចូលក្នុង​ដី ប៉ុន្តែ​មិនទាន់មាន​របាយការណ៍​ស្ដីអំពី​ការស្លាប់​នៅឡើយ។

កងកម្លាំង​ជួយសង្គ្រោះ​ត្រូវបាន​បញ្ជូន​ទៅដល់​កន្លែង​កើតហេតុ ខណៈ​ការស៊ើបអង្កេត​រក​មូល​ហេតុ​កំពុង​ចាប់ផ្ដើម។

មន្ទីរពេទ្យ Ponticelli ដែលជា​កន្លែង​ព្យាបាល​អ្នកជំងឺ Covid-19 កំពុង​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន បន្ទាប់ពី​មាន​រណ្ដៅ​យក្ស​នេះ​បង្ហាញខ្លួន។ មន្ទីរពេទ្យ​ក៏ត្រូវ​ប្រើប្រាស់​ម៉ាស៊ីនភ្លើង ដោយសារតែ​ខ្សែភ្លើង​រដ្ឋ​បាន​ដាច់​ក្រោយ​ការផ្ទុះ។

ការិយាល័យ​រដ្ឋអាជ្ញា​នៃ​ទីក្រុង Naples នឹងធ្វើ​ការស្រាវជ្រាវ​លើ​ហេតុការណ៍​នេះ បើ​ទោះ​ពួកគេ​មិនបាន​គិតដល់​សម្មតិកម្ម​ដែលថា​មានការ​វាយប្រហារ​ភេរវកម្ម។ ព័ត៌មាន​ដំបូង​បានឱ្យដឹងថា បំពង់​នាំ​អុកស៊ីសែន​ក្រោម​ដី​របស់​មន្ទីរពេទ្យ​ទំនងជា​បាន​លេច​ធ្លាយ បង្កឱ្យមាន​ការប្រមូល​ផ្ដុំ​ឧស្ម័ន និង​នាំឱ្យមាន​ការផ្ទុះ​នេះ៕

ប្រភព៖ RT

Advertisement