FBI ព្រមាន​ថា​ «បាតុកម្ម​ប្រដាប់អាវុធ» នៅ​ទូទាំង​សហរដ្ឋអាមេរិក នឹង​អាច​កើត​ឡើង​មុន​ថ្ងៃ​​ចូល​កាន់​តំណែង​របស់​លោក​ Biden

FBI ព្រមាន​ថា​ «បាតុកម្ម​ប្រដាប់អាវុធ» នៅ​ទូទាំង​សហរដ្ឋអាមេរិក នឹង​អាច​កើត​ឡើង​មុន​ថ្ងៃ​​ចូល​កាន់​តំណែង​របស់​លោក​ Biden

FBI ព្រមាន​ថា ផែនការ​បាតុកម្ម​ប្រដាប់អាវុធ​កំពុង​ត្រូវបាន​រៀប ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​អាច​ត្រូវបាន​ធ្វើឡើង​នៅឯ​វិមាន​សភា​របស់​រដ្ឋ​ចំនួន 50 រួម​នឹង​វិមាន​សភាជាតិ​នៃ​សហរដ្ឋអាមេរិក មុន​ថ្ងៃទី 20 មករា 2021។

ផែនការ​បាតុកម្ម​ទាំងនេះ​កំពុង​ត្រូវ​រៀបចំ ហើយនឹង​អាចធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី 16 ខែមករា រហូតដល់​យ៉ាងហោច​ថ្ងៃទី 20 មករា នៅឯ​វិមាន​សភា​របស់​រដ្ឋ​ចំនួន 50 និង​ថ្ងៃទី 17 ខែមករា ដល់​ថ្ងៃទី 20 ខែ​ដដែល​នៅឯ​វិមាន​សភាជាតិ នេះ​បើតាម​ការព្រមាន​ពី FBI ដែល​បានប្រកាស​ឱ្យដឹង​កាលពី​ថ្ងៃទី 11 ខែមករា។ FBIព្រមាន​ថា អាច​នឹងមាន «ការ​ងើប​ប្រឆាំង» បើសិនជា​ប្រធានាធិបតី Donald Trump ត្រូវបាន​ដកហូត​តំណែង​ទៅតាម​ច្បាប់​វិសោធនកម្ម​លើក​ទី 25 មុន​ការចូល​កាន់តំណែង​នៅ​ថ្ងៃទី 20 មករា របស់លោក Joe Biden។

FBI បានឱ្យដឹងថា ចាប់តាំងពី​ថ្ងៃទី 8 មករា ពួកគេ​ទទួលបាន​ព័ត៌មាន​សម្ងាត់​ថា មាន​ក្រុម​មួយ​កំពុង​អំពាវនាវ​ឱ្យធ្វើ​បាតុកម្ម​នៅឯ​វិមាន​តុលាការ និង​ទីស្នាក់ការ​កណ្ដាល​របស់​រដ្ឋបាល​ថ្នាក់​រដ្ឋ រួម​នឹង​ថ្នាក់ជាតិ នៅក្នុង​ករណី​ដែល​ប្រធានាធិបតី Donald Trump ត្រូវបាន​ដកហូត​តំណែង​មុន​ថ្ងៃទី 20 មករា។ ក្រុម​នេះ​ក៏មាន​គម្រោង «បង្ក​ព្យុះ​ភ្លើង» នៅ​តំបន់ Capitol Hill និង​នៅតាម​វិមាន​សភា​ទាំង 50 រដ្ឋ​ផងដែរ។

បច្ចុប្បន្ន FBI កំពុងតែ​តាមដាន​ព័ត៌មាន​អំពី «ប្រភព​នៃ​ការគំរាមកំហែង» ជាច្រើន​ផ្សេងទៀត នៅមុន​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden រួមទាំង​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត លោកស្រី Kamala Harris និង​ប្រធានសភា​ជាន់​ទាប លោកស្រី Nancy Pelosi៕

ប្រភព៖ CNN

Advertisement