ផ្ទុះ​អណ្ដូងរ៉ែ​មាស​នៅ​ប្រទេស​ចិន! កម្មករ 22 នាក់​ជាប់​នៅក្រោម​ដី

នៅ​ព្រលប់​ថ្ងៃទី 11 ខែមករា មន្ត្រី​នៃ​ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន បានឱ្យដឹងថា មានការ​ផ្ទុះ​មួយ​បានកើត​ឡើង​នៅ​អណ្ដូងរ៉ែ​មាស​ដែល​កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​ខេត្ត​នេះ បណ្ដាលឱ្យ​បុគ្គលិក​ចំនួន 20 នាក់​ត្រូវ​ជាប់​នៅក្រោម​ដី។

គ្រោះថ្នាក់​ការងារ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង 14 ថ្ងៃទី 10 ខែមករា នៅឯ​អណ្ដូងរ៉ែ​មាស​ក្នុង​ទីរួមស្រុក Xicheng ក្រុង Yantai ខេត្ត Shandong។ ក្រុមមន្ត្រី​ចិន​បាន​បញ្ជូន​កម្លាំង​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ជួយសង្គ្រោះ។ ប៉ុន្តែ ការផ្ទុះ​នេះ​បាន​បំផ្លាញ​ជណ្ដើរ​សង្គ្រោះបន្ទាន់ ក៏ដូចជា​ប្រព័ន្ធ​ទាក់ទង​ខាងក្នុង​អណ្ដូង ទើប​ក្រុម​នៅ​លើដី​មិនអាច​ទាក់ទង​ទៅកាន់​ជនរងគ្រោះ​នៅក្រោម​ដី​បាន។ បច្ចុប្បន្ន អាជ្ញាធរ​កំពុង​បញ្ជូន​កម្លាំង​ជំនួយ​បន្ថែម​ទៅកាន់​កន្លែងកើតហេតុ។

អណ្ដូងរ៉ែ​មាស​ខាងលើ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​វិនិយោគ Shandong Wucailong Investment Co. Ltd ដែលមាន​ទំនាក់ទំនង​នឹង Zhaojin ដែលជា​ក្រុមហ៊ុន​រុករក​រ៉ែ​មាសធំ​ជាងគេ​លំដាប់​ទី​បួន​នៅ​ប្រទេស​ចិន។

គ្រោះ​ថ្នាក់នៅ​ក្នុង​អណ្ដូង​រ៉ែ​នៅ​ប្រទេស​ចិន​ កើត​ឡើង​ជា​ញឹក​ញាប់​

ករណី​គ្រោះថ្នាក់​នៅឯ​អណ្ដូងរ៉ែ កើត​ឡើងជា​ញឹកញាប់​នៅ​ប្រទេស​ចិន ដោយសារតែ​លក្ខខណ្ឌ​ការងារ​ផ្នែក​ពលកម្ម​នៅមានកម្រិត។ គ្រោះថ្នាក់​អណ្ដូងរ៉ែ​ចុងក្រោយ​នៅ​ប្រទេស​ចិន បាន​កើតឡើង​កាលពី​ខែធ្នូ ឆ្នាំ 2020 នៅក្នុង​ទីក្រុង Chongqing ភាគ​និរតី​ប្រទេស​ចិន បណ្ដាលឱ្យ​កម្មករ​ដែល​ជាប់​ក្រោម​ដី​ចំនួន 23 នាក់​ត្រូវ​បាត់បង់​ជីវិត៕

ប្រភព៖ RT

Advertisement