ធ្លាក់​យន្តហោះ​នៅ​ឥណ្ឌូនេស៊ី! អ្នកនេសាទ​ប្រាប់ថា «យន្តហោះ​ដាំ​ក្បាល​ចុះ​លឿន​ដូច​រន្ទះ» មុននឹង​ផ្ទុះ​ខ្ទេចខ្ទី

អ្នកនេសាទ Solihin បាន​រៀបរាប់ថា យន្តហោះ​បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​សមុទ្រ «លឿន​ដូច​រន្ទះ» មុននឹង​ផ្ទុះ​នៅលើ​ផ្ទៃ​ទឹក បង្កើតបានជា​បំណែក​ជាច្រើន ហោះ ខ្ទាត​ចេញ​ពាសពេញ​ផ្ទៃសមុទ្រ។

យន្តហោះ Boeing 737-500 ដែលមាន​ស្លាក​លេខ SJ 182 របស់​ក្រុមហ៊ុន Srivifaya Air ដឹក​អ្នកដំណើរ 62 នាក់ កាលពី​ថ្ងៃទី 9 មករា បាន​ធ្លាក់​នៅក្នុង​លម្ហ​សមុទ្រ Jakarta ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់ពី​ហោះ​ឡើង​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ សារព័ត៌មាន Flightradar24 បានឱ្យដឹងថា យន្តហោះ​បាន​ហោះ​ក្នុង​កម្ពស់ 3,000 ម៉ែត្រ​ក្នុង​រយៈពេល​មិន​ដល់ 1 នាទី​នោះទេ មុននឹង​វា​បាត់​ខ្លួន។ សាក្សី​ជាច្រើន​បាន​ប្រាប់ថា ពួកគេ​បានឮ​សំឡេង​ផ្ទុះ​យ៉ាងតិច​មួយ នៅពេល​យន្តហោះ​ធ្លាក់​ទៅលើ​ផ្ទៃសមុទ្រ។

«យន្តហោះ​បោះពួយ​យ៉ាង​លឿន​ដូច​ផ្លេកបន្ទោរ សំដៅ​មកកាន់​ផ្ទៃសមុទ្រ និង​ផ្ទុះ​ខ្ទេចខ្ទី​នៅក្រោម​ទឹក។ វា​ធ្លា​ក់នៅ​ជិត​ពួក​ខ្ញុំ បំណែក​របស់​យន្តហោះ​ហាក់ដូច​ខ្ទាត​វិះ​ចំ​ទូក​របស់​ពួកយើង» អ្នកនេសាទ Solihin ជា​អ្នក​បានឃើញ​ហេតុការណ៍​ផ្ទាល់ និយាយ​ដូច្នេះ។

មនុស្ស​មួយចំនួន​ដែល​រស់​នៅលើ​កោះ​ក្បែរ​កន្លែង​យន្តហោះ​បាត់​ខ្លួន ឱ្យដឹងថា ពួកគេ​ប្រទះឃើញ​បំណែក​មួយចំនួន​ដែល​សង្ស័យថា​ជា​បំណែក​យន្តហោះ​ដែល​បាន​ធ្លាក់​នេះ រួមមាន​ដូចជា​ខ្សែភ្លើង បន្ទះ​ក្រណាត់​ខោ​ខៅ​ប៊​យ និង​បន្ទះ​លោហធាតុ​មួយចំនួន​នៅលើ​ផ្ទៃ​ទឹក។

ក្រុមមន្ត្រី​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា យន្តហោះ​នេះ​ដឹក​អ្នកដំណើរ​ចំនួន 50 នាក់ រួមមាន​ទាំង​កុមារ​ចំនួន 10 នាក់ និង​អាកាសយានិក​ចំនួន 12 នាក់ បើ​ទោះ​វា​អាច​ផ្ទុក​បាន 130 នាក់​ក៏ដោយ។ ជនរងគ្រោះ​ទាំងនេះ សុទ្ធតែជា​ពលរដ្ឋ​ឥណ្ឌូនេស៊ី។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​អំពី​ជោគវាសនា​របស់​ជនរ​ង​គ្រោះ​ទាំងនេះ​នៅឡើយ។

Sriwijaya Air ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2003 និង​មាន​ទីស្នាក់ការ​នៅ​ទីក្រុង Jakarta ភាគច្រើន​បម្រើសេវា​កម្ម​ក្នុងស្រុក និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន​ដែលមាន​យន្តហោះ​សរុប​ចំនួន 19 គ្រឿង​នេះ មិន​ធ្លាប់បាន​ជួប​គ្រោះថ្នាក់​ណាមួយ​ដែល​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​នោះទេ​ចាប់ពី​ត្រូវបាន​បើក​ដំណើរការ៕

ប្រភព៖ BBC

Advertisement