ក្រុមប៉ូលិស​ដែល​ជាប់​សង្ស័យថា បាន​ដឹកនាំ​បាតុករ សម្រុកចូល​គ្រប់គ្រង​វិមាន​សភា​អាមេរិក​នៅ Capitol Hill កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​

មន្ត្រី​ប៉ូលិស​ប្រចាំ​វិមាន​សភា​អាមេរិក​ កំពុង​ថត​សែល​ហ្វី​ជាមួយ​នឹង​បាតុករ

មន្ត្រីប៉ូលិស​ចំនួន​ពីរ​នាក់ ត្រូវបាន​ផ្អាក​ពីមុខ​តំណែង និង​យ៉ាងតិច 10 នាក់​ទៀត​ត្រូវបាន​ស៊ើបអង្កេត​ទាក់ទង​នឹង​ព្រឹត្តិការណ៍​បាតុករ​សម្រុកចូល​គ្រប់គ្រង និង​ប្រើ​ហិង្សា​នៅក្នុង​វិមាន​សភា​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី 6មករា។

ម្នាក់​ក្នុងចំណោម​មន្ត្រីប៉ូលិស​ពីររូប​ដែល​ប្រចាំការ​នៅ​វិមាន​សភាជាតិ​អាមេរិក បាន​ថតរូប​សែ​ល​ហ្វី​ជាមួយនឹង​បាតុករ​ម្នាក់​ដែល​ចូលរួម​ធ្វើបាតុកម្ម​នៅ​វិមាន​សភា ខណៈ​មន្ត្រីប៉ូលិស​ម្នាក់ទៀត ពាក់មួក​ដែលមាន​អក្សរ​ថា «ធ្វើឱ្យ​អាមេរិក​មហស្ចារ្យ​ឡើងវិញ» និង​ដឹកនាំ​ក្រុមបាតុករ​នៅ​ជុំវិញ​វិមាន​សភា​នៅ Capitol Hill។ នេះ​បើតាម​សម្ដី​របស់​តំណាងរាស្ត្រ​សភា​ជាន់​ទាប Tim Ryan ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 11 ខែវិច្ឆិកា។

លោក Ryan និយាយថា មន្ត្រីប៉ូលិស​ប្រមាណ​ពី 10 ទៅ 15 នាក់ កំពុង​ត្រូវបាន​ស៊ើបអង្កេត ដោយសារតែ​ទង្វើ​របស់​ពួកគេ​នៅក្នុង​ព្រឹត្តិការណ៍​បាតុកម្មហិង្សា​កាលពី​ថ្ងៃទី 6 មករា ប៉ុន្តែ​មិនបាន​បញ្ជាក់​អំពី​តួលេខ និង​មូលហេតុ​ជាក់លាក់​នោះទេ។ Ryan បន្តថា មន្ត្រីប៉ូលិស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​ក្រោយមក អ្នកនាំពាក្យ​របស់លោក​បញ្ជាក់ថា លោក Ryan ច្រឡំ និង​ថា មិនទាន់មាន​មន្ត្រីប៉ូលិស​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ។ ចំណែក​ជំនួយការ​ម្នាក់​នៅ​សភា​ជាន់​ទាប បានឱ្យដឹងថា មន្ត្រីប៉ូលិស​ដល់​ទៅ 17 នាក់ ត្រូវបាន​ស៊ើបអង្កេត។

ក្រុមមន្ត្រី​អាមេរិក​ឱ្យដឹងថា ការស៊ើបអង្កេត​លើ​ទំនាក់ទំនង​រវាង​ក្រុមបាតុករ​ហិង្សា និង​សមាជិក​នៃ​ស្ថាប័ន​អនុវត្ត​​ច្បាប់​គឺជា​រឿង​អាទិភាព ដោយសារ​ថា សមត្ថភាព​ក្នុងការ​បំពេញភារកិច្ច​ដែល​ក្រុមមន្ត្រី​ទាំងនេះ​ទទួលបាន​ក្នុងការ​បណ្ដុះបណ្ដាល អាចជួយ​ផ្ដល់​ផលប្រយោជន៍​ដល់​ក្រុម​ជ្រុលនិយម។

សូម​រំលឹកថា ព្រឹត្តិការណ៍​បាតុករ​ហិង្សា​សម្រុកចូល​គ្រប់គ្រង​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី 6 ខែមករា បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 5 នាក់​បាត់​បង់ជីវិត និង​មាន​មន្ត្រីប៉ូលិស​ប្រចាំ​វិមាន​សភាជាតិ និង បុគ្គលិក​អនុវត្ត​ច្បាប់​ប្រចាំ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន​ជាង 50 នាក់ បាន​រងរបួស ក្នុងនោះ​មាន​អ្នកខ្លះ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ៕

ប្រភព៖ CNN

Advertisement