Donald Trump បញ្ជា​ឱ្យ​បង្ហូត​ទង់​ជាតិ​​ពាក់​កណ្ដាល​​ដង​ដើម្បី​រំលឹក​​ដល់​វិញ្ញាណក្ខន្ធ​មន្ត្រីប៉ូលិស​​ដែល​​ទទួល​មរណ​ភាព​​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​នៅ​វិមាន​សភា

នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី 10 ខែមករា ប្រធានាធិបតី​អាមេរិក Donald Trump បានឱ្យដឹងថា ទង្វើ​ខាងលើនេះ​គឺ​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​មន្ត្រីប៉ូលិស​ពីររូប​ដែលមាន​ឈ្មោះថា Brian D. Sicknick និង Howard Liebengood។ ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​សេត​វិមាន និង​នៅតាម​អគារ​រដ្ឋ រហូតដល់​ថ្ងៃទី 13 មករា។

មន្ត្រីប៉ូលិស​ឈ្មោះ Sicknick បាន​ស្លាប់​នៅ​ថ្ងៃទី 7 ខែមករា​កន្លងទៅ បន្ទាប់ពី​ត្រូវបាន​វាយប្រហារ​ដោយ​ក្រុមបាតុករ​នៅ​វិមាន​សភា។ នៅក្នុង​សេចក្ដីប្រកាស​ផ្លូវការ​មួយ ការិយាល័យ​ប៉ូលិស​ប្រចាំ​តំបន់ Capitol Hill បានឱ្យដឹងថា មន្ត្រីប៉ូលិស​ខាងលើនេះ​បាន​រងរបួស​នៅក្នុងពេល​ក្រុមបាតុករ​សម្រុកចូល​វិមាន​សភា និង​បាន​បាត់បង់​ជីវិត​នៅក្នុង​មន្ទីរពេទ្យ។

មន្ត្រី​ប៉ូលិស​ដែល​រង​គ្រោះ​ ឈ្មោះ ​Brian D. Sicknick

ប៉ូលិស​បានឱ្យដឹងថា នឹងធ្វើ​ការស៊ើបអង្កេត​អំពី​ការស្លាប់​របស់​ប៉ូលិស​រងគ្រោះ​នេះ។ ចំណែក មន្ត្រីប៉ូលិស​​ដែល​មាន​ឈ្មោះ​ថា​ Liebengood ត្រូវបាន​ប្រកាសថា បាន​បាត់​បង់ជីវិត​នៅក្នុង​ថ្ងៃទី 10 មករា។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា ការស្លាប់​នេះ​មាន​ជាប់ទាក់ទង​នឹង​អំពើហិង្សា​របស់​ក្រុមបាតុករ​នៅ​វិមាន​សភា​កាលពី​ថ្ងៃទី 6 ខែមករា​ដែរ ឬ​យ៉ាងណា​នៅឡើយ៕

ប្រភព៖ CNN

Advertisement