សុនក​របស់ Joe Biden នឹងមាន «ពិធី​ស្បថ​ចូលកាន់​តំណែង» ដោយ​​ឡែក

លោក Biden និង​ Major

Major ជា​សុនក​ដែល​ត្រូវបាន​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden ទទួល​យកមក​ចិញ្ចឹម​ពី​ក្រុម​អ្នក​ជួយសង្គ្រោះ​សត្វ នឹងមាន​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា «សុនក​ទីមួយ» ដោយមាន​ការផ្សាយ​ផ្ទាល់​ទៀតផង។

អង្គការ​មនុស្សធម៌ Delaware (DHA) ដែលជា​អ្នក​បាន​ជួយសង្គ្រោះ Major មុនពេល​ត្រូវបាន​គ្រួសារ​របស់លោក Biden ទទួល​យកទៅ​ចិញ្ចឹម​កាលពី​ឆ្នាំ 2018 បានប្រកាស​កាលពី​ថ្ងៃទី 10 ខែមករា​ថា នឹង​សហការ​ជាមួយ​មូលនិធិ​សង្គ្រោះ​សត្វ Pumpkin ប្រារព្ធ «ពិធី​ឡើងកាន់តំណែង» នៅ​ថ្ងៃទី 17 មករា ឱ្យ​សុនក​ដំបូង​របស់​សេត​វិមាន​ដែល​មកពី​ប​ណ្ឌ​ល​សង្គ្រោះ​សត្វ​អនាថា។

«ពិធី​ទទួល​តំណែង​ជា​សុនក​ទីមួយ» ដែល​នឹង​ត្រូវបាន​ដឹកនាំ​ធ្វើឡើង​ដោយ​អ្នកកាសែត Jill Martin មកពី​អង្គភាព NBC នៅមុន​ការស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden រយៈពេល 3 ថ្ងៃនេះ ក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​តាម​កម្មវិធី Zoom ផងដែរ។ គ្រប់គ្នា​ត្រូវ​បង់​វិភាគទាន​យ៉ាងតិច 10 ដុល្លារ​ដើម្បី​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ។ ខ្ទង់​ប្រាក់​ដែល​រៃអង្គាស​បាន​នឹងត្រូវ​បាន​វេរ​ទៅកាន់ DHA ដើម្បី​បន្តសកម្មភាព​ការពារ​សត្វ។

លោក​ស្រី Jill Biden ជាមួយ​នឹង​សុនក Major (ឆ្វេង) និង​ Champ

ក្រៅពី Major គ្រួសារ​របស់លោក Biden ក៏​នៅមាន​សុនក ប៊ែកហ្សេ​អាល្លឺម៉ង់ (German Shepherd) មួយ​ក្បាល​ផ្សេងទៀត​ដែលមាន​ឈ្មោះថា Champ ប៉ុន្តែ Major ទទួលបាន​ចំណាប់អារម្មណ៍​ច្រើនជាង ដោយសារ​តែមាន​ប្រវត្តិ​ជា​សុនក​អនាថា។

បន្ទាប់ពី Biden បាន​ឡើងកាន់​អំណាច Major និង Champ នឹង​ក្លាយជា​សុនក​ដំបូង​គេ​ដែល​បង្ហាញខ្លួន​នៅ​សេត​វិមាន ក្រោយ​អវត្តមាន​សុនក​អស់​រយៈពេល 4 ឆ្នាំ ព្រោះតែ​លោក Trump មិនបាន​ចិញ្ចឹមសត្វ​អ្វីមួយ​នៅ​សេត​វិមាន៕

ប្រភព៖ CNN

Advertisement