អតីតមន្ត្រី​យោធា​ដែល​ធ្វើឱ្យ​កក្រើក​តំបន់ Capitol Hill ត្រូវ​អតីត​ភរិយា​ធ្វើ​ឱ្យចេញ​សារភាព

អតីត​វរសេនីយ៍ទោ​នៃ​ទ័ពអាកាស ឈ្មោះ Larry Rendell Brock ដែល​បាន​ចូលរួម​ក្នុងការ​សម្រុក​ចូលកាន់​កាប់​វិមាន​សភា​នៅ Capitol Hill បាន​ចេញមុខ​សារភាព​កំហុស ក្រោយពី​ត្រូវ​អតីត​ភរិយា «បង្ហាញផ្លូវ» ដល់ FBI។

ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​អាមេរិក (FBI) នៅ​ចុង​សប្ដាហ៍​មុន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ផ្ដល់ព័ត៌មាន​អំពី​ក្រុមមនុស្ស​ជ្រុលនិយម​ដែល​បាន​ប្រើ​អំពើហិង្សា​នៅ Capitol Hill កាលពី​ថ្ងៃទី 6 មករា ដោយយោង​ទៅតាម​រូបភាព​ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្ដាញ​សង្គម។

ស្ត្រី​ម្នាក់ ក្រោយមក​ក៏បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​ជាតិ​របស់ FBI និង​បាន​ចោទប្រកាន់​អតីត​ស្វាមី​ឈ្មោះ Larry Rendell Brock រស់នៅក្នុង​ទីក្រុង Grapevine នៃ​រដ្ឋ Texas ថា​ជា​បុរស​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ទាហាន និង​កាន់​ខ្សែ​ចង​ប្រភេទ​រឹត​មួយ​ដុំ​ក្នុង​ដៃ​នៅពេល​ស្ថិតក្នុង​អគារ​សភាជាតិ។

«ពេល​បានឃើញ​ករណី​ហិង្សា ខ្ញុំ​ព្រួយបារម្ភ​ថា​គាត់​នឹង​នៅ​ទីនោះ។ ខ្ញុំ​ដឹង​ច្បាស់​ថា​គាត់​នៅ​ទីនោះ។ នោះ​គឺជា​រូបថត​ច្បាស់ ហើយ​ខ្ញុំ​ស្គាល់​រូប​សញ្ញា​នៅលើ​ខ្លួន​គាត់» ស្ត្រី​ជា​អតីត​ភរិយា​ដែល​បានរស់នៅ 18 ឆ្នាំ​ជាមួយនឹង Brock បាន​ប្រាប់​បុគ្គលិក FBI។

ក្រោយពេល​ត្រូវបាន​ចោទប្រកាន់ ថ្ងៃទី 10 មករា Brock ក៏បាន​ទៅកាន់​ទីស្នាក់ការ FBI ដើម្បី​សារភាព។ អតីត​វរសេនីយ៍ទោ​នៃ​ទ័ពអាកាស​អាមេរិក​ដែលមាន​អាយុ 53 ឆ្នាំ​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ចូល​អគារ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ រំលោភ​ចូល​ដោយ​ប្រើ​អំពើហិង្សា និង​បង្ក​អស្ថេរភាព។

FBI បាន​រកឃើញថា Brock បាន​ចូលក្នុង​សាលប្រជុំ​របស់​សភា​ជាន់​ទាប និង​នៅ​ខាងក្រៅ​ការិយាល័យ​របស់​ប្រធានសភា Nancy Pelosi។

Larry Rendell Brock

Brock បានទទួល​ស្គាល់​កំហុស​របស់ខ្លួន។ «ប្រធានាធិបតី​បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​បង្ហាញ​វត្តមាន ហើយ​ខ្ញុំ​ក៏បាន​ចូលរួម ខ្ញុំ​គិតថា ប្រការនេះ​ពិតជា​មាន​សារសំខាន់ ព្រោះ​ខ្ញុំ​ស្រលាញ់​ទឹកដី​នេះ​ខ្លាំងណាស់ ហើយ​ខ្ញុំ​ក៏មាន​វត្ត​មាននៅ​ទីនោះ» Brock បាន​ប្រាប់​សារព័ត៌មាន New Yorker ដូច្នេះ។

សូម​រំលឹកថា ក្រុមបាតុករ​ដែល​គាំទ្រ​លោក Trump បាន​សម្រុកចូល​កាន់កា​ប់​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី 6 ខែមករា ក្នុងពេលដែល​ក្រុមតំណាងរាស្ត្រ​កំពុង​ប្រជុំ​ដើម្បី​ពិចារណា​លើ​ការទទួលស្គាល់​លទ្ធផល​បោះឆ្នោត។ ការរំលោភ​ចូល​នេះ បាន​នាំឱ្យមាន​អំពើហិង្សា​កើតឡើង និង​បានសម្លាប់​មនុស្ស​យ៉ាងតិច 5 នាក់។ អាជ្ញាធរ​បាន​ចាប់ខ្លួន​បាតុករ​មួយចំនួន​ដែល​បាន​ចូលរួម​ប្រើ​ហិង្សា និង​កំពុង​ស៊ើបអង្កេត​លើ​ក្រុមមន្ត្រី​ប៉ូលិស​ជាច្រើន​នាក់​ដែល​ប្រចាំការ​នៅ​វិមាន​សភា ដោយ​សង្ស័យថា បាន​គាំទ្រ​ដល់​ក្រុមបាតុករ៕

ប្រភព៖ Fox News

Advertisement