Kim Jong-un ​បាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​បក្ស​ពលករ​របស់​កូរ៉េខាងជើង

មេដឹកនាំ​កូរ៉េខាង​ជើង លោក​ Kim Jong-un

មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-un ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​អគ្គលេខាធិការ​បក្ស​ពលករ​របស់​កូរ៉េខាងជើង​ដែល​កំពុង​កាន់អំណាច នៅ​មហាសន្និបាត​លើកដំបូង​របស់​បក្ស ក្នុងអំឡុង​ជិត 5 ឆ្នាំ​កន្លងទៅនេះ។

សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង (KCNA) ថ្ងៃនេះ​បានចេញ​ផ្សាយ​ថា លោក Kim បាន​ជាប់ឆ្នោត​ជា​អគ្គលេខាធិការ​ក្រោយ​ការបោះឆ្នោត​ក្នុង​សន្និបាត​របស់​បក្ស​ពលករ​លើក​ទី 8។ KCNA បានឱ្យដឹងថា មហាសន្និបាត​នេះ​ត្រូវបាន​បើក​ពិភាក្សា​ចាប់ពី​ថ្ងៃទី 5 វិច្ឆិកា​នៅ​ទីក្រុង​ព្យុងយ៉ាង និង​កំពុង​បន្ត​ពិភាក្សា ប៉ុន្តែ​មិនបាន​និយាយ​ច្បាស់​ថា​នឹងត្រូវ​បញ្ចប់​នៅពេល​នោះទេ។

ប្អូនស្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់លោក Kim Jong-un គឺ​លោកស្រី Kim Yo-yong លែងមាន​វត្តមាន​នៅក្នុង​បញ្ជី​ឈ្មោះ​សមាជិក​ជំនួស​នៃ​ការិយាល័យ​នយោបាយ​របស់​គណៈកម្មាធិកា​រ​កណ្តាល​នៃ​គណបក្ស​ពលករ​ទៀតហើយ។ មហាសន្និបាត​បក្ស​លើក​មុន ដែលជា​មហាសន្និបាត​ដំបូងបង្អស់​ត្រូវបាន​រៀបចំ​ធ្វើឡើង​ក្រោយ​រយៈពេល 36ឆ្នាំ បាន​ពិភាក្សា​រយៈពេល 4ថ្ងៃ បន្ទាប់ពី​បានចាប់ផ្ដើម​បើក​កាលពី​ថ្ងៃទី 6ឧសភា ឆ្នាំ 2016។

លោក Kim បាន​ក្លាយជា​មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង​ចាប់តាំងពី​ខែធ្នូ ឆ្នាំ 2011 ក្រោយពី​ឪពុក​របស់លោក គឺ​លោក​ប្រធាន​រដ្ឋ Kim Jong-il បានទទួល​មរណភាព។ លោក Kim Jong-un ក៏ត្រូវ​បានជ្រើសរើស​ជា​ប្រធាន​បក្ស​កាលពី​ខែឧសភា ឆ្នាំ 2016 ហើយ​បាន​ស្ដារ និង​កាន់កាប់​តំណែង​ជា​អគ្គលេខាធិការ​ចាប់តាំងពី​ពេលនោះ​ផងដែរ៕

ប្រភព៖ Nikkei

Advertisement